ទិវា​សាធារណៈ​អ៊ីរ៉ាក់​

164
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់ ប្រារព្ធ​ទិវា​សាធារណៈ​របស់ខ្លួន នៅ​ថ្ងៃទី ១៤ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល ឧ​ត្ត​ម​សេនីយ៍ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម ដឹកនាំ​ធ្វើ​រដ្ឋប្រហារយោធា កាលពី​ឆ្នាំ​១៩៥៨ ផ្តួលរំលំ និង​លុបបំបាត់​របបរាជានិយម​បង្កើត បានជា​របប​សាធារណ រដ្ឋ លើកដំបូង នៅ​អ៊ីរ៉ាក់ ប៉ុន្តែ​បន្ទាប់ពី​នោះមក ប្រទេសជាតិ មិនសូវ បាន​សុខសាន្ត​ឡើយ ហើយ​មាន​រដ្ឋប្រហារ​យោធា ជា​បន្តបន្ទាប់ រហូតដល់​បញ្ចប់​រប​ប សា​ដាំ ហ៊ូ​សេន ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​អ៊ីរ៉ាក់ មាន​ផ្ទៃដី ៤៣៧.០៧២ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ី​ខាងលិច​មាន​ព្រំដែន ជាប់​ប្រទេស​សេរី អ៊ីរ៉ង់ តួ​ក​គី អា​រ៉ា​ប៊ី សាវ​អ៊ូ​ឌី កូ​វ៉ែត និង ហ្ស​ក​ដង់ ។ ឆ្នាំ​២០២០ មាន​ប្រជាជន ជាង ៤០​លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ភាសាផ្លូវការ គឺ​ភាសា​អារ៉ាប់ និង​ភាសា​ឃឺ​ដ រដ្ឋធានី​គឺ​ទីក្រុង​បា​ដា​ដ ។​

ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ​១៨៣១ ទឹកដី​អ៊ីរ៉ាក់ បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ចក្រ​ភព​អូ​តូ​ម៉​ង់​(​តួ​ក​គី​) ។ នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី​១ (២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨) ចក្រភព អូ​តូ​ម៉​ង់ ឈរ​នៅ​ជា​មហាអំណាច​កណ្តាល ដែល​ក្នុងនោះ​មាន ចក្រភព​អូ​តូ​ម៉​ង់ អាល្លឺម៉ង់ អូទ្រីស​-​ហុង​គ្រី និង ប៊ុលហ្គារី ។

​នៅក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​មហាអំណាច​កណ្តាល​នេះ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​១៩១៤ សម្ព័ន្ធ មិត្ត ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស បាន​បើក​ការវាយលុក ទៅលើ​កងទ័ព​អូ​តូ​ម៉​ង់ នៅ​ប្រទេស អ៊ីរ៉ាក់ ដែល​ពីដំបូង​ឡើយ អូ​តូ​ម៉​ង់ មានប្រៀប​ជាង​។ ប៉ុន្តែ​ក្រោយមក​ជោគជ័យ​បាន​ធ្លាក់ ចូលក្នុង​ដៃ​អង់គ្លេស ហើយ​អង់គ្លេស បាន​ចូល​កាន់កាប់​ទីក្រុង​បា​ដា​ដ នៃ​ប្រទេស​អ៊ីរ៉ាក់ នៅ​ឆ្នាំ​១៩១៧ ហើយ​បទ​ឈប់​បាញ់​ត្រូវបាន​ចុះហត្ថលេខា នៅ​ឆ្នាំ​១៩១៨ ។ ដោយហេតុនេះ អ៊ីរ៉ាក់ ធ្លាក់ចូល​កណ្តាប់ដៃ​អង់គ្លេស ចាប់ពីពេលនោះ និង​តាមរបៀប​នោះឯង ។​

​ស្ថិតក្រោម​អាណានិគម​អង់គ្លេស​នេះ អ៊ីរ៉ាក់ បាន​ក្លាយជា​សម្ព័ន្ធ​ប្រជាជាតិ​(​គឺជា​ឈ្មោះ​នៃ​ក្រុម ប្រទេស ដែល​ត្រូវបាន​ផ្ទេរ​ពីក្រោម​ការត្រួតត្រា​របស់​អាណានិគម​មួយ ទៅឱ្យ​អាណានិគម​ផ្សេង បន្ទាប់ពី​សង្គ្រាមលោកលើកទី​១ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩២០ ដែលមាន​ឈ្មោះថា “ រដ្ឋ អ៊ីរ៉ាក់ “ ។​

​អង់គ្លេស បាន​បង្កើត​វិមាន​រាជវង្ស អ៊ីរ៉ាក់ ដែលមាន​ឈ្មោះថា វិមាន Hashim ឬ Hashemites ហើយ​បានជ្រើសរើស​យក​ហ្វា​យ​សាល​ទី​១ (​ដែល​ត្រូវបាន​បារាំង​បណ្តេញ​ចេញពី​ស៊េរី​) ឱ្យធ្វើជា​ស្តេច​នៅ​អ៊ីរ៉ាក់​។ តាមរយៈ​នេះ អង់គ្លេស បានជ្រើសរើស​យក​ពួក​អ្នក​កាន់សាសនា អ៊ិ​ស្លាម​និកាយ​ស៊ូ​នី​តម​ក តែងតាំង​ជាម​ន្ត្រី​គ្រប់គ្រង​អ៊ីរ៉ាក់ ដែលជា​ដែនដី​របស់​ពួក​ស៊ិ​អ៊ី​ដ​។ ដោយហេតុនេះ ទើប​មានការ​ប្រឆាំង​តវ៉ា យ៉ាង​ស្មុគស្មាញ​។​

​ដើម្បី​រក្សា​មូលដ្ឋានទ័ព​របស់ខ្លួន នៅ​អ៊ីរ៉ាក់ បាន​តទៅទៀត ចក្រភព​អង់គ្លេស​ត្រូវតែ​បង្ខំចិត្ត​ដក ស្តេច​ហ្វា​យ​សាល​ទី​១ ចេញពី​រាជបល្ល័ង្ក ហើយ​ផ្តល់​ឯករាជភាព​ទៅ​ព្រះរាជា​អ៊ីរ៉ាក់ នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​១៩៣២​។ ស្តេច​ហ្វា​យ​សាល​ទី​១ បាន​ចូល​ទិ​ង្គ​ត នៅ​ឆ្នាំ​១៩៣៣ ហើយ​ស្តេច ហ្កា​ហ្ស៊ី ឡើងកាន់តំណែង ជា​ប្រមុខរដ្ឋ​បន្ត ។

​នៅក្នុង​សម័យកាល​រប​ស់​ស្តេច ហ្កា​ហ្ស៊ី នោះ ប្រទេសជាតិ មិនទាន់បាន​សុខសាន្តត្រាណ នៅឡើយ ហើយ​រង​ការគំរាមកំហែង ពី​ការធ្វើ​រដ្ឋប្រហារ​យោធា​គ្រប់ពេលវេលា​។ ទីបំផុត ស្តេច ហ្កា​ហ្ស៊ី បាន​ចូល​ទិវង្គត​នៅ​ឆ្នាំ ១៩៣៩ ហើយ​តំណែង​របស់​ទ្រង់ ត្រូវបាន​ស្នង​ដោយ​បុត្រា​របស់ ព្រះអង្គ ព្រះនាម ហ្វា​យ​សាល​ទី​២ ដែល​ទើប​តែមាន​ព្រះជន្ម ៤ វស្សា ប៉ុណ្ណោះ ដោយមាន ព្រះអង្គម្ចាស់ អាបដ៍ អាល់ ឡាស់ ដែល​ត្រូវជា​ឪពុកមា​របស់​កុមារ​ក្សត្រ ហ្វា​យ​សាល ទី​២ កាន់តំណែង​ជា រា​ជានុ​សិទ្ធិ ។​

​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​១៩៤១ លោក រ៉ា​ហ្ស៊ី​ដ អា​លី អាល់ ហ្កា​យ​ឡា​នី បានធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល របស់​ព្រះអង្គម្ចាស់ អាបដ៍ អាល់ ឡាស់ ។ រដ្ឋាភិបាល​របស់លោក រ៉ា​ហ្ស៊ី​ដ ជា​អ្នកមាន​ទំនោរ ទៅ​ប្រទេស​មហាអំណាច AXIS (​ប្រទេស​ជា​បក្សសម្ព័ន្ធ​នៅក្នុង​សង្គ្រាមលោក លើក​ទី​២ ដែលមាន អាល្លឺម៉ង់ អ៊ីតាលី និង ជប៉ុន ជា​ប្រមុខ ) ។​

​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​១៩៤១ ចក្រភព​អង់គ្លេស ដែល​នៅមាន​បន្ទាយ​កងទ័ពជើងទឹក​នៅលើ ទឹកដី​អ៊ីរ៉ាក់ នៅឡើយ ក៏បាន​បើក​ការវាយលុក​ទៅលើ​រដ្ឋាភិបាល​លោក រ៉ា​ហ្ស៊ី​ដ ហើយ​បាន កាន់កាប់ អ៊ីរ៉ាក់ ជាថ្មី​ម្តងទៀត នៅ​ថ្ងៃទី​៣១ ខែ និង ឆ្នាំ ដដែល​នោះ ។​

​អង់គ្លេស បាន​ស្តារ​របបរាជានិយម Hashim ឬ Hashemites ឡើងវិញ ដោយមាន​ស្តេច ហ្វា​យ​សាល ជា​ក្សត្រ​របស់​អ៊ីរ៉ាក់​ដដែល ចំណែក​ព្រះអង្គម្ចាស់ អាបដ៍ អាល់ ឡាស់ ជាទី​ប្រឹក្សា ហើយ​មាន​បុរស​ផ្តាច់ការ នូ​រិ អាស សាដ ជា​នាយករដ្ឋមន្ត្រី ។​

សាធារណរដ្ឋ អ៊ីរ៉ាក់​ ​
​ដោយសារ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​អង់គ្លេស​នោះ ទើប​រាជរដ្ឋាភិបាល នវ​រាជានិយម​នេះ ប្រាកដជា​ត្រូវតែ​បម្រើ​ផលប្រយោជន៍​អង់គ្លេស ជាច្រើន មិនអាច​ចៀសផុត​។ ប្រការនេះ នាំឱ្យមាន​ការមិន​ពេញចិត្ត​ពី​សំណាក់​មនុស្ស​ជាច្រើន ។

​ទីបំផុត រដ្ឋប្រហារ​យោធា​មួយ​ដឹកនាំ ដោយ​ឧ​ត្ត​ម​សេនីយ៍ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម ត្រូវបាន ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​១៩៥៨ ដែល​ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា ប​ដិ​វដ្ដ ប​ដិ​វដ្ដ ១៤ កក្កដា នោះ បានបញ្ចប់​របបរាជានិយម​រហូតមក ។​

​ព្រះរាជា ហ្វា​យ​សាល ទី​២ និង​គ្រួសារ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​មានតែ​ព្រះ​មហេសី ប៉ុណ្ណោះ ដែល​បាន​រត់​ភៀសខ្លួន ចេញពី​ប្រទេស​រួច​ពី​ក្តី​ស្លាប់​ទាំង​រងរបួស ។ ព្រះរាជាណាចក្រ អ៊ីរ៉ាក់ ត្រូវបាន​បញ្ចប់ ហើយ​ជំនួស​ដោយ​សាធារណរដ្ឋ អ៊ីរ៉ាក់ វិញ ដោយមាន​លោក ឧ​ត្ត​ម​សេនីយ៍ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម កាន់តំណែង​ជា អ្នកដឹកនាំ ។

​ខែកុម្ភៈ ឆ្នាំ​១៩៦៣ អ្នកដឹកនាំ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម ត្រូវបាន​ទម្លាក់​ដោយ​រដ្ឋប្រហារ យោធា ដឹកនាំ​ដោយ​វរសេនីយ៍ឯក អាប់​ឌុល សា​ឡាំ អា​រី​ហ្វ ។ អាប់​ឌុល សា​ឡាំ អា​រី​ហ្វ ស្លាប់​នៅ​ឆ្នាំ​១៩៦៦ ហើយ​ប្អូនប្រុស​របស់គាត់​លោក អាប់​ឌុល រ៉ា​ម៉ាន់ អា​រី​ហ្វ បាន​ដណ្តើម ក្តោប​ក្តាប់​អំណាច បន្ត​ពី​បងប្រុស​របស់គាត់ ។

​លោក អាប់​ឌុល រ៉ា​ម៉ាន់ អា​រី​ហ្វ ត្រូវបាន​ទម្លាក់​ពី​អំណាច​ដោយ​គណបក្ស Ba’ath នៅ​ឆ្នាំ​១៩៦៨ ។ គណបក្ស Ba’ath ក៏បាន​ក្តោប​ក្តាប់​អំណាច​វិញ​ម្តង ដោយមាន​លោក អា​ម៉េ​ដ ហាស្សាន់ អាល់ បា​ករ៍ ជា​ប្រធានាធិបតី​ដំបូង​របស់ អ៊ីរ៉ាក់ ។ គណបក្ស Ba’ath បាន​ធ្លាក់​ក្រោម​ការត្រួតត្រា របស់លោក​ឧ​ត្ត​ម​សេនីយ៍ សា​ដាំ ហ៊ូ​សេន ហើយ​លោក សា​ដាំ ហ៊ូ​សេន​បាន​ឡើងកាន់តំណែង ជា​ប្រធានាធិបតី និង​ក្តោប​ក្តាប់​អំណាច នៅ​អ៊ីរ៉ាក់ ទាំងស្រុង នៅ​ខែ កក្កដា ឆ្នាំ​១៩៧៩ ។​

​ក្រោម​អំណាច​របស់ សា​ដាំ ហ៊ូ​សេន នេះ អ៊ីរ៉ាក់ មានការ​លូតលាស់​ខ្លាំងក្លា​គួរឱ្យកត់សម្គាល់ ទាំង​សេដ្ឋកិច្ច និង​សព្វាវុធ រហូត​បាន​ចូលលុកលុយ​ប្រទេស​កូ​វ៉ែត នៅ​ខែសីហា ឆ្នាំ ១៩៩០ ។​

​មានការ​ងើប​បះបោរ​ប្រឆាំង​លោក សា​ដាំ ហ៊ូ​សេន ច្រើន​ណាស់ដែរ​ប៉ុន្តែ​តែងតែ​ត្រូវបាន​បង្ក្រាប ដោយ​កងទ័ព រហូតដល់​ប្រើ​អាវុធ​គីមី​ទៀតផង ។ អង្គការសហប្រជាជាតិ​បញ្ជា​ឱ្យ អ៊ីរ៉ាក់ កម្ទេច អាវុធ​នោះ​ចោល ប៉ុន្តែ សា​ដាំ មិនដែល​ធ្វើ​ប​បែប​នោះឡើយ ដោយ​បដិសេធថា​ខ្លួន​មិនដែល មាន​គម្រោង​អភិវឌ្ឍន៍​អាវុធ​នុយ​គ្លី​អ៊ែរ​ដែលជា​បម្រាម​របស់​ច្បាប់​អន្តរជាតិ​ឡើយ ។​

​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ មានការ​វាយប្រហារ​ភេ​វរ​កម្ម ដោយ​ពួក អាល់ កៃ​ដា​ដោយ​ការ បើក​យន្តហោះ​បំ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក ( WTO ) នៅ​សហរដ្ឋអាមេរិក ធ្វើឱ្យ​អាមេរិក ស្វែងរក​ការសង​សឹក ដោយ​ប្រការ​ផ្សេងៗ ដោយ​អាមេរិក អះអាងថា ទង្វើ​នោះ​មានការ​ជាប់ ពាក់ព័ន្ធ យ៉ាងខ្លាំង​ជាមួយ​រដ្ឋាភិបាល របស់ សា​ដាំ ហ៊ូ​សេន ។​

​ខែតុលា ឆ្នាំ​២០០២ អាមេរិក បាន​បើក​ការវាយលុក​ទៅលើ​អ៊ីរ៉ាក់ ហើយ​នៅ​ខែវិច្ឆិកា ឆ្នាំ ដដែល​នោះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏​បើក​ការ​លុកលុយ​ប្រទេស អ៊ីរ៉ាក់ ដែរ ដោយ​ចោទថា រដ្ឋាភិបាល សា​ដាំ ហ៊ូ​សេន កំពុង​អភិវឌ្ឍ អាវុធ​នុយ​គ្លី​អ៊ែរ និង មាន​ទំនាក់​ទំនងជា​មួយក្រុម ភេ​វរ​ករ អាល់ កៃ​ដា ។​

​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ​អាមេរិក បាន​ចូលលុកលុយ អ៊ីរ៉ាក់ នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០០៣ ហើយ​បង្កើត​អាជ្ញាធរ​បណ្តោះអាសន្ន សម្រាប់​គ្រប់គ្រង​អ៊ីរ៉ាក់ ។ សា​ដាំ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០០៣ ។ ការ​លុកលុយ​ដោយ​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ​អាមេរិក និង អង់គ្លេស​នោះ បានធ្វើឱ្យ​ប្រទេស​អ៊ីរ៉ាក់ ខ្ទេចខ្ទាំ សិង​តែ​រាប​ដល់​ដី ។ បន្ទាប់ពី​ការកាន់កាប់ និង​ស្វែងរក​យ៉ាង​យកចិត្តទុកដាក់​មក ក្រុម​ជំនាញ​របស់​អង្គការសហប្រជាជាតិ បានប្រកាសថា “​ពុំមាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា អ៊ីរ៉ាក់ អភិវឌ្ឍ​អាវុធ នុយ​គ្លី​អ៊ែរ​ដូច​ការ​ចោទ​របស់ អាមេរិក និង អង់គ្លេស​ឡើយ “ ។​

​ដោយ​មិនអាច​ប្រកែក​បាន អាមេរិក បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ដោយ​លើកឡើងថា អ្នកស៊ើប​ការណ៍​របស់​ខ្លួន ផ្តល់ព័ត៌មាន​ខុស ។ ប៉ុន្តែ ប្រទេស​អ៊ីរ៉ាក់ ទាំងមូល​រង​ភាព​វិនាស ហិណហោច យ៉ាង​ខ្លោចផ្សា​ឥត​គណនា ដោយ​រួមទាំង​អាយុជីវិត មនុស្ស​យ៉ាងច្រើន​ទៀតផង ។​

​អាយុជីវិត​មនុស្ស​ជាច្រើន ទ្រព្យសម្បត្តិ​ដ៏​មហិមា និង​ប្រទេសជាតិ​មួយ ត្រូវបាន​បំផ្លិចបំផ្លាញ ដោយ​ក្រុម​ពួក​មហាអំណាច​លោកខាងលិច ដោយមាន​អាមេរិក និង​អង់គ្លេស ជា​ប្រមុខ​នោះ ត្រូវបាន​ជំនួស​មកវិញ​ត្រឹមតែ​ពាក្យ​ថា “ សុំទោស “ មួយ​ម៉ាត់​ប៉ុណ្ណោះ ។ បន្ទាប់ពីនោះ​មកដល់ ថ្ងៃនេះ គ្មាន​ប្រទេស​ណាមួយ​រវល់​ពី​រឿង​រក​យុត្តិធម៌​ជូន អ៊ីរ៉ាក់ ឡើយ ដោយ​ពួកគេ​ម្នាក់ៗ សុទ្ធតែ​មិន​ហ៊ាន​និយាយស្តី ទាំង​មិន​ហ៊ាន​ធ្វើ​អ្វី​ម្យ៉ាង ព្រោះតែ​ខ្លាច អាមេរិក និង អង់គ្លេស ។ ជំនួស​ឱ្យ​ការស្វែងរក​យុត្តិធម៌​ជូន​ជាតិ​សាសន៍​មួយ​នេះ បណ្តា​ប្រទេស​នានា ដែល​ពាក់ព័ន្ធ បែរ​ទៅ​ប្រឹង​ដណ្តើម​គ្នា​យកតែ​ផលប្រយោជន៍​ពីអ្វី​ដែលមាន​នៅ អ៊ីរ៉ាក់ ទៅវិញ​ជាពិសេស​ផល ប្រយោជន៍​ប្រេងកាត ភូមិសាស្ត្រ និង នយោបាយ ។​

​មិនតែប៉ុណ្ណោះ ដើម្បី​សម្រាល​កំហុស​របស់​ពួក​មហាអំណាច​ឈ្លានពាន​ទាំងនោះ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០០៦ សា​ដាំ ត្រូវបាន​កាត់​ឱ្យ​មានទោស​ប្រហារជីវិត​ដោយ​ព្យួរ ក ដោយ តុលាការ អ៊ីរ៉ាក់ ដែល​ស្ថិតក្រោម​ការបង្គាប់បញ្ជា​របស់ អាមេរិក ពីបទ​ប្រឆាំង​មនុស្សជាតិ ហើយ​ការអនុវត្ត​ការព្យួរ ក សា​ដាំ ត្រូវបានធ្វើ​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០០៦ ។​

​ពីដំបូង​ឡើយ ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា រដ្ឋាភិបាល សា​ដាំ ហ៊ូ​សេន ឃោរឃៅ ។ ប៉ុន្តែ​មិនយូរប៉ុន្មាន ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា ដោយសារតែ​រដ្ឋាភិបាល សា​ដាំ ហ៊ូ​សេន មិន​រណប ឬ​មិន​ស្តាប់បង្គាប់ អាមេរិក ហើយ​អាមេរិក​បារម្ភ​ខ្លាចក្រែង​ប្រភព​ផ្គត់ផ្គង់​ប្រេង ឥន្ធនៈ​សំខាន់ៗ នៅ​មជ្ឈិមបូព៌ា ត្រូវបាន​របូត​ពី​ការគ្រប់គ្រង​របស់​អាមេរិក និង បស្ចិម​លោក តាមរយៈ​អ៊ីរ៉ាក់​ខ្លាំងក្លា ផង និង ជាការ​ស្វែងរក​ការសង​សឹក របស់​អាមេរិក​ផង​។​

​មុននេះ​បន្តិច គឺ​នៅ​ខែមករា ឆ្នាំ​២០០៥ ការបោះឆ្នោត​ជា​លើកដំបូង​នៅ អ៊ីរ៉ាក់​បន្ទាប់ពី​ត្រូវបាន ឈ្លានពាន​ដោយ អាមេរិក និង​សម្ព័ន្ធមិត្ត ត្រូវបាន​រៀបចំឡើង​ខ​ណៈ​ការវាយប្រហារ​ជា លក្ខណៈ​ឧទ្ទាម​ប្រឆាំង​វត្តមាន​អាមេរិក កើន​ឡើ​ពី ២៥.៤៩៦ នៅ​ឆ្នាំ​២០០៤ ដល់ ៣៤.១៣១ លើក​នៅ​ឆ្នាំ​២០០៥ ។​

​នៅ​ឆ្នាំ​២០០៥ នោះដែរ ថ្ងៃទី​១៤ ខែកក្កដា ក៏ត្រូវ​បានប្រកាសថា​ជា “ ទិវា​សាធារណៈ អ៊ីរ៉ាក់​” ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល ឧ​ត្ត​ម​សេនីយ៍ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​១៩៥៨ បញ្ចប់​របបរាជានិយម បង្កើតបានជា​របប​សាធារណរដ្ឋ លើកដំបូង នៅ​អ៊ីរ៉ាក់ ។​

​ទោះយ៉ាងណា ភាព​ខ្ទេចខ្ទាំ និង​ទុរគត​ភាព នៅតែ​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​អ៊ីរ៉ាក់ នៅឡើយ ដែល​បើ​ធៀប​ទៅនឹង​សម័យកាល​របស់ សា​ដាំ ហ៊ូ​សេន ប្រទេស អ៊ីរ៉ាក់ ត្រូវបាន​ចាត់ទុកថា ជា​ប្រទេស ដ៏​រុងរឿង​មួយ​ក្នុង​លោក ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ក្បួនព្យុហយាត្រា​នី​ថ្ងៃ​បង្កើត​របប​សាធារណរដ្ឋ អ៊ីរ៉ាក់ នា​ឆ្នាំ ១៩៥៨
ទីក្រុង បា​ដា​ដ នៃ ប្រទេស អ៊ីរ៉ាក់
ឧ​ត្ត​ម​សេនីយ៍ អាប់ដ៍ អាល់​-​ការី​ម កា​ស៊ីម ជា​ស្ថាបនិក​សាធារណរដ្ឋ អ៊ីរ៉ាក់ មុនដំបូង