គ្រឹះស្ថានបណ្តុះបណ្តាលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងលើកកម្ពស់ធនធានមនុ ស្ស

77
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិតជាបានដើរតួនាទីសំខាន់ណាស់ និងជាដៃគូមិនអាចខ្វះបានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស ដែលរហូតមកដល់ពេលនេះ មានធនធានមនុស្សជាច្រើន បានកើតចេញពីវិទ្យាស្ថានក្នុងប្រទេសកម្ពុជា ។នេះជាការលើកឡើងរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត ហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ដែលដឹកនាំដោយ លោក ណុប នរិន្ទ ជាប្រធាននាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះលោករដ្ឋមន្រ្តីក្រសួងការងារសន្យាថានឹងរកពេលវេលាណាមួយសមរម្យ ដើម្បីចុះជួបផ្តល់កម្លាំងចិត្តដោយផ្ទាល់ដល់វិទ្យាស្ថានទាំងអស់ ដែលបានកំពុងតែបិទសាលាបណ្តុះបណ្តាលរបស់ខ្លួនមួយរយៈកន្លងមកនេះ ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោកថាគ្រឹះស្ថានគ្រឹះស្ថានបណ្តុះបណ្តាលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ធនធានមនុស្សដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងចូលរួមលើកស្ទូយទាំងអស់គ្នា។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថានាពេលបច្ចុប្បន្ន អ្វីដែលអាចធ្វើឱ្យវិទ្យាស្ថានអាចទៅមុខបានអាស្រ័យទៅលើស្ថានភាពនៃកូវីដ១៩នេះ ថាតើបានធូរស្រាលកម្រិតណា ព្រោះបច្ចុប្បន្នវាកំពុងតែវាយលុកបណ្តាប្រទេសជាច្រើន ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យមានបញ្ហាប្រឈមលើទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍។ 

ទាក់ទិនទៅនឹងជំងឺកូវីដ១៩នេះដែរលោករដ្ឋមន្រ្តី បានរំលឹកថា កន្លងមកនេះ រាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានយ៉ាងល្អប្រសើរ គឺមិនមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយសារបញ្ហានេះនៅឡើយទេ គឺអ្នកជំងឺទាំងអស់បានហូរចូលពីបរទេស ហើយក្រសួងសុខាភិបាលយើង បានគ្រប់គ្រងបានយ៉ាងល្អ បើទោះជាពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្តី។

លោក អ៊ិត សំហេង បានលើកឡើងដោយបង្ហាញថា” សុំការយោគយល់ពីស្ថាបនិកទាំងអស់នៃសាលា-វិទ្យាស្ថាន ក៏ដូចជាគ្រឹះស្ថានសិក្សានានា ដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកនាពេលនេះ ដើម្បីបញ្ចៀសពីការចម្លងនៅក្នុងសហគមន៍របស់យើង ប៉ុន្តែយ៉ាងណាសម្រាប់វិស័យអប់រំ យើងបានបើកជា៣ដំណាក់កាល ដំណាក់កាលទីមួយ គឺបើកសាលាណាដែលមានសុវត្ថិភាព អនាម័យខ្ពស់ រួមមានកូនមន្រ្តីទូត កូនអ្នកជំនួញ រឺអ្នកវិនិយោគ  បានរៀនសូត្រនៅកម្ពុជា ហើយក៏កំពុងពិនិត្យលទ្ធភាព បើកជំហានទី២ និងទី៣ជាបន្តបន្ទាប់ ជាពិសេសក៏កំពុងពិនិត្យលទ្ធភាពបើករោងជាងជាមុនសិន ដែលយើងបានកំពុងធ្វើការស្នើសុំ រង់ចាំការសម្រេចពីរាជរដ្ឋាភិបាល”។

លោករដ្ឋមន្រ្តីបានបន្តឱ្យដឹងថានឹងលើកយកសំណើរ របស់សមាជិកនៃសមាគម ហើយលោកនឹងដាក់ស្នើបន្តទៅសុំការសម្រេចពីរាជរដ្ឋាភិបាល ប៉ុន្តែបើសិនជាមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គឺត្រូវតែធានាឱ្យបាននូវលក្ខខណ្ឌអនាម័យខ្ពស់ ហើយបង្កើតឲ្យមានក្រុមការងារចុះអង្កេតគ្រប់សាលាទាំងរដ្ឋ និងឯកជន បើរកឃើញថា មិនបានអនុវត្តតាមគោលការណែនាំបានល្អទេ នឹងត្រូវផ្អាកវិញជាបន្ទាន់។

យ៉ាងណាក្តីលោករដ្ឋមន្រ្តីបានបន្តឱ្យដឹងថាតាមអ្វីដែលអាចមានលទ្ធភាពក្នុងការបង្រៀន ត្រូវគិតពីគុណភាព ទោះបីជារៀនតាមអនឡាញ ត្រូវមានការរៀបចំការប្រលងនៅក្នុងថ្នាក់ ត្រូវមានការទទួលស្គាល់ និងចេញសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ៕dp