ទិវា​ជាតិ​សាធារណរដ្ឋ​បារាំង​

182
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បារាំង ប្រារព្ធ​ទិវា​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​១៤ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ទម្លាយ​ជញ្ជាំង​គុក Bastille កាលពី​ឆ្នាំ​១៧៨៩ ដែលជា​ការចាប់ ផ្តើម​បដិវត្តន៍​បារាំង ហើយ​បាន​រីកសាយ​ភាយ ទៅ​ស្ទើរ​ពាសពេញ​ទ្វីបអឺរ៉ុប រហូតដល់​ឆ្នាំ ១៨១៥ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​បារាំង មាន​ផ្ទៃដី ៦៤០.៦៧៩ (៦៤៣.៨០១?) គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ ខាងលិច នៃ​ទ្វីបអឺរ៉ុប មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អាល្លឺម៉ង់ អេ​ស្ប៉ា​ញ អង់​ដូ​រ៉ា ប៊ែ​ល​ស៊ិ​ក លុច​សំបួរ ស្វី​ស ម៉ូ​ណា​កូ និង​អ៊ីតាលី​។ ឆ្នាំ​២០២០ មាន​ប្រជាជន ជាង ៦៥​លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្តសាសនា រដ្ឋធានី គឺ​ទីក្រុង​ប៉ារីស ភាសាផ្លូវការ គឺ​ភាសា​បារាំង​។​

ប្រវត្តិសាស្ត្រ​
​នា​អំឡុង​សតវត្សរ៍​ទី ១៨ សេដ្ឋកិច្ច​បារាំង មិនទាន់​សម្បូរ​រុងរឿង​ទាល់តែសោះ ការដាំដុះ​មិន បាន​ផល​ល្អ ទំនិញ​ឡើងថ្លៃ ប្រព័ន្ធ​ដឹកជញ្ជូន​មិន​គ្រប់គ្រាន់ ញ៉ាំងឱ្យ​ម្ហូបអាហារ​ឡើងថ្លៃ​កាន់ តែ​ខ្លាំង​ឡើងៗ សារពើពន្ធ​របស់​រដ្ឋា​ភិ​បាល ដែល​បណ្តាលមកពី​ប្រព័ន្ធ​ពន្ធដារ​មិនល្អ និង ការចំណាយ​នានា ទៅលើ​សង្គ្រាម​ពីមុនៗ​មក​ផង ធ្វើឱ្យ​បារាំង​ស្ថិតក្នុង​សភាព​គ្មាន​លំនឹង សោះឡើយ ។​

​បន្ទាប់ពី​សង្គ្រាម ៧ ឆ្នាំ រវាង​អង់គ្លេស​-​បារាំង (១៧៥៤-១៧៦៣) បានបញ្ចប់​ដោយ​បរាជ័យ​ធ្លាក់ ទៅលើ​បារាំង ធ្វើឱ្យ​បារាំង បាត់បង់​ទឹកដី​អាណានិគម​របស់ខ្លួន​នៅ​អាមេរិក​ខាងជើង​ហើយ​ខាត ទ្រព្យសម្បត្តិ និង​កងទ័ព យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត ។​

​កងទ័ព​បារាំង ត្រូវបាន​ស្ថាបនា​ឡើងវិញ ហើយ​បានធ្វើ​អន្តរាគមន៍ សងសឹក​អង់គ្លេស​នៅក្នុង សង្គ្រាម​បដិវត្តន៍​អាមេរិកាំង (១៧៧៥-១៧៨៣ ដែលជា​ការរើបម្រះ​ពី​អាណានិគម​អង់គ្លេស ហើយ​រួបរួមគ្នា​បង្កើតបាន​ជាស​ហ​រដ្ឋ​អាមេរិក សព្វថ្ងៃនេះ​) ដោយ​ជោគជ័យ ប៉ុន្តែ​បារាំង ផ្សេង ពី​បាន​ចំណាយ​អស់ទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​មក បារាំង​ក៏​គ្មាន​បាន​ចំណេញ​អ្វី​ពី​សង្គ្រាម​នោះ សោះឡើយ គឺ​បានត្រឹមតែ​សងសឹក​អង់គ្លេស និង​កុំឱ្យ​អង់គ្លេស​ក្អេងក្អាង​ពេក​តែប៉ុណ្ណោះ​។ ប្រព័ន្ធ​ហិរញ្ញវត្ថុ បារាំង ដែល​ពុំមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់ ពុំ​អាច​រ៉ាប់រង​ចំពោះ​បំណុល​នៃ សង្គ្រាម​នោះ បានឡើយ ពោលគឺ​ពេលនោះ បារាំង​ស្ថិតក្នុង​វ​ប​ត្តិ​ហិរញ្ញវត្ថុ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​
​ ​
​នៅ​ខែតុលា ឆ្នាំ​១៧៧៦ ស្តេច​ល្វី​ស​ទី​១៦ (Louis XVI) បានតែងតាំង​លោក Jacques Necker ឱ្យធ្វើជា​អ្នក​ជម្រះបញ្ជី ប៉ុន្តែ​មិន​តែងតាំង ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឡើយ ដោយសារតែ​គាត់ ជា​អ្នក​កាន់​គ្រិស្តសាសនា​និកាយ​ប្រូ​តិ​ស្តង់ (​ព្រោះ​បារាំង ជា​ពួក​កាតូលិក ដែល​ក្នុងន័យនេះ គេ​ត្រូវតែ​ដឹង​ច្បាស់​ថា អ្នក​កាន់​គ្រិស្តសាសនា​និកាយ កាតូលិក និង​និកាយ​ប្រូ​តេស្ត​ង់ ដែលជា​អ្នក​គ្រិស្ត​ដូចគ្នា ខុសគ្នា​តែ​និកាយ​នេះ មិន​គ្រាន់តែ​រើសអើង​គ្នា យ៉ាង​ជូរចត់​ប៉ុណ្ណោះ​ទេ ក៏​ថែមទាំង​ធ្វើសង្គ្រាម​កាប់សម្លាប់​គ្នា យ៉ាង​រង្គាល និង​យ៉ាង​អូសបន្លាយ​ទៀតផង ) ។

​លោក Necker បាន​មើលឃើញ យ៉ាងច្បាស់​ក្រឡែត​ថា ប្រព័ន្ធ​ពន្ធដារ​ដ៏​តឹងតែង​របស់ បារាំង​នោះ ដាក់បន្ទុក​ទៅលើ​តែ​អ្នក​ជនបទ ខណៈដែល​ពួក​អភិជន និង​បព្វជិត (​ចូរ​ដឹងថា បព្វជិត​គ្រិស្តសាសនា នាពេលនោះ មានអំណាច និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ណាស់​) មាន​ប្រព័ន្ធ លើកលែង​ពន្ធ ទើ​គាត់​បាន​ជំទាស់​ថា ប្រព័ន្ធ​នេះ​មិនអាច​ប្រមូល​ពន្ធ​បាន​ច្រើនជាង​នេះ​ទេ គឺ​ត្រូវតែ​កាត់បន្ថយ​ការលើកលែង​ពន្ធ​ពី​ពួក​អភិជន និង​បព្វជិត ហើយ​ដើម្បី​គាំទ្រ​គំហើញ​នេះ គាត់​បានចេញ​របាយការណ៍​មួយ ដែលមាន​ឱនភាព ៣៦ លាន លីវ​រ៍ (​ក៏​ក្នុង​បំណង​ដើម្បីឱ្យ គាត់​ត្រូវបានតែងតាំង ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ផងដែរ​) ។​

​ប៉ុន្តែ​សំណើ​នេះ ពុំ​ត្រូវបាន​ទទួលយក ដោយ​រីករាយ​ពី​សំណាក់​រាជ​រដ្ឋមន្ត្រី​ឡើយ ទើប​ស្តេច ល្វី​ស​ទី​១៦ បាន​បដិសេធ ហើយ​លោក Necker ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ជំនួស​ដោយ លោក Charles Alexandre de Calonne​ទៅវិញ ។ លោក Calonne បានស្នើ​ដាក់ឱ្យ​មាន​ពន្ធ លើដី ដែល​រួមបញ្ចូល​ទាំង​ពន្ធ​លើ​ពួក​អភិជន និង​បព្វជិត​ដែរ ប៉ុន្តែ​លោក Calonne ក៏​បរាជ័យ​ដែរ ទើប​ស្តេច​ល្វី​ស ងាក​ទៅ​អំពាវនាវ​ឱ្យមាន អគ្គ​ក្រុមប្រឹក្សា​វណ្ណៈ ១៧៨៩ ដែលជា​សញ្ញា​មួយ​ថា ស្ថិរភាព​ហិរញ្ញវត្ថុ​បារាំង ជិត​ដល់ពេល​ប្រកាសអាសន្ន​ហើយ ។

​អគ្គ​ក្រុមប្រឹក្សា​វណ្ណៈ ១៧៨៩ នេះ មាន​សមាសភាព ៣ ផ្នែក​គឺ​៖ បព្វជិត (​ម្ចាស់​ដី​ទី​១ តំណាង​ដី ១០ ភាគរយ​) អភិជន (​ម្ចាស់​ដី​ទី​២ តំណាង​ដី ២៥ ភាគរយ )​និង​សង្គម​បារាំង​ទូទៅ (​ម្ចាស់​ដី​ទី​៣ តំណាង​ប្រជារាស្ត្រ ៩៥ ភាគរយ​)​។ នៅក្នុង​នោះ​មាន​សមាជិក ១២០១ រូប​ក្នុងនោះ បព្វជិត ៣០៣ រូប អភិជន ២៩១ និង សង្គម​ទូទៅ ៦១០ រូប ដែល​ក្នុងនោះ ក៏មាន​លោក Jacques Necker ផងដែរ ។​

​ស្តេច​ល្វី​ស បង្កើត​អគ្គ​ក្រុមប្រឹក្សា​នេះ ក្នុង​បំណង​ចងក្រង​មនុស្ស​ពី​គ្រប់​វណ្ណៈ​រួមគ្នា​ដោះស្រាយ វិបត្តិ​ហិរញ្ញវត្ថុ​បារាំង ។ ប៉ុន្តែ​ដោយ​ឃើញថា ពួក​បព្វជិត និង​អភិជន នៅតែមាន​គំនិត​ដើរ​ខ្សែលើ ទើប​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​១៧៨៩ នោះ ពួក​ខាង​សង្គម​បារាំង​ទូទៅ បាន​ងាក​ទៅធ្វើ​ការ ដាច់​ដោយ​ខ្លួនឯង នាទី​ក្រុង Versailles ហើយ​បាន​អញ្ជើញ​ឱ្យ​ភាគី​ពីរ​ផ្នែក​ទៀត​ទៅ​ចូលរួម​វិញ ។ ខាង​ពួក​សង្គម​ទូទៅ​នោះ បាន​បោះឆ្នោត ហើយ​ហៅ​ខ្លួនឯង​ថា​“ សភាធម្មនុញ្ញ​ជាតិ “ ទៅវិញ គឺ​ពុំមែន​ជា​របស់​ក្រុមប្រឹក្សា​ទៀតឡើយ ប៉ុន្តែ​ជា​របស់​ប្រជាពលរដ្ឋ ។​

​ស្តេច​ល្វី​ស បាន​ប្រើ​មធ្យោបាយ​មួយចំនួន ដើម្បី​កុំឱ្យ​ពួក​ក្រុមទី​៣ នោះ អាច​ជួបប្រជុំ​បង្កើត ជា​សភា​បាន ប៉ុន្តែ​មធ្យោបាយ​ទាំងនោះ ពុំមាន​ប្រសិទ្ធភាព​ឡើយ ហើយ​ពួកគេ បាន​ជួបប្រជុំគ្នា ថ្លែង​ពាក្យសម្បថ នៅ​ទីលាន​វាយ​កូន​ហ្គោល នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​ដដែល​នោះ ដោយ ស្បថសច្ចា​ថា នឹងមិន​បែកបាក់​គ្នា​ឡើយ រហូតដល់​ពួកគេ​ទទួលបាន​រដ្ឋធម្មនុញ្ញ​។ គិត​ត្រឹម​ថ្ងៃ ទី​២៧ ខែកក្កដា ឆ្នាំ​១៧៨៩ នោះ ពួកគេ​ទទួលបាន​ការចូលរួម​យ៉ាងគំហុក​ពី​ផ្នែក​នានា នៃ​ប្រទេស​បារាំង ។​

​ពេលនេះ លោក Necker បាន​ក្លាយជា​អមិត្ត ចំពោះ​ពួក​មន្ត្រី​ធំៗ ជាពិសេស​ចំពោះ​ពួក​រាជវង្ស​ថា ជា​អ្នកធ្វើ​ប្រជាភិថុតិ បង្វែរ​មតិ​សាធារណជន ហើយ​ទីបំផុត​ស្តេច​ល្វី​ស បាន​បណ្តេញ​គាត់​ចេញ ពី​តំណែង​នោះ​ទៀត ដោយសារតែ​គាត់ បាន​បញ្ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ស្តីពី​បំណុល​របស់​រដ្ឋាភិបាល ។​

​ស្របគ្នា​ពេលនោះ ក៏មាន​ទាហាន​យ៉ាងច្រើន ដែល​ភាគច្រើនបំផុត គឺជា​ទាហាន​បរទេស ស៊ីឈ្នួល ត្រូវបាន​គេ​យក​ចូល​ទីក្រុង Versailles ។ ទង្វើ​របស់​ស្តេច​ល្វី​ស​ទី​១៦ នោះបាន​ធ្វើឱ្យ មនុស្ស​ភាគច្រើន យល់ថា ក្នុង​បំណង​ប្រឆាំងនឹង សភាធម្មនុញ្ញ​ជាតិ ទើប​ចាប់ផ្តើម​រំជើបរំជួល ដោយ​កុបកម្ម​នានា ភាព​ឥត​សណ្តាប់ធ្នាប់ និង​ការ​លួច​ប្លន់ យ៉ាង​រាលដាល​ហើយ​ក្រុមមនុស្ស ទាំងនោះ ក៏​ទទួលបាន​ការគាំទ្រ ពី​មនុស្ស​ខ្លះ នៃ​អង្គរក្ស​បារាំង​ទៀតផង ។​

ទម្លាយ​គុក Bastille- ផ្តើម​បដិវត្តន៍​
​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​១៧៨៩ នោះ ពួក​កុបករ​ទាំងនោះ បាន​សម្លឹង​មើលឃើញ​ច​ង់​បាន គ្រឿង​សព្វាវុធ និង​យុទ្ធភណ្ឌ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​រក្សាទុក នៅក្នុង​បរិវេណ​ពន្ធនាគារ Bastille ហើយ​ដែល​ទីនោះ ក៏​ជា​និម្មិត​សញ្ញា នៃ​អំណាច​រាជវង្សានុវង្ស​ផងដែរ ។​

​បន្ទាប់ពី​តស៊ូ​តទល់​នឹង​គ្នា​ជាច្រើន​ម៉ោង​មក ជញ្ជាំង​គុក​ត្រូវបាន​ទម្លាយ ហើយ​ដើម្បី​ចៀសវាង ការស្លាប់​មនុស្ស​ច្រើន អ្នកគ្រប់គ្រង​គុក​នោះ លោក Marquis Bernard de Launay បាន​បញ្ជា ឱ្យមាន​បទ​ឈប់​ប្រយុទ្ធ​គ្នា ប៉ុន្តែ​រឿង​នោះ មិន​បញ្ចប់​ត្រឹមណោះ​ឡើយ គឺ​ពួក​អ្នកបះបោរ​នៅ តែ​បន្ត​ទន្ទ្រាន​តទៅទៀត រហូត​សម្លាប់​បាន​ប្រធាន​គុក គឺ​លោក Marquis Bernard de Launay ហើយ​កាត់​ក្បាល​របស់គាត់ ដើរ​ដង្ហែ​ពាសពេញ​ទីក្រុង ។ បដិវត្តន៍​បារាំង បានចាប់ផ្តើម នាពេល​នោះឯង ។​

​តាមពិតទៅ នៅក្នុង​គុក​នោះ មាន​ឃុំ​មនុស្ស​តែ ៧ នាក់​ប៉ុណ្ណោះ ដែល​អ្នក​ទាំងនោះ មិនជា​អ្នក ទោស​សំខាន់ អ្វី​ណាស់ណា​ឡើយ ប៉ុន្តែ​គុក Bastille បម្រើ​ជា​សក្តានុពល​នៃ​អ្វីៗ​គ្រប់យ៉ាង​ដែល ត្រូវបាន​គេ​ស្អប់ខ្ពើម នៅក្នុង​សម័យបុរាណ​។ ពួក​កុប្បករ បាន​ទៅដល់​សាលាក្រុង Hôtel de Ville ហើយ​បាន​ចោទ​ចាងហ្វាង​សាលាក្រុង​នោះ គឺ​លោក Jacques de Flesselles​ថា “ ក្បត់ជាតិ “ ហើយក៏​បានសម្លាប់​គាត់​ចោល​ទៀត ។​

​ដំណឹង​នោះ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល ដល់​ស្តេច​ល្វី​ស​ទី​១៦ ។ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ នោះ ស្តេច​ល្វី​ស ត្រូវបាន​បង្ខំ​ឱ្យទទួល​ស្គាល់​រដ្ឋធម្មនុញ្ញ ។ ពេលនោះ លោក Necker ត្រូវបាន​ហៅ ឱ្យចូល​មកកាន់​តំណែង​វិញ ។ លោក Necker បានទាមទារ​ឱ្យមាន​ការលើកលែងទោស ជាទូទៅ ដែល​ប្រការនេះ ញ៉ាំ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន ខឹងសម្បា​នឹង​គាត់ ។​

​អាជ្ញាធរ​ស៊ីវិល ត្រូវបាន​ធ្វើឱ្យ​ខូច យ៉ាង​ឆាប់រហ័ស អំពើហិង្សា និង​ចោរកម្ម បាន​រីក​រាលដាល ពាសពេញ​ប្រទេស​សមាជិក ពួក​អភិជន បាន​ភៀសខ្លួន​ទៅ​ប្រទេសជិតខាង​ហើយ​ពួក​ជន​ភៀស ខ្លួន​ទាំងនោះ បានផ្តល់​លុយកាក់ ដើម្បី​រៀបចំ​បដិវត្តន៍​ប្រឆាំង​ពួក​អ្នក​បដិវត្តន៍​វិញ បណ្តាលឱ្យ​ផ្ទៃ ក្នុងប្រទេស​បារាំង និង​ស្តេច​ប្រទេសជិតខាង ផ្តល់​យោធា​គាំទ្រ ដល់​បដិវត្តន៍​ប្រឆាំង (​របស់​ពួក អភិជន​) ប្រឆាំងនឹង​បដិវត្ត​ប្រជាជន (​ពីព្រោះ​អភិជន និង​ស្តេច​នៃ​ប្រទេសជិតខាង បារាំង ក៏​ខ្លាច​បដិវត្តន៍​ប្រជាជន​ដែរ​) ។​

​គិត​ត្រឹម​ចុងខែ​កក្កដា​នោះ ស្មារតី អធិបតេយ្យភាព ដ៏​មាន​ប្រជាប្រិយ​បាន​រីកសាយ​ពាសពេញ ប្រទេស​បារាំង​។ នៅតាម​តំបន់​ជនបទ មាន​កងជីវពល​ជាច្រើន ត្រូវបាន​បង្កើត​បំពាក់អាវុធ និង​ហ្វឹកហាត់ សម្រាប់​ប្រឆាំងនឹង​ការឈ្លានពាន​ពី​បរទេស​។ មាន​អ្នកខ្លះ​វាយប្រហារ​ទីតាំង សំខាន់ៗ របស់​ពួក​អភិជន បូក​ជាមួយនឹង​ពាក្យ​ច​ចាម​អារាម​នានា​ផង ធ្វើឱ្យ​រំជើបរំជួល បាត់បង់​សណ្តាប់ធ្នាប់ លែង​គោរព​ច្បាប់ ។​

​នៅ​យប់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៧៨៩ សភាធម្មនុញ្ញ​ជាតិ បាន​បង្កើត​របប​សក្តិ​ភូមិ​និយម​លុប បំបាត់​វណ្ណៈ​ទី​២ (​អភិជន​) និង វណ្ណៈ​ទី ១ (​បព្វជិត​) ហើយ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ទីក្រុង​ទីប្រជុំជន ខេត្ត ក្រុង ក្រុមហ៊ុន​នានា​របស់​ពួក​បព្វជិត និង​អភិជន​បាន​បាត់​ឯកសិទ្ធិ ពិសេស​របស់​ពួកគេ ។​

​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៧៨៩ សភាធម្មនុញ្ញ​ជាតិ បានប្រកាស អំពី​សិទ្ធិ​បុរស និង​សិទ្ធិ ប្រជាពលរដ្ឋ​។ សភាធម្មនុញ្ញ​ជាតិ បាន​ដើរតួនាទី មិន​គ្រាន់តែ​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​ឡើយ ប៉ុន្តែ​ក៏​ជា​ស្ថាប័ន​ព្រាង​ធម្មនុញ្ញ​ថ្មី​ផងដែរ​។ ស្ថានភាព​ក្នុងសង្គម​ពេលនោះ​ភាគច្រើន មាន​ទំនោរ ឆ្ពោះទៅរក​បញ្ចេញ​កំហឹង ចំពោះ​ស្តេច​ល្វី​ស ។​

​ស្តេច​ល្វី​ស ដែល​បារម្ភ​អំពី​សុវត្ថិភាព ក៏​នាំ​មហេសី បាន​ចាក​ចេញពី​រាជវាំង Tuileries Palace ប៉ារីស ទៅកាន់​ព្រំដែន​ប្រទេស​អូទ្រីស ហើយ​នៅ​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៧៩១ រាជ​វង្សា នុ​វង្ស បាន​បន្លំ​ភៀសខ្លួន ចេញពី​រាជវាំង​ដែរ​ដោយ​ស្លៀកពាក់​ជា​អ្នកបម្រើ ហើយ​អ្នកបម្រើ ស្លៀកពាក់​ជា​អភិជន​វិញ ។​

​ទោះយ៉ាងណា នៅ​ថ្ងៃ​បន្ទាប់ ស្តេច​ល្វី​ស ត្រូវបាន​គេ​ស្គាល់ ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅឯ Varennes បញ្ជូន​ឱ្យ​ត្រលប់​ទៅ​ប៉ារីស វិញ ។ សភាធម្មនុញ្ញ​ជាតិ បាន​ផ្អាក​ស្តេច​ល្វី​ស ជា​បណ្តោះអាសន្ន ឱ្យ​ស្ថិតនៅក្រោម​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង ។​

បង្កើត​សាធារណរដ្ឋ​-​កាត់ទោស​ប្រហារជីវិត​ស្តេច
​នៅ​ទីបំផុត សំឡេង​ភាគច្រើន​នៃ​សភា បាន​គាំទ្រ​ឱ្យមាន​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ឆ្នាំ​១៧៩១ ដោយ​ក្នុង​ក្របខណ្ឌ​នោះ បានផ្តល់​សិទ្ធិអំណាច​តិចតួច​ប៉ុណ្ណោះ​ដល់​ស្តេច​ល្វី​ស ។ ស្តេច​ល្វី​ស ត្រូវបាន​បង្ខំ​ឱ្យ​ស្បថ ទទួលយក​ធម្មនុញ្ញ ដែល​ពួកគេ​បានចែង​ដែល​មិនឱ្យ​ធ្វើ សង្គ្រាម​ប្រឆាំង​ជាតិ​ខ្លួនឯង ឬ​មិន​អនុ​ញ្ញា​ត្ត​ឱ្យ​បុគ្គល​ណា​ម្នាក់​ធ្វើ​ដូច្នោះ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដើម្បី​បម្រើ​បំណង​ដណ្តើម​អំណាច​របស់​ពួកគេ ដោយ​ពុំដែល​គិតពី​ទុក្ខវេទនា​របស់​រាស្ត្រ ។​

​ទោះ​យ៉ាងនេះ​ក្តី មាន​ហ្វូងមនុស្ស​ដ៏​ធំ​មហិមា បាន​ជួបជុំគ្នា នៅ Champ de Mars ដើម្បី​ចុះ ហត្ថលេខា​លើ​ញត្តិ​មួយ ដែល​បាន​លើកឡើងថា ស្តេច​ល្វី​ស បាន​លះបង់​ភាពជា​ស្តេច​របស់ ខ្លួន​រួចទៅហើយ តាំងពី​ពីថ្ងៃ​ដែល​ព្រះអង្គ បាន​ចាក​ចេញពី​រាជវាំង Tuileries Palace កាលពី ខែមិថុនា មកម្ល៉េះ ។​

​ខណៈនោះ ក៏​ស្រាប់តែ​មានការ​គំរាម​ពី​បរទេស​មកវិញ ដោយ​ប្អូនប្រុស​ថ្លៃ​របស់​ស្តេច ល្វី​ស គឺ​អ​ធិ​រាជ្យ រ៉ូ​មាំ​ង Leopold ទី​២ និង​ស្តេច Frederick William II នៃ​ចក្រភព​ព្រុស (​បច្ចុប្បន្ន អាល្លឺម៉ង់​) និង​ស្តេច Charles-Philippe នៃ​អូទ្រីស (​ដែល​ពួក​ស្តេច​ទាំងឡាយ​តែងតែ​មិនដែល ខ្វល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ស្រាប់​ទៅហើយ សំខាន់​រក្សា​អំណាច​ពួក​ស្តេច​ដូចគ្នា​របស់ ពួកគេ​) បានចេញ​សេចក្តីប្រកាស ឱ្យ​ពួក​អ្នក​បដិវត្តន៍​ក្នុងប្រទេស​បារាំង​ផ្តល់​សិទ្ធិអំណាច ដល់​ស្តេច​ល្វី​ស​វិញ ពុំ​នោះទេ ពួកគេ​នឹង​លើកទ័ព​ចូលលុកលុយ​ប្រទេស​បារាំង​ក្នុង​ព្រះនាម ស្តេច​ល្វី​ស​ទី​១៦ (​នេះ​គឺជា​អ្វីដែល​ពួក​អ្នក​បដិវត្តន៍ គិត​ឃើញ​ជាមុន ហើយ​ស្អប់ខ្ពើម ទើប​បង្ខំ​ស្តេច​ល្វី​ស ឱ្យ​ចុះកិច្ចសន្យា​ខាងលើ​នោះ ប៉ុន្តែ​ពេលនេះ ពួក​ស្តេច​ទាំង​ប៉ុន្មាន​នេះ បានធ្វើ​នូវ​អ្វីដែល​ពួក​បដិវត្តន៍​ស្អប់ខ្ពើម​ពិតមែន​) ។ ប្រការនេះ​បាន​បញ្ឆេះ​ឱ្យ​ពលរដ្ឋ​បក ស្រាយ​ថា ស្តេច​ល្វី​ស គឺជា​សត្រូវ​របស់​ជាតិ​បារាំង​ទៅវិញ ។​

​ពួក​អ្នក​បដិវត្តន៍ នៅក្នុង​ប្រទេស​បារាំង ប្រតិកម្ម​ទាំង​ខឹងសម្បា ហើយ​មិន​គោរព​សេចក្តី ប្រកាស​នោះ​សោះឡើយ ថែមទាំង​កើន​ការ​ស្អប់ខ្ពើម ចំពោះ​ស្តេច​ប្រទេស​នានា ដែល​គាំទ្រ ស្តេច​ល្វី​ស​នោះ​ទៀតផង ។ នៅ​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​១៧៩២ ពួក​អ្នកបះបោរ​និង​កង ជីវពល គាំទ្រ​ដោយ​ពួក​អ្នក​បដិវត្ត​ប៉ារីស បាន​ទន្ទ្រាន​ចូលទៅក្នុង​រាជវាំង Tuileries Palace ហើ​បានសម្លាប់​អង្គរក្ស​ជនជាតិ​ស្វី​ស ដែល​កំពុង​នៅ​ការពារ​ព្រះរាជា​។ រាជវង្សានុវង្ស ត្រូវបាន​ចាប់​ដាក់គុក ហើយ​សភា​នីតិបញ្ញត្តិ បាន​ផ្អាក​តំណែង​ព្រះរាជា ហើយ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៧៩៣ ស្តេច​ល្វី​ស ត្រូវបាន​កាត់​ឱ្យ​មានទោស​ស្លាប់ ពីបទ “​ញុះញង់​ប្រឆាំង សេរីភាព​សាធារណៈ និង សុវត្ថិភាព​ទូទៅ “ ។​

​អតីត​ព្រះរាជា ល្វី​ស ទី​១៦ ត្រូវបាន​កាត់ទោស​ប្រហារជីវិត នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ ១៧៩៣ ។ ការកាត់ទោស​ប្រហារជីវិត​ស្តេច​នេះ ធ្វើឱ្យ​ពួក​អភិរក្ស​ទូទាំង​អឺរ៉ុប មានការ​ភ័យខ្លាច​ទើប​ពួក រាជានិយម ទាំងឡាយ នាំគ្នា​អំពាវនាវ​ឱ្យ​ប្រឆាំងនឹង​បដិវត្តន៍​បារាំង ។​

​ខណៈដែល​ពួក​បច្ចាមិត្ត បានធ្វើ​ដំណើរ​ឆ្ពោះ​មក​មុខ សំដៅ​មករក​រដ្ឋាភិបាល​បដិវត្ត​ន៍​បារាំង​នោះ រដ្ឋាភិបាល​បដិវត្តន៍ បាន​បញ្ជូន​ពួក​អង្គរក្ស​យី​កូ​ង ចូលទៅ​សម្លាប់​អ្នកទោស និង​បព្វជិត​នៅ ក្នុង​គុក ហើយ​បាន​បញ្ជូន​លិខិត​វិលជុំ ទៅ​បណ្តា​ទីក្រុង​ដទៃទៀត ហើយ​ទីក្រុង​នានា​ក៏បាន ធ្វើបែបនេះ ហើយ​ក្លាយជា​ឈ្មោះ​ដែល​គេ​ហៅថា “ ការសម្លាប់​រង្គាល នៅ​ខែ តុលា “ ។

​ភាព​ឥត​សណ្តាប់ធ្នាប់ បាន​បន្ត​រហូតដល់​មានការ​សរសេរ​ធម្មនុញ្ញ​ជាថ្មី ដែល​សភា​បាន​ជួប ប្រជុំគ្នា នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៧៩៣ ។ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​១៧៩៣ បានប្រកាស​លុប បំបាត់​របបរាជានិយម​នៅ​បារាំង ហើយ​ប្រកាស​បង្កើត​សាធារណរដ្ឋ​បារាំង​ដែលជា​សា ធារ​ណ​រដ្ឋ លើកដំបូង​របស់​បារាំង ឬ​សាធារណរដ្ឋ​ទី​១ ។ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​១៧៩២ ថា​ជា​ថ្ងៃ​នៃ​សាធារណរដ្ឋ​បារាំង ។​

​ចាប់ពី​ឆ្នាំ​១៧៩៣-១៨១៥ បារាំង បាន​ជាប់រវល់​នឹង​សង្គ្រាម ជាមួយ​អង់គ្លេស​ស្ទើរតែ​រក​ពេល ស្រាកស្រាន្ត​គ្មាន ហើយ​បាន​ផ្លាស់​សម្ព័ន្ធមិត្ត​មហាអំណាច​នានា​ជាច្រើន ។ អ្នកដឹកនាំ​ជា​បន្ត បន្ទាប់ បាន​ពង្រីក​ទស្សនៈ​បដិវត្ត​ន៍​បារាំង ទៅ​ប្រទេសជិតខាង ស្ទើរតែ​ពាសពេញ​អឺរ៉ុប ។ ទីបំផុត ណាប៉ូឡេអុង បាន​ចាញ់​សង្គ្រាម​នៅ​ឆ្នាំ​១៨១៤ និង ១៨១៥ នាំឱ្យមាន​ប្រតិកម្ម​ប្រឆាំងនឹង បារាំង​ខ្លះៗ​វិញ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា

ទីក្រុង​ប៉ារីស នាំ ប្រទេស​បារាំង
គំនូរ​ពណ៌នា​អំពី​ការទម្លាយ​ជញ្ជាំង​គុក Bastille ដែលជា​ការចាប់ផ្តើម​បដិវត្តន៍​បារាំង