ជាងមួយឆ្នាំនៅតំបន់ជួរភ្នំក្រវាញការបង្រ្កាបបទល្មើសទន្រ្ទានដីខុសច្បាប់១៧១ករណីនិងចាប់ជនល្មើស៨៧នាក់

266
ចែករម្លែក

ដោយ៖ដេប៉ូ/កោះកុង៖ ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ (ពីខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០) ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញទំហំ ១,៤ លានហិកតាដែលគ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ  ដែលក្នុងនោះបានទប់សកាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមាន៖ បញ្ឈប់ការទន្ទ្រានដីដោយខុសច្បាប់ចំនួន ១៧១ ករណី ដាក់ពាក្យបណ្តឹងទៅតុលាការ ចំនួន ២០៥ ករណី ពិន័យអន្តរកាលចំនួន ២៧៧ ករណី បញ្ជូនជនល្មើសចំនួន ៨៧នាក់ទៅកាន់តុលាការ ។នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រភក្ត្រា រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ក្នុងការថែរក្សាធនធាន ធម្មជាតិនិងពិសេសទប់ស្កាត់បទល្មើសក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានអាជ្ញាធរពាក់ព័ន្ធក៏ដូចជាអង្គការជាដៃគូរបានធ្វើការ ចុះល្បាតទាំងយប់ទាំងថ្ងៃ ហើយក្នុងរយៈពេល មួយឆ្នាំមកនេះដែរ បានទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិក្នុងនេះដូចជា រុះរើខ្ទមខុសច្បាប់ចំនួន ៩៨៣ ដកហូតឈើចំនួន ២១៧៩ ម៉ែត្រគុប ដកហូតនិងរឹបអូសរណារយន្តចំនួន ១៩៥៤ គ្រឿង ដោះអន្ទាក់បានចំនួន ៣២ ៣២២ អន្ទាក់ ជួយសង្គ្រោះសត្វព្រៃរស់បានចំនួន ៧៤៧ ក្បាល និងសត្វព្រៃងាប់ចំនួន២០៦ ក្បាល រឹបអូសរថយន្តបានចំនួន១៦៩ គ្រឿង ត្រាក់ទ័រនិងរថយន្តប៊ុលដូហ្សែរចំនួន ៤៣ គ្រឿង ម៉ូតូចំនួន ១៧៣ គ្រឿង គោយន្តចំនួន ២៧១ គ្រឿង។

          ព្រមជាមួយគ្នាលោករដ្ឋលេខាធិការបានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការអនុវត្តន៍ច្បាប់កន្លងមករបស់អាជ្ញាធរដែនដី និងភាគីដែលពាក់ព័ន្ធ​ក្នុងតំបន់ការធម្មជាតិរបស់កម្ពុជា ក្នុងនោះអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ បានផ្តោតលើ​ការពារពារសក្តានុពលបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ជួរភ្នំក្រវាញជាពិសេស​ក្នុងខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។

ទន្ទឹមនឹងគ្នានេះដើម្បីការពារធនធានធម្មជាតិ កន្លងមកក្រសួងបរិស្ថាន​និងអង្គការ​សមព័ន្ធមិត្តសត្វព្រៃក៏បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការការពារនិងអភិរក្ស​តំបន់ជួរភ្នំក្រវាញដែលមានទំហំដីអភិរក្ស ១,៤លានហិកតាដែលក្នុងនោះរួមមាន​ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃពាមក្រសោប ឧទ្យានជាតិជួរភ្នំក្រវាញ​ខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិបទុមសាគរជាដើម។ 

លោករដ្ឋលេខាធិការបានចាត់ទុកថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកប​ដោយប្រសិទ្ធភាពក្នុងតំបន់ការពារធម្មជាតិពិតជាមានសារសំខាន់ណាស់ ក្នុងកិច្ចគាំពារ​បរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះដែលកម្ពុជា​មាន។

ក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ពន្ឋ័មិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និង សហប្រតិបត្តិការយ៉ាងល្អជាមួយ​ក្រសួងបរិស្ថាន ជាមួយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលជាមន្ត្រី​នគរបាលយុត្តិធម៌នៅតាមតំបន់ការពារធម្មជាតិនានាក្នុងការចុះល្បាត ទប់ស្កាត់និង​បង្ក្រាបបទល្មើសធនធានធម្មជាតិ។ការចូលរួមរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺជាការរួមវិភាគទានមួយដ៏មានតម្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ​នៅ​កម្ពុជា។

លោក នេត្រភក្ត្រាបានបញ្ជាក់បន្ថែមថា “កិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យតំបន់​អភិរក្ស​កាន់តែត្រូវបានការពារយ៉ាងល្អប្រសើរ បទល្មើសគ្រប់ប្រភេទបានថយចុះ​យ៉ាងច្រើននៅតំប់នោះទាំងបទល្មើសកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ។ ការការពារបាននូវធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងល្អប្រសើរនេះ បានធ្វើឱ្យកម្ពុជាលក់ឥណទានកាបូននៅក្នុងតំបន់ដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង”។

បើតាមលោករដ្ឋេលេខាធិការបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះយើងមាន​តំបន់ការពារធម្មជាតិចំនួន ៦៩កន្លែង លើទំហំផ្ទៃដីចំនួន ៧,៣លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការ​យ៉ាងល្អពីគ្រប់ភាគីដែលពាក់ព័ន្ធនានា ក្នុងការធានាបាននូវនិរន្តភាព​ការពារក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់​តម្កល់ជូនឧត្តមប្រយោជន៍ដល់ជំនាន់ក្រោយ៕/Ha