អារ៉ាប់រួមអេមីរ៉ាត់នឹងបង្កើតប្រវត្តិសាស្ត្រដោយការបង្ហោះយានទៅភពអង្គារ

228
ចែករម្លែក

អារ៉ាប់រួមអេមីរ៉ាតមានគម្រោងបង្កើតប្រវត្តិសាស្រ្តនៅថ្ងៃពុធទី១៥កក្កដាជាមួយនឹងការបាញ់បង្ហោះយាន “ក្តីសង្ឃឹម” ដែលនឹងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលបញ្ជូនយានស៊ើបអង្កេតទៅភពព្រះអង្គារ។

រ៉ុក្កែត ដែលដឹកយានអវកាសគ្មានមនុស្សបើកនេះ នឹងត្រូវចេញដំណើរពីមជ្ឈមណ្ឌលអវកាសតាណេហ្គាស៊ីម៉ារបស់ជប៉ុននៅម៉ោង ៥ និង ៥១ នាទីព្រឹកម៉ោងក្នុងស្រុកទោះបីអាកាសធាតុមិនល្អអាចនឹងពន្យារពេលបាញ់បង្ហោះរហូតដល់ថ្ងៃជ្រេក្នុងរដូវបាញ់បង្ហោះយានដែលនឹងដំណើរការរហូតដល់ថ្ងៃទី ១៣ ខែសីហា។

គម្រោងរបស់អារ៉ាប់រួមអេមីរ៉ាតគឺជាការប្រណាំងប្រជែងមួយក្នុងចំណោមការប្រណាំងប្រជែងចំនួន ៣ ទៅកាន់ភពព្រះអង្គារ ដែលរួមមានយាន Tianwen-1 មកពីចិន និង យាន Mars 2020 មកពីសហរដ្ឋអាម៉េរិក ចំពេលផែនដីនិងភពអង្គារកំពុងនៅកៀកគ្នាបំផុត គឺត្រឹមចម្ងាយតែ ៥៥ លានគីឡូម៉ែត្រពីគ្នា។

ប៉ុន្តែខុសពីយានពីរទៀតរបស់ចិននិងអាម៉េរិក យានស៊ើបអង្កេតភពព្រះអង្គាររបស់អារ៉ាប់រួមនឹងមិនចុះចតនៅលើភពក្រហមនេះទេ។

យាន “ក្តីសង្ឃឹម” ឬយាន Al-Amal ជាភាសាអារ៉ាប់ ត្រូវគេរំពឹងថានឹងទៅដល់គន្លងរបស់ភពព្រះអង្គារនៅត្រឹមខែកុម្ភៈឆ្នាំ ២០២១ ដែលជាខួបលើកទី ៥០ នៃការបង្រួបបង្រួមប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលបង្កើតឡើងពីសម្ព័ន្ធនៃនគរចំនួន៧។

នៅពេលទៅដល់ទីនោះ វានឹងគោចរជុំវិញភពក្រហមពេញមួយឆ្នាំរបស់វា គឺ ៦៨៧ ថ្ងៃ៕ ដោយ៖ កញ្ញាដាលីស

យាន Al-Amal របស់អារ៉ាប់គ្រោងបាញ់បង្ហោះនៅថ្ងៃពុធទី១៥កក្កដា