ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប ធ្វើឡើង​ដូច​រាល់​ឆ្នាំ «​អ្នកចេះ គឺជា​ប់​»

183
ចែករម្លែក

​ដោយ​យោងតាម​លក្ខណៈ​បច្ចេកទេស និង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក្រសួង​អប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​រដ្ឋ និង​គ្រឹះស្ថានសិក្សា​ឯកជន រៀបចំ​ការប្រឡង​សញ្ញា​មធ្យមសិក្សា​បឋមភូមិ ឬ ឌី​ប្លូ​ម និង​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប រយៈពេល ២ ថ្ងៃ ដោយ​រៀបចំក្នុង​មួយ​បន្ទប់សម្រាប់​ត្រឹមតែ​បេក្ខជន ១៥ ទៅ ២០ នាក់ និង​ត្រូវអនុវត្ត​ឱ្យ បាន​ខ្ជាប់ខ្ជួន ទៅតាម​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​អង្គការ សុខភាព​ពិភពលោក (WHO)​។ ក្រសួង​អប់រំ ក៏​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​ការប្រឡង នោះដែរ​។​

​ចំពោះ​កាលបរិច្ឆេទ នៃ​ការប្រឡង​នេះ ត្រូវបាន​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់ថា គ្រឹះស្ថានសិក្សា​នីមួយៗ ត្រូវដាក់​ពាក្យស្នើសុំ ទៅ​ក្រសួង​អប់រំ ដើម្បី​ក្រសួងពិនិត្យ និង​ទទួលស្គាល់​។​
​ ​
​ដោយឡែក បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ឲ្យ​បេក្ខជន​ទាំងអស់ មេត្តា​ចងចាំ​ថា ការប្រឡង​សញ្ញាបត្រ​ធ្យ​ម​សិក្សា​បឋមភូមិ ឬ ឌី​ប្លូ​ម និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប នៅ​ឆ្នាំនេះ ក៏​មិន​ខុសពីបណ្តា​ប៉ុន្មាន​ឆ្នាំកន្លងមក​ដែរ គឺ​អ្វីៗ នៅតែ​ប្រព្រឹត្តទៅក្រោម​ស្មារតី «​ចេះ គឺជា​ប់​»​។ ហេតុនេះ សូម​បេក្ខជន​ប្រឡង​ទាំងអស់ រក្សា​ឱ្យបាន​នូវ​វិន័យ សណ្តាប់ធ្នាប់ គុណ​តម្លៃ​នៃ​ការប្រឡង និង​កិត្តិគុណ នៃវិស័យ​អប់រំ​នៅ​កម្ពុជា​។​
​ ​
​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សាលារៀន នៅ​ទូទាំងប្រទេស ទាំង​សាលារៀន​រដ្ឋ និង​សាលារៀន​ឯកជន បាន​បិទទ្វារ ផ្អាក​រៀន ចាប់តាំងពី​ខែមីនា មក​។

​ក៏ប៉ុន្តែ​អំឡុងពេល​សាលារៀន​បិទទ្វារ​នេះ ក្រសួង​អប់រំ បានរៀបចំ​ការបង្រៀន​តាម​អន​ឡាញ តាម​ហ្វេ​ស​ប៊ុ​ក តាម​កម្មវិធី ហ្សូ​ម​(Zoom) និង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ជាដើម​។ រីឯ​សាលា ឯកជន ក៏​បង្រៀន​តាម​អន​ឡាញដូចគ្នា នៅ​គ្រប់​កម្រិត​។​

​យ៉ាងណាក៏ដោយ ការរៀន​តាម​អន​ឡាញ ក្នុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​នេះ គឺ​ថ្មី​សម្រាប់​សិ​ស្សានុ​សិស្ស​។ សិស្សជា​កូនអ្នកមាន​ជីវភាព​ធូរធារ និង​នៅ​ភ្នំពេញ ឬ​នៅ​ទី​រួម​ខេត្ត ស្រុក​ក្រុង ហាក់ដូចជាមិន​បញ្ហា​នឹង​សម្ភារទូរស័ព្ទ​,​អាយ​ភេត​) Ipad )​ឬ​ទូរទស្សន៍ ជាពិសេស​អ៊ិន​ធឺ​ណិ​ត សម្រាប់​រៀន​អន​ឡាញ​នេះ​ទេ​។ ក៏ប៉ុន្តែ​សម្រាប់​កូនអ្នកមាន​ជីវភាព​ក្រីក្រ និង​នៅ​ទីជនបទ ស្រុកភូមិ​មួយចំនួន ហាក់ដូចជាលំបាកក្នុង​ការរៀន​តាម​យុគសម័យ​ថ្មី​នេះ​។​

​ម្យ៉ាងវិញទៀត ការរៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ថ្មី​នេះ ក៏​ជាទូទៅ សិស្សានុសិស្ស​មួយចំនួនរៀន​មិន​ដិតដល់ ដោយសារ​មូលហេតុ​ច្រើនយ៉ាង ដូចជា បរិយាកាស​នៅផ្ទះ មិន​ស្ងប់ស្ងាត់ ដូច​នៅ​សាលារៀន ក្រុមគ្រួសារ​មានធុរៈ ម៉ោង​ពេល​អង្គុយ​រៀន មិន​ទៀងទាត់ រៀន​មិនទាន់ដូច​នៅក្នុង​ថ្នាក់រៀន ហើយ​ជាពិសេស​ត្រូវ​រំខាន​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត ជាដើម​។​

​ដូច្នេះ​បើសិនជា​ក្រសួង​អប់រំ និង​សាលារៀន​នីមួយៗ រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ​នាពេលខាងមុខ អាច​ចេញ​វិញ្ញាសា ក្នុង​មេរៀន ដែល​សិស្ស​បាន​រៀន​ពេញលេញ​ត្រឹមត្រូវ​ក្នុង​ថ្នាក់រៀន នៅ​ដើមឆ្នាំ​សិក្សា ពោលគឺ​នៅ​ឆមាស​ទី​១​។

​មេរៀន​នៅ​ដើមឆ្នាំ ជា​ការរៀន​ពេញលេញ​ទាំងអស់គ្នា ដែល​សិស្ស​មានលទ្ធភាព អាច​រៀន សូត្រ​បាន​ទាំងអស់គ្នា ដោយ​ស្មើភាព​។ ដូច្នេះ​ពេល​ប្រឡង​ឌី​ប្លូ​ម​ឬ​បាក់​ឌុប​ខាងមុខនេះ​គឺ បេក្ខជន មិនអាច​លើកយក​ហេតុផល​ថា មិនបាន​រៀន​ពេញលេញ ដោយសារ​កូ​វីដ​មក​បន្ទោសបាន​នោះឡើយ​៕ ដោយ​: ម៉េង​ឆៃ​/Ha