សាកលវិទ្យាល័យអាម៉េរិកជាង ២០០ ដាក់ពាក្យបណ្តឹងប្រឆាំង នឹងការហាមឃាត់និស្សិតបរទេសមិនឱ្យរៀនតាមអនឡាញ

124
ចែករម្លែក

សាកលវិទ្យាល័យជាង ២០០ បានគាំទ្របនណ្ដឹងផ្លូវច្បាប់ប្រឆាំងនឹងការរឹតបន្តឹងថ្មី​របស់រដ្ឋបាលត្រាំ​ចំពោះនិស្សិតអន្តរជាតិ ដោយលើកហេតុផលថា គោលនយោបាយ​នេះធ្វើឱ្យគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់និស្សិតនិងបង្ខំឱ្យសាកលវិទ្យាល័យពិចារណាឡើងវិញនូវផែនការនារដូវស្លឹកឈើជ្រុះ ដែលពួកគេបានចំណាយពេលជាច្រើនខែ​ដើម្បីរៀបចំឡើង។

សាលាទាំងអស់នេះបានចុះហត្ថលេខាលើបណ្តឹងទៅតុលាការ ដែលគាំទ្រសាកល​វិទ្យាល័យ​ហាវើដនិងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (MIT) ខណៈពួកគេប្តឹង​ទីភ្នាក់ងារអនុវត្តន៍ច្បាប់អន្តោប្រវេសន៍និងគយអាម៉េរិក (ICE) នៅតុលាការសហព័ន្ធ​នៅទីក្រុងបូស្តុន។ បណ្តឹងនេះគឺជំទាស់នឹងសេចក្តីបង្គាប់ដែលបានប្រកាសថ្មីៗនេះថា​និស្សិតអន្តរជាតិមិនអាចស្នាក់នៅក្នុងសហរដ្ឋអាម៉េរិកបានទេ ប្រសិនបើពួកគេ​ជ្រើសរើស​រៀនគ្រប់មុខវិជ្ជាតាមអនឡាញនារដូវស្លឹកឈើជ្រុះនេះ។

សាកលវិទ្យាល័យព្រមទាំងមន្រ្តីរដ្ឋនិងមន្ត្រីថ្នាក់មូលដ្ឋានជាច្រើនបានជំទាស់នឹងគោលនយោបាយនេះ ដែលកំពុងប្រឈមនឹងបណ្តឹងផ្លូវច្បាប់ជាច្រើន។ រដ្ឋម៉ាសាឈូសេត​បានដាក់ពាក្យបណ្តឹងសហព័ន្ធកាលពីថ្ងៃចន្ទទី១៣កក្កដា ដែលត្រូវបានចូលរួមដោយ​ក្រុមអគ្គរដ្ឋអាជ្ញាមកពីបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋចំនួន ១៦ ផ្សេងទៀតនិងសង្កាត់​កូឡុំប៊ីនៃរដ្ឋធានីវ៉ាស៊ីនតោន។ បណ្តឹងផ្សេងទៀតគឺមកពីសាកលវិទ្យាល័យ​ចនហប់ឃីននិងសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា។ ប្រព័ន្ធសាកលវិទ្យាល័យនៅរដ្ឋ​កាលីហ្វ័រញ៉ាបាននិយាយថាខ្លួននឹងប្តឹងដែរ។

ចៅក្រមគ្រោងនឹងបើកសវនាការនៅថ្ងៃអង្គារទី១៤កក្កដានេះ​ក្នុងករណីបណ្តឹង ដែលប្តឹង​ដោយសាកលវិទ្យាល័យហាវើដនិងវិទ្យាស្ថាន MIT។ ប្រសិនបើចៅក្រម​មិនបញ្ឈប់វិធាននេះទេ សាកលវិទ្យាល័យនៅទូទាំងសហរដ្ឋអាម៉េរិកនឹងមានពេល​រហូតដល់ថ្ងៃពុធដើម្បីជូនដំណឹងដល់ ICE ថាតើពួកគេមានផែនការបង្រៀនតាម​អនឡាញទាំងស្រុងនៅរដូវស្លឹកឈើជ្រុះនេះឬអត់។

ក្រសួងសន្តិសុខមាតុភូមិនិង ICE និយាយថា គោលនយោបាយថ្មីនេះត្រូវបានគាំទ្រ​ដោយច្បាប់ដែលមានស្រាប់ដែលហាមឃាត់មិនឱ្យនិស្សិតបរទេសរៀនតាមអនឡាញទាំងស្រុង។ ICE បានព្យួរច្បាប់នេះកាលពីខែមីនាដើម្បីឆ្លើយតបទៅនឹងការ​រីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែទីភ្នាក់ងារនេះបានប្រាប់សាកលវិទ្យាល័យនានាថា​មិនឱ្យរៀនតាមអនឡាញទាំងស្រុងនោះទេ នេះបើយោងតាមការប្តឹងរបស់រដ្ឋបាលត្រាំ​ទៅកាន់តុលាការកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារ ICE និយាយថា​ ការណែនាំថ្មីរបស់ពួកគេនៅតែផ្តល់ការអនុគ្រោះដដែលទេ ដោយអនុញ្ញាតឱ្យនិស្សិតបរទេសរក្សាទិដ្ឋាការរបស់ពួកគេ ទោះបីជាពួកគេ​សិក្សាតាមអនឡាញពីបរទេសក៏ដោយ៕ ដោយ៖ កញ្ញាដាលីស/Ha

និស្សិតដើរចេញចូលសាកលវិទ្យាល័យហាវើដកាលពីថ្ងៃទី១៣សីហាឆ្នាំ២០១៩