កូវី​ដ​១៩​ទាញ​សេដ្ឋកិច្ច​សិង្ហ​បុរី​អោយ​ដើរ​ថយក្រោយ​៤១​ភាគរយ ,​កម្មករ​ស៊ីប្រាក់​ឈ្នួល​ថោកៗ​នៅតែ​ជា​ក្រុម​អ្នក​ឆ្លង​ច្រើនជាងគេ​!

191
ចែករម្លែក

​សិង្ហ​បុរី​បាន​ធ្លាក់​ចូល​ក្នុង​ឱនភាព ឬ​កំណើន​អវិជ្ជមាន​ខ្លាំង​បំផុត​មិន​ដែល​ធ្លាប់​មាន​នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​នេះ គឺ​ធ្លាក់ចុះ​៤១,២​ភាគរយ​បើ​ធៀប​នឹង​កំណើន​នៅ​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយ​សេដ្ឋ​​ពឹង​លើ​ពាណិជ្ជកម្ម​នេះ​កំពុង​រងគ្រោះ​ខ្លាំង​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩ នេះ​បើ​តាម​ទិន្នន័យ​ដំបូង​ដែល​ត្រូវ​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​កក្កដា​។​

​ទិន្នន័យ​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ទៀតថា កំណើន​សេដ្ឋកិច្ច​ធៀប​នឹង​ឆ្នាំ​បាន​ធ្លាក់ចុះ​១២,៦​ភាគរយ រវាង​ខែ​មេសា​និង​មិថុនា ។​

​វា​កត់សំគាល់​ការដើរ​ថយ​ក្រោយ​នៅ​ត្រីមាស​ទី​២​ជាប់​គ្នា មានន័យថា​រដ្ឋ​បែប​ជា​ទីក្រុង​មួយ​នេះ បាន​ធ្លាក់​ចូល​កំណើន​អវិជ្ជមាន​ជា​លើកដំបូង​នៅ​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​មក​នេះ​។​

​ការធ្លាក់ចុះ​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​ដ៏​ធំ​សម្បើម​នៅ​ត្រីមាស​ទី​២ ដោយសារតែ​វិធានការ​ដែល​ត្រូវបាន​អនុវត្ត​ចាប់​ពី​ខែ​មេសា​ដល់​ថ្ងៃ​០១​មិថុនា ដើម្បី​ពន្យឺត​ការឆ្លង​រាលដាល​កូវី​ដ​១៩ ដែល​រួមមាន​​ការផ្អាក​សេវា​មិន​ចាំបាច់​នានា និង​ការបិទ​កន្លែងធ្វើការ​ផង​។​

​ក្រសួង​ពាណិជ្ជកម្ម​បាន​បន្ថែម​ថា​ក្រៅពី​វិធានការ​ខាងលើ សេដ្ឋកិច្ច​សិង្ហ​បុរី​ក៏​រងគ្រោះ​ពី​ការធ្លាក់ចុះ​នៃ​តំរូវការ​ពី​ក្រៅ​ប្រទេស​ផង​ដែរ​ចំពេល​មាន​ការវាយប្រហារ​ដោយ​វីរុស​នៅ​ពាសពេញ​ពិភពលោក​។​

​សិង្ហ​បុរី ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​កន្លែង​វាស់​សុខភាព​ពាណិជ្ជកម្ម​ពិភពលោក ងាយ​រងគ្រោះ​ពី​ព្រឹត្តិការណ៍​ធំៗ​នៅ​ខាងក្រៅ

​ទោះ​ត្រឹម​ជា​កូន​ប្រទេស​មាន​ប្រជាជន​តិច ល្បី​ខាង​ច្បាប់​ទម្លាប់​រឹង​រឹង​និង​ប្រព័ន្ធ​សុខភាព​ល្អ​តែ​ការ​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​នេះ​មិនទាន់​ស្រាកស្រាន្ត​ទេ​អាច​ថា​មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​មួយ​បើ​ធៀប​​នឹង​ចំនួន​ប្រជាជន​។​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​កក្កដា ប្រទេស​នេះ​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​៣២២​នាក់​បន្ថែម នាំ​អោយ​សិង្ហ​បុរី​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​៤៦.២៨៣​នាក់ ។​

​កម្មករ​ចំណាកស្រុក​មក​ពី​បរទេស​ដែល​រស់​នៅក្នុង​អាគារ​ផ្តុំគ្នា តំណាង​អោយ​អ្នកជំងឺ​កូវី​ដ​១៩​ភាគច្រើនបំផុត​នៅ​សិង្ហ​បុរី ហើយ​កាលពី​ថ្ងៃ​ចន្ទ​ពួកគេ​១៧៦​នាក់​ទៀត​បាន​ឆ្លង​។​

​ការ​ដែល​កម្មករ​រស់​នៅ​ផ្តុំគ្នា ស៊ីប្រាក់​ឈ្នួល​ថោកៗ​តំណាង​អោយ​អ្នក​ឆ្លង​ជំងឺ​ភាគច្រើន​បំផុត​នៅក្នុង​ប្រទេស​នេះ​តាំងពី​គ្រា​ដំបូង​រៀងមក នាំអោយ​មាន​ចម្ងល់​និង​ចំណោទ​អំពី​សិទ្ធិមនុស្ស​ សមភាព​​និង​ការគ្រប់គ្រង​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មួយ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​