អាហ្វ្រិកខាងត្បូងហាមលក់គ្រឿងស្រវឹងនិងដាក់ចេញបម្រាមគោចរពេលយប់ម្តងទៀត ដោយសារកើនឡើងកូវីដសាជាថ្មី

146
ចែករម្លែក

អាហ្រ្វិកខាងត្បូងបានហាមឃាត់ការលក់គ្រឿងស្រវឹងម្តងទៀតហើយនឹងដាក់បម្រាមគោចរពេលយប់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក ស៊ីរីល រ៉ាម៉ាហ្វូសា បាននិយាយថាប្រទេសនេះនឹងវិលត្រឡប់ទៅរកការហាមឃាត់ការលក់គ្រឿងស្រវឹងដើម្បីកាត់បន្ថយបរិមាណអ្នកជំងឺដែលរងរបួសទាក់ទងនឹងគ្រឿងស្រវឹងដូច្នេះមន្ទីរពេទ្យមានគ្រែច្រើនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

ប្រឈមមុខនឹងការដឹកចូលមន្ទីរពេទ្យយ៉ាងឆាប់រហ័សដោយសារតែវីរុសកូរ៉ូណា អាហ្រ្វិកខាងត្បូងក៏នឹងដាក់ចេញបម្រាមគោចរពេលយប់ផងដែរដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងតម្រូវឱ្យប្រជាជនទាំងអស់ពាក់ម៉ាស់ពេលនៅទីសាធារណៈ។

ចំណាត់ការនេះកើតឡើងបន្ទាប់ពីការហាមឃាត់រយៈពេលពីរខែលើការលក់គ្រឿងស្រវឹងត្រូវបានដកចេញនៅថ្ងៃទី ១ ខែមិថុនា ដោយជំរុញឱ្យប្រជាជនជាច្រើននាំគ្នាតម្រង់ជួរចាំទិញនៅខាងក្រៅហាងលក់ស្រាទូទាំងប្រទេស។

មុនពេលមានជំងឺឆ្លងរាលដាល ស្រាគឺជាមូលហេតុនៃការចូលមន្ទីរពេទ្យ ៤០ ភាគរយនៅអាហ្វ្រិកខាងត្បូងដោយមានករណីរបួសពីគ្រោះថ្នាក់ចរាចរចំនួន ៣៤.០០០ ករណីត្រូវឆ្លងកាត់ផ្នែកសង្គ្រោះបន្ទាន់ក្នុងសប្តាហ៍ធម្មតានីមួយៗ។

ប្រទេសអាហ្វ្រិកខាងត្បូងបានរាយការណ៍ការកើនឡើងករណីកូវីដជាង ១០.០០០ សម្រាប់រយៈពេលច្រើនថ្ងៃមកនេះ ហើយចំនួនឆ្លងប្រចាំថ្ងៃចុងក្រោយនេះគឺជិត ១២.៥០០ ករណី។

អាហ្វ្រិកខាងត្បូងមានករណីឆ្លង ៤០ ភាគរយនៃករណីឆ្លងទូទាំងទ្វីបអាហ្វ្រិក ជាមួយករណីឆ្លង ២៦៤.១៨៤ នាក់ និងស្លាប់ ៣.៩៧១ នាក់ នេះយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺអាហ្វ្រិកកាលពីថ្ងៃអាទិត្យ៕ ដោយ៖ កញ្ញាដាលីស

គ្រឿងស្រវឹងត្រូវបានហាមឃាត់ម្តងទៀតនៅអាហ្វ្រិកខាងត្បូង