ប្រទេស៣នឹងបញ្ជូនយានទៅភពព្រះអង្គារ

303
ចែករម្លែក

លើកនេះ ភពព្រះអង្គារជិតត្រូវលុកលុយដោយភពផែនដីមែនទែនហើយ។

ប្រទេសចំនួន ៣ គឺសហរដ្ឋអាម៉េរិកចិននិងអារ៉ាប់រួមអេមីរ៉ាតនឹងបញ្ជូនយានអវកាសគ្មានមនុស្សបើកទៅកាន់ភពក្រហមមួយនេះជាបន្តបន្ទាប់នៅដើមសប្តាហ៍នេះក្នុងកិច្ចប្រឹងប្រែងស្វែងរកសញ្ញានៃជីវិតមីក្រុបបុរាណ ខណៈកំពុងស្វែងរកកន្លែងសម្រាប់អវកាសយានិកបោះទីតាំងនាពេលអនាគត។

សម្រាប់សហរដ្ឋអាម៉េរិកគឺនឹងបញ្ជូនយានកង់៦ទំហំប៉ុនឡាន ដែលមានឈ្មោះថា Perseverance ដើម្បីប្រមូលសំណាកថ្ម ដែលនឹងត្រូវនាំយកមកផែនដីវិញសម្រាប់ការវិភាគក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ទៀត។

យានអវកាសរបស់ប្រទេសនីមួយៗនឹងធ្វើដំណើរចម្ងាយជាង ៤៨៣ លានគីឡូម៉ែត្រ មុនពេលទៅដល់ភពព្រះអង្គារនៅខែកុម្ភៈឆ្នាំក្រោយ។ វាត្រូវចំណាយពេលពី ៦ ទៅ ៧ ខែសម្រាប់យានអវកាសមួយធ្វើដំណើរទៅឆ្ងាយពីគន្លងផែនដីនិងធ្វើសមកាលកម្មជាមួយគន្លងឆ្ងាយរបស់ភពអង្គារជុំវិញព្រះអាទិត្យ។

អ្នកវិទ្យាសាស្ត្រចង់ដឹងថាតើភពព្រះអង្គារមានសភាពដូចអ្វីកាលពីរាប់ពាន់លានឆ្នាំមុននៅពេលដែលវានៅមានទន្លេបឹងនិងមហាសមុទ្រដែលអាចឱ្យសារពាង្គកាយតូចល្អិតលូតលាស់ មុនពេលភពនេះបានហួតហែងក្លាយជាវាលខ្សាច់គ្មានមនុស្សរស់នៅ៕ ដោយ៖ កញ្ញាដាលីស

យានអវកាសរបស់សហរដ្ឋអាម៉េរិកចិននិងអារ៉ាប់រួមអេមីរ៉ាតត្រូវបានបញ្ជូនទៅភពព្រះអង្គារ