ពលរដ្ឋជាង១០០គ្រួសាររស់នៅលើផ្លូវ៤៣៤នាំគ្នារុះរើផ្ទះរបស់ខ្លួនចេញអស់ហើយទៅយកដីឡូត៌ថ្មីដោយការប៉ិនប្រសប់ឈ្លាសវ័យទន់ភ្លន់របស់លោកឃួង ស្រេង

105
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ដំណោះស្រាយដោយជោគជ័យជាមួយនឹងភាពរីករាយ សប្បាយក្អាកក្អាយពីសំណាក់ប្រជាពលរដ្ឋដោយមិនមានការតវ៉ាអ្វីទាំងអស់របស់ប្រជាពលរដ្ឋរស់នៅលើផ្លូវសាធារណៈមួយនេះ។អាជ្ញាធរនិងប្រជាពលរដ្ឋបានរួមសហការគ្នារុះរើដឹកជញ្ជូនទៅកាន់ដីឡូតិ៍ថ្មីទាំងសប្បាយចិត្ត។ គេអាចចាត់ទុកថា៖ នេះជាលើកទី១ហើយ ដែលរដ្ឋបាលរាជធានី ដោះស្រាយបញ្ហាសហគមន៍បានយ៉ាងរលូន ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ទន់ភ្លន់រៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលផ្លូវខាងលើនេះត្រូវបានបងប្អូនប្រជាពលរដ្ឋតាំងលំនៅដ្ឋាននៅលើផ្លូវជាង២០ឆ្នាំមកហើយនោះ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋជាង១០០គ្រួសារស្មើនឹង៨៧ខ្នងផ្ទះ នៅសហគមន៍បន្ទាយស្លឹក ដែលពួកគាត់រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជាង ២០ឆ្នាំកន្លងមកនេះ ដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ដីឡូតិ៍ថ្មី ដីទំហំ ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រជាពលរដ្ឋបានទទួលយកដោយក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះ ខណៈដែលលោកអញ្ជើញជាអធិបតីភាព ក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីកាលពីព្រឹកថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ។

គេអាចនិយាយបានថា មិនធ្លាប់មានទេ ដែលរដ្ឋបាលរាជធានីបានដោះស្រាយបញ្ហាសហគមន៍បានដោយរលូនបែបនេះដោយពលរដ្ឋព្រមចាកចេញដោយរីករាយ ហើយអាជ្ញាធរក៏ខិតខំជួយរុះរើ ជួយដឹកជញ្ជូនពលរដ្ឋទៅកាន់ដីឡូតិ៍ថ្មីផងដែរ។ ចាប់ពីពេលនេះតទៅផ្លូវលេខ៤៣៤ នឹងបានបើកប្រើប្រាស់ជាសាធារណៈទាំងអស់គ្នាហើយ។

ជោគជ័យនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុវត្តការដោះស្រាយសំណង់មិនរៀបរយខាងលើនេះក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដធ្វើឱ្យប្រជាពលរដ្ឋ៨៧គ្រួសាររស់លើផ្លួវបានស្ម័គ្រចិត្តចូលរួមរុះរើសំណង់មិនរៀបរយលើផ្លូវសាធារណៈ ទៅទទួលយកដីកម្មសិទ្ធិស្របច្បាប់សម្រាប់សាងសង់លំនៅដ្ឋាននៅតំបន់អភិវឌ្ឍន៍ថ្មី។

បើតាមលោក ម៉េត មាស ភ័ក្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ក្រោយទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ ៤ម៉ែត្រ គុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈសំណើរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួនជាង១០០គ្រួសារស្មើរ ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមក កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បងប្អូនម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតីសហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មីដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន៕/B