ចិន​រាយការណ៍​ថា​មនុស្ស​១៤១​នាក់​ស្លាប់​ដោយសារ​ទឹកជំនន់ ចាប់តាំងពី​ខែ​មិថុនា​មក​

197
ចែករម្លែក

​មាន​ភ្លៀង​ខ្លាំង​បំផុត​ជា​លើក​ទី​២​នៅ​តំបន់​ទន្លេ​យ៉ាង​សេ ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មក​នេះ ខណៈ​ដែល​ទឹកជំនន់​ដែល​សម្លាប់​មនុស្ស​ច្រើន​នាក់​កើត​ឡើង​នៅ​តំបន់​ជាច្រើន​នៅ​ប្រទេស​ចិន​។​

​ផ្ទះ​ប្រហែល ២៨.០០០ ខ្នង​ត្រូវបាន​ខូចខាត​ហើយ​មនុស្ស​១៤១ នាក់​បាន​ស្លាប់​ឬ​កំពុង​បាត់​ខ្លួន​ដោយសារ​ទឹកជំនន់​ចាប់តាំងពី​ខែ​មុន​មក​។​

​លោក ហ្សេ​ង ហ្គោ​ហ្គួង អនុ​រដ្ឋមន្ត្រីក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​បាន​និយាយថា ស្ទើរតែ​ទាំងអស់​នៃ​ប្រទេស​ចិនដីគោក​បាន​រង​ផលប៉ះពាល់ ដោយ​លើកលែង​តែ​តំបន់​ខាងលិច​ឆ្ងាយៗ ដូចជា​តំបន់​ទី​បេតិ៍​​និង​ស៊ីន​ជាំ​ង​។​

​លោក​បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ទន្លេ​យ៉ាង​សេ​ដែល​ជា​ទន្លេ​វែង​ជាង​គេ​នៅ​អាស៊ី​និង​ផ្នែក​ខ្លះ​នៃ​តំបន់​ខ្ពស់ៗ​នៃ​ទន្លេ​នេះ​បាន​ទទួល​ទឹកភ្លៀង​ខ្លាំង​បំផុត​ជា​លើក​ទី​២​ក្នុង​រយៈពេល​៦​ខែ​កន្លង​​មកនេះ ធៀប​នឹង​ការ​ធ្លាក់ភ្លៀង​ចាប់តាំងពី​ឆ្នាំ​១៩៦១​។​

​ការខូចខាត​ត្រូវបាន​ប៉ាន់​ប្រមាណ​អស់​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ដោយ​បន្ថែម​ការលំបាក​ថែម​ទៀត​លើ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ពី​ជំងឺ​កូវី​ដ​១៩​ដែល​រាប់បញ្ចូល​ទាំង​ការបិទ​ប្រទេស​ប្រឆាំង​​ជំងឺ​នេះ​និង​ការបាត់បង់​ទីផ្សារ​បរទេស​។​

​ខេត្ត​ហ៊ូ​ប៉ី​ដែល​ទន្លេ​នេះ​ហូរ​កាត់​ស្ថិត​នៅក្រោម​ការគំរាមកំហែង​ខ្លាំង​។ ទីក្រុង​វ៉ូ​ហាន​នៃ​ខេត្ត​នេះ​ជា​ចំណុច​ដើមដំបូង​នៃ​ការផ្ទុះ​វីរុស​នៅ​ប្រទេស​ចិន​ដែល​មាន​ការទប់ស្កាត់​យ៉ាង​ខ្លាំងក្លា​។

​លោក ហ្សេ​ង ហ្គោ​ហ្គួង​បាន​និយាយ​ថា​ទឹកជំនន់​បាន​ជន់​លិច​ទីប្រជុំជន​នានា​នៅ​ទូទាំង​តំបន់​ភាគ​ខាងត្បូង​និង​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​ហើយ​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បង្កើន​ការ​ខំប្រឹងប្រែង​​និង​ជីក​ប្រឡាយ​រំដោះ​ទឹក​ឱ្យ​ហូរ​ចេញ​។ ទឹក​ជំនន់​នៅ​តាម​ទន្លេ​ចំនួន​៤៣៣ បាន​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន​ហើយ​ទឹកទន្លេ​ចំនួន ៣៣​ក្នុងចំណោម​ទន្លេ​ទាំងនេះ បាន​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត​៕ ប្រែ​​សម្រួល​៖​សុខា​/sn

បុរស​នេះ ចែក​ទូក​ខ្យល់​កាត់​ទឹក​ជំនន់​ជិត​រថយន្ត​លិច​ក្នុង​ទឹក​នៅ​ខណ្ឌ​រ៉ុង​ស៊ូ​យ ក្នុង​តំបន់​ស្វយ័ត ហ្កាង​ស៊ី ហ្សួង​កាលពី​ថ្ងៃ​១១​កក្កដា​

​បុគ្គលិក​យោធា​បង្កើតជា​ខ្សែ​ដើម្បី​នាំ​បាវ​ខ្សាច់​ទប់​ទំនប់​នៅ​បឹង​ប៉ូ​យ៉ាង​ក្នុង​ខេត្ត​ជាំ​ង​ស៊ី កាលពី​ថ្ងៃ​១២​កក្កដា​