ចិន​វាយបក​ទៅលើ​សមាជិកសភា​ជាន់ខ្ពស់​និង​ប្រេសិត​អាម៉េរិក​ជាមួយនឹង​ការដាក់ទណ្ឌកម្ម​ជុំវិញ​បញ្ហា​តំបន់​ស៊ីន​ជាំ​ង​

170
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​កក្កដា​បាន​ដាក់​ទណ្ឌកម្ម​សងសឹក​ទៅលើ​សមាជិក​សភា​សាធារណ​រដ្ឋ​ជាន់ខ្ពស់​៣​នាក់​និង​ប្រេសិត​អាម៉េរិក​ម្នាក់​នៅក្នុង​ជម្លោះ​កាន់តែ​ខ្លាំងក្លា​អំពី​ការប្រព្រឹត្ត​របស់​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​ចំពោះ​ជនជាតិ​អ៊ីស្លាម​អ៊ុយ​ហ្គួ​រ​នៅ​តំបន់​ស៊ីន​ជាំ​ង​ភាគ​ខាងលិច​។​

​ក្រុម​អ្នក​រិះគន់​ខ្លាំងៗ​មួយចំនួន​ដែល​រិះគន់​ប្រឆាំង​ចិន ដែល​មាន​ដូចជា​ជា​សមាជិក​ព្រឹទ្ធសភា លោក Marco Rubio និង លោក​Ted Cruz រួម​ជាមួយ​សមាជិក​សភា​លោក Chris Smith​ត្រូវបាន​​កំណត់​គោលដៅ​ដោយ​ចំណាត់ការ​នេះ និង​រួម​ទាំង លោក Sam Brownback ឯកអគ្គរដ្ឋទូត​អាម៉េរិក​ទទួលបន្ទុក​សេរីភាព​ខាង​សាសនា​អន្តរជាតិ​។​

“​ទណ្ឌកម្ម​ឆ្លើយតប​”​ដែល​មិន​បាន​បញ្ជាក់​ច្បាស់​នេះ ត្រូវបាន​ប្រកាស​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​បាន​ដាក់​បម្រាម​ទិដ្ឋ​ការនិង​ការបង្កក​ទ្រព្យសម្បត្តិ​ទៅលើ​មន្ត្រី​ចិន​មួយចំនួន​ដោយ​រួមទាំង​​លោក​Chen Quanguo ប្រធាន​បក្សកុម្មុយនិស្ត​នៅ​តំបន់​ស៊ីន​ជាំ​ង​ជុំវិញ​ការចោទប្រកាន់ថា​មាន​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​នេះ​។​

​លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា ” ចំណាត់ការ​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​ខុស​របស់​ស​ហ​រដ្ឋ​អាម៉េរិក​។​

​លោកស្រី​បាន​និយាយថា​” យើង​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ដក​ការសម្រេចចិត្ត​ខុស​របស់ខ្លួន​ជា​បន្ទាន់​ហើយ​បញ្ឈប់​រាល់​ពាក្យ​សម្តី​និង​សកម្មភាព​ដែល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​និង​ធ្វើឱ្យ​​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ចិន​។ ចិន​នឹង​ធ្វើ​ការឆ្លើយតប​បន្ថែម​ទៀត​អាស្រ័យ​លើ​ការវិវត្តន៍​សភាពការណ៍​”​។​

​ការដាក់ទណ្ឌកម្ម​ក៏​នឹង​ត្រូវបាន​អនុវត្ត​ផងដែរ​ទៅលើ​គណៈកម្មាធិការ​ប្រតិបត្តិ​សភា​អាម៉េរិក​ស្តីពី​ប្រទេស​ចិន​ដែល​ជា​ភ្នាក់ងារ​មួយ​ដែល​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​អាស៊ី​មួយ​នេះ​។​

​ប្រទេស​ទាំង​២​នេះ​បាន​វាយប្រហារ​ពាក្យសម្តី​ខ្លាំងៗ​និង​ដាក់​ទណ្ឌកម្ម​ទៅវិញទៅមក​អំពី​បញ្ហា​ជាច្រើន ចាប់តាំងពី​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ បាន​ឡើង​កាន់​អំណាច​គឺ​បញ្ហា​ចាប់ពី​ពាណិជ្ជកម្ម​រហូត​​ដល់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ច្បាប់​សន្តិសុខ​នៅ​ហុងកុង​និង គោលនយោបាយ​របស់​ចិន​នៅ​តំបន់​ទីបេ​តិ៍​និង​ស៊ីន​ជាំង​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ពីឆ្វេង​ទៅ​ស្តាំ​៖ ព្រឹទ្ធ​សមាជិក​Marco Rubio លោក​Ted Cruz​លោក Chris Smith​និង​លោក Sam Brownback