ពិត​អត់​ដែលថា ស្ត្រី​ដែល​ទាបៗ មិនអាច​ពពោះ​បាន​គ្រប់​ខែ​ទេ​?

156
ចែករម្លែក

រឿងនេះ​ស្តាប់​មើលទៅ​ដូចជា​មិន​ទំនង​សោះ ប៉ុន្តែ​ករណី​កម្ពស់​ប្រហែលជា​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​កំណត់ថា​ពេលណា​ដែល​ត្រូវ​សម្រាលកូន​ដែរ​។ ការសិក្សា​ថ្មី​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន PLOS Medicine បាន​ឲ្យ​ដឹងថា កម្ពស់​របស់​ម្តាយ​ក៏មាន​ទំនាក់ទំនង​ធ្វើ​ឲ្យ​មានឱកាស​ប្រឈម​នឹង​សម្រាលកូន​មិន​គ្រប់​ខែ​ដែរ​។ ការសិក្សា​មួយ​ដែល​ធ្វើ​នៅ Center for Prevention of Preterm Birth នៃ​មន្ទីរពេទ្យ Cincinnati Children’s បាន​រកឃើញថា ស្ត្រី​ដែល​ទាបៗ​ប្រហែលជា​ពរ​ពោះ​មិនបាន​គ្រប់​ខែ​ទេ​។​

​នៅ​សហរដ្ឋអាមេរិក មាន​ទារក​ប្រហែល ៥០០០០០​នាក់​ដែល​កើត​មិន​គ្រប់​ខែ​ជា​រៀងរាល់ឆ្នាំ​។ តាមពិត នៅ​អាមេរិក​មាន​អត្រា​ទារក​កើត​មិន​គ្រប់​ខែ​ខ្ពស់បំផុត​មួយ​ក្នុងចំណោម​ប្រទេស​អភិ​វ​ឌ្ឈ​ន៍​ទាំងអស់​។​

តើ​មាន​អ្វី​ទាក់ទង​នឹង​កម្ពស់​ម្តាយ​ដែរ​ទៅ​?
​ការសិក្សា​នេះ​បានធ្វើការ​តាមដាន​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ ៣៥០០​នាក់​ក្នុង ប្រទេស​ហ្វា​ង​ឡង់ ណរ​វ៉េ និង​ដា​ណឺ​ម៉ាខ​។ ខណៈពេលដែល​ការសិក្សា​នេះ​មិនបាន​ទាញ​សេចក្តី​សន្និដ្ឋានថា​ហេតុអ្វី​បានជា​កម្ពស់​ស្ត្រី​ជា​ម្តាយ​ដើរតួនាទី​លើ​រឿងនេះ​ក៏ដោយ តែ​អ្នកជំនាញ​មួយចំនួន​បាន​ផ្តល់នូវ​គំនិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​ថា កម្ពស់​ម្តាយ​ប្រហែលជា​ប៉ះពាល់​ដល់​ទំហំ​របស់​ស្បូន និង​ត្រគាក​របស់​ពួកគេ មានន័យថា ទារក​អាច​នឹង​មិនមាន​កន្លែង​ធំ​គ្រប់គ្រាន់​ដើម្បី​លូតលាស់ ហើយ​នេះ​ជាហេតុ​ផល​នាំ​ឲ្យ​ពួកគេ​បង្ខំ​កើតមុន​កំណត់​។​

តើ​ស្ត្រី​ទាបៗ​អាចធ្វើ​អ្វី​បាន​ទៅ​?
​ជាក់ស្តែង​ក្នុងប្រទេស​កម្ពុជា​យើង មាន​ស្ត្រី​ទាបៗ​ច្រើនណាស់ ប៉ុន្តែ​កុំ​ទាន់​បារម្ភ​អី ចូរ​បន្ធូរ​អារម្មណ៍ និង​ដកដង្ហើម​ជ្រៅៗ​សិន​ទៅ​។ ការសិក្សា​បាន​ឲ្យ​ដឹងថា មាន​កត្តា​ច្រើនណាស់​ដែល​នាំ​ឲ្យ​ស្ត្រី​កើតកូន​មិនបាន​គ្រប់​ខែ​ដូចជា ទម្ងន់​ម្តាយ ឬ​ភាព​តានតឹង​របស់​ម្តាយ ជាដើម​។​

​អ្វីដែល​ល្អ​បំផុត​ដែល​បងប្អូន​ស្ត្រី​របស់​យើង​ដែលមាន​កម្ពស់​មិនសូវ​បាន​អាច​ធ្វើបាន​នោះ​គឺ ធ្វើយ៉ាងណា​រក្សាសុខ​ភាព​ឲ្យ​បានល្អ​បំផុត​ក្នុងពេល​មាន​ផ្ទៃពោះ​។ ចូរ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​ការ​ធាត់​ឡើង​ទម្ងន់ ជាពិសេស​ត្រូវ​ទៅ​ជួប​ពេទ្យ​តាម​ការ​ណាត់ និង​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ លេបថ្នាំ​វីតាមីន​ក្នុងពេល​មាន​ផ្ទៃពោះ និង​របប​អាហារ​មាន​តុល្យភាព​៕ ដោយៈ health.com.kh