កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗក្នុងស្រុកក្រឡាញ់

81
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ កូនឈើចម្រុះជាង៥ពាន់ដើមដែលទទួលបានការជួយឧបត្ថម្ភពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើក្រឡាញ់ ត្រូវបានរដ្ឋបាលស្រុកក្រឡាញ់ រៀបចំដាំតាមដងផ្លូវសំខាន់ៗក្នុងស្រុក ចំនួន៤គោលដៅ សរុបប្រវែងផ្លូវទាំងអស់ជាង២០គីឡូម៉ែត្រ។

ពិធីដាំកូនឈើបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់។

លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បាននិយាយថា តាមរយៈការបើកយុទ្ឋនាការ ដាំដើមឈើចំនួន៥៥០០ដើម ក្រោមប្រធានបទ ( ក្រឡាញ់ស្រុកខ្ញុំពណ៌បៃតង) ដែលកូនឈើចម្រុះរួមមាន ប្រភេទកូនដើមក្ងោក , ដើមលឿងរាជ , ដើមឥន្ទនេល , ដើមរាំង និង ដើមឈើទាល ចំនួន៥ពាន់៥០០ដើម ដែលទទួលបានការជួយឧបត្ថម្ភ​ពី​អាជ្ញា​ធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើក្រឡាញ់ ត្រូវបានរដ្ឋបាលស្រុកក្រឡាញ់ រៀបចំដាំតាមដងផ្លូវសំខាន់ៗក្នុងស្រុក ចំនួន៤គោលដៅ សរុបប្រវែងផ្លូវទាំងអស់ជាង២០គីឡូម៉ែត្រ។

លោកស្រី ម៉ននី រង្សី បានបន្តថា យុទ្ឋនាការដាំកូនឈើនេះ ជាយុទ្ឋនាការលើកដំបូង អាចនិយាយបានថាជាដំណាក់កាលទី១ ដែលរដ្ឋបាលស្រុកបានរៀបចំឡើងដើម្បីដាំឈើនៅតាមដងផ្លូវចំនួន៤ខ្សែ និងដាំព្រៃលិចទឹកនៅឃុំស្រណាលនិងឃុំសំបួរ ហើយសម្រាប់ដំណាក់កាលទី២ នឹងធ្វើឡើងនៅឆ្នាំ២០២១ ដែលនឹងដាំតាមព្រំប្រទល់ជុំវិញស្រុក និងដំណាក់កាលទី៣នឹងរៀបចំនៅឆ្នាំ២០២២ដែល នឹងដាំតាមដងផ្លូវក្នុងឃុំទាំង១០ព្រមទាំងព្រៃលិចទឹកនៃស្រុកក្រឡាញ់ផងដែរ ។

លោកស្រី អភិបាលស្រុក បានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ហើយដើមឈើនេះ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ មានតម្លៃខាងសេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ រក្សានិយ័តភាពប្រភពទឹក ការពារទីជម្រាល និង ជីវចម្រុះ សំខាន់ទៀតនោះព្រៃឈើមានការទំនាក់ទំនងច្រើនទៅនឹងវិស័យកសិកម្ម ។

លោកស្រី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន , កងកម្លាំងប្រដាប់អាវុធ , មន្ត្រីរាជការ , សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំកូនឈើដែលបានដាំហើយនាពេលនេះ ព្រោះថា នៅក្នុងរយៈពេលពី៤ទៅ៥ឆ្នាំខាងមុខទៀត សង្ឃឹមថា តាមដងផ្លូវនៃស្រុកក្រឡាញ់ពេញទៅដោយដើឈើ នឹងទទួលបានពណ៌បៃតងស្រស់ ដែលគេហៅថារុក្ខវិថី អមទៅដោយរុក្ខជាតិចម្រុះពណ៌៕/B