​រមណីយដ្ឋាន​ជើងភ្នំ​ត្បែង​បង្កឱ្យមាន​មនុស្ស​លង់ទឹក​ស្លាប់​ទៀតហើយ​

270
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គេ​នៅ​ចាំបាន​ថា កាលពី​ខែមេសា​ឆ្នាំ​២០២០​កន្លងទៅ​រមណីយដ្ឋាន ប៊ុន ហឿង​យ៉ា​គូ​សា​ដែលមាន​ទីតាំង​ស្ថិតនៅ​ជើងភ្នំ​ត្បែង​ភូមិ​មហាផល​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។​បានធ្វើឱ្យ​បុរស​ម្នាក់​ស្លាប់​ដោយសារ​បើករថយន្ត​ចូលក្នុង​អាង​ហែល​ទឹក​។​

​ក្រោយពី​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​មន្ទីរ​ទេសចរណ៍បាន​ចុះទៅ​បិទ​រមណីយដ្ឋាន​នេះ​មិនឱ្យ​ដំណើរការ​ឡើយ​។​ដោយសារ​ក្រុមការងារ​បច្ចេកទេស​ពិនិត្យឃើញថា​ការសាងសង់​អាង​លេង​ទឹក​ខុស​បច្ចេកទេស​ដោយ​ពុំមាន​របង​ឬ​បង្គោល​ការពារ​សុវត្ថិភាព​។​
​ក្រោយពី​បិទ​បាន​រយៈពេល​ខ្លី​ម្ចាស់​រមណីយដ្ឋាន​នេះ​នៅតែ​លួច​បើក​ឱ្យ​ភ្ញៀវទេសចរ​ឆ្ងាយ​ជិត​ចេញចូល​ហូ​ហែរ​ទៅលេង​រមណីយដ្ឋាន​នេះ​ដដែល​ដោយ​ល្មើស​ទៅនឹង​ការហាមឃាត់​របស់​ក្រុមចម្រុះ​របស់​ខេត្ត​បង្កឱ្យមាន​មនុស្ស​ស្លាប់​ម្នាក់ទៀត​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែ​កក្ត​ដា​ឆ្នាំ​២០២០​។​

​ជង​រងគ្រោះ​ឈ្មោះ​កែវ​ខាន​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​មហាផល​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រោយពី​ប្រជាពលរដ្ឋ​ជួយ​ជនរងគ្រោះ​ពី​ក្នុង​អាង​ហែល​ទឹក​បញ្ជូនមក​មន្ទីរពេទ្យ​។​ករណីនេះ​មាន​សំណួ​រថា​តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​លើ​ជីវិត​ប្រជាជន​ដែល​បាន​ស្លាប់​ដោយសា​លង់​ទឹកជា​បន្តបន្ទាប់​?​តើ​ម្ចាស់​រមណីយដ្ឋាន​នេះ​មានទោស​ដែរឬទេ​?​បើ​ម្ចាស់​រមណីយដ្ឋាន​នេះ​មិន​គោរព​តាម​ការហាម​ប្រាម​របស់​ក្រុម​ជំនាញ​ផង​នោះ ។​

​តាម​ព័ត៌មាន​បញ្ជាក់ថា ក្រោយពី​មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ឈានមុខ បាន​ហៅ​ម្ចាស់​រមណីយដ្ឋាន​នោះ​យកមក​សួរនាំ​។​ក្រោយមក​បានឱ្យ​ត្រឡប់​ទៅវិញ​តែ​ជីវិត​មនុស្ស​ស្លាប់​២​នាក់​ប្រហែលជា​អត់​ន័យ​ហើយ​។​យើង​រង់​ចាំមើល​តទៅទៀត​តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ទៀត​ស្លាប់​ដោយសារ​ការធ្វេសប្រហែស​របស់​រមណីយដ្ឋាន​នេះ​អាជ្ញាធរខេត្ត​ស្រុក​មាន​វិធានការ​បែបណា​ចំពោះ​រឿងនេះ​? ៕S/​