អង្គការសិទ្ធិមនុស្ស ៖ អ្នកកាសែតជាប់គុកនៅអេហ្ស៊ីប ស្លាប់ដោយសារកូវីដ១៩

108
ចែករម្លែក

យោងតាមអង្គការឃ្លាំងមើលសារព័ត៌មានអន្តរជាតិមួយបានឱ្យដឹងថា អ្នកកាសែតអេហ្ស៊ីបលេចធ្លោម្នាក់ ដែលជាប់ពន្ធនាគារពីបទផ្សាយព័ត៌មានមិនពិត បានស្លាប់ដោយសារកូវីដ១៩កាលពីថ្ងៃចន្ទទី១៣កក្កដា ដោយបង្កើនការបារម្ភថា កូវីដប្រហែលជារីករាលដាលដោយគ្មានការតាមដាននៅក្នុងពន្ធនាគារចង្អៀតៗរបស់អេហ្ស៊ីប។

អង្គការគណៈកម្មាធិការការពារអ្នកកាសែតបានរាយការណ៍ថា លោក ម៉ូហាម៉េត ម៉ូនៀ អាយុ ៦៥ ឆ្នាំបានឆ្លងជំងឺកូវីដ១៩នៅក្នុងការឃុំខ្លួនបណ្តោះអាសន្នហើយត្រូវបានដោះលែងបន្ទាប់ពីធ្លាក់ខ្លួនឈឺនៅក្នុងមន្ទីរឃុំឃាំង។

អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “សូម្បីតែការឃុំខ្លួនបណ្តោះអាសន្នក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩ ក៏អាចមានន័យថាជាការកាត់ទោសប្រហារជីវិតដែរ”។

លោក ដាយអា រ៉ាស់វ៉ាន់ ប្រធានទីភ្នាក់ងារអ្នកកាសែតអេហ្ស៊ីប បានបញ្ជាក់ពីការស្លាប់របស់លោកម៉ូនៀនៅក្នុងសារបង្ហោះតាម Facebook ដោយនិយាយថា ពួកគេបានទាក់ទងគ្នាអំឡុងពេលដង្ហើមចុងក្រោយរបស់គាត់នៅក្នុងមន្ទីរពេទ្យ។ លោកម៉ូនៀស្លាប់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយនៅឯមន្ទីរពេទ្យទីក្រុងគែរ។

លោកម៉ូនៀត្រូវបានចាប់ខ្លួននិងនាំទៅកាន់ពន្ធនាគារតូរ៉ាក្នុងទីក្រុងគែរកាលពីខែមុនដោយរងការចោទពីបទផ្សាយព័ត៌មានមិនពិត ក្រោយពីបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ Al-Jazeera ជាប៉ុស្តិ៍ទូរទស្សន៍គ្រប់គ្រងដោយប្រទេសកាតា ដែលត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលអេហ្ស៊ីប។

ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីយោធាបណ្តេញប្រធានាធិបតីជាប់ឆ្នោតដោយសេរីលើកដំបូងរបស់ប្រទេសគឺលោកម៉ូហាម៉េត ម័រស៊ី អាជ្ញាធរបានបិទបណ្តាញទូរទស្សន៍ Al-Jazeera ដោយចោទប្រកាន់ទូរទស្សន៍នេះថាផ្តល់ទីតាំងសម្រាប់សត្រូវរបស់អេហ្ស៊ីប ជាពិសេស ក្រុមភាតរភាពមូស្លីម៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ូហាម៉េត ម៉ូនៀ ស្លាប់នៅមន្ទីរពេទ្យក្រុងគែរកាលពីថ្ងៃចន្ទ