ប្រហែស​មិនបាន​ទេ ! ថ្ងៃ ១៤ កក្កដា កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ ១៩ ចំនួន ៩ នាក់ គ្មាន​អ្នកជា​សះស្បើយ​

129
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​អះអាង​ថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០ នេះ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា មាន​ដូចតទៅ ៖


១. ករណី​ឆ្លង​ថ្មី ៖ ៩ នាក់ គឺជា​បុរស​ជនជាតិខ្មែរ អាយុ​ចាប់ពី ២៤ ដល់ ៣០ ឆ្នាំ ដែលមាន​អាសយដ្ឋាន​នៅ ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ , ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង , ស្រុកពញ្ញាឮ ខេត្តកណ្តាល , ស្រុកត្បូងឃ្មុំ ស្រុក ពញាក្រែក និង ស្រុក ក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ គឺជា​អ្នកដំណើរ​មកពី​ប្រទេសអា​រ៉ា​ប៊ី សា​អ៊ូ​ឌី បន្ត​ជើងហោះហើរនៅ​ប្រទេសម៉ាឡេស៊ី ដែល​បាន​មកដល់កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ ។

គឺ​ក្រុម​អ្នកដំណើរ​ក្នុង​ជើងហោះហើរ​មួយ​នេះហើយ ដែល​​កាលពី​ថ្ងៃទី ១២ ខែ កក្កដា នេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ ចំនួន ១៥ នាក់ ហើយ​អ្នក​ដែល​រកឃើញ​នៅថ្ងៃនេះ គឺជា​អ្នក​ដែល​កាល​ថ្ងៃ​ណោះរក​មិនទាន់​ឃើញ ក៏ត្រូវ​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ ។ ដូច្នេះ​ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់ ៨០ នាក់ ក្នុង​ជើងហោះហើរ​មួយ​នោះ ត្រូវបាន​រកឃើញ​កូ​វីដ ១៩ ចំនួន ២៤ នាក់​ហើយ បច្ចុប្បន្ន​អ្នក​ទាំង ២៤ នាក់​នោះ ត្រូវ​បានដាក់​ឱ្យនៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាពចាក់អង្រែ ក្នុង​រាជធានីភ្នំពេញ ខណៈ​អ្នកដំណើរ​ផ្សេងទៀត កំពុង​ដាក់​ឱ្យនៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ។​


២. អ្នក​ឆ្លង​សរុប ( គិត​ទាំង​អ្នកជា​សះស្បើយ​ហើយ​ផង ) ៖ ១៦៥ នាក់ ក្នុងនោះ ស្ត្រី ៤០ នាក់​បុរស ១២៥ នាក់


៣. អ្នកជា​សះស្បើយ​ថ្មី ៖ គ្មាន​


៤. អ្នកជា​សះស្បើយ​សរុប ( គិច​ចាប់ពី​ខែ មករា ) ៖ ១៣៣ នាក់ ស្មើនឹង ៨០ , ៦១ ភាគរយ ក្នុងនោះ​ស្ត្រី ៣៩ នាក់ បុរស ៩៤ នាក់


៥. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ ៣២ នាក់


​ដូចដែល​បានលើកឡើង​ខាងលើនេះ ឃើញថា​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ពិតជា​មិនទាន់​អាច​ធ្វេសប្រហែស​បានឡើយ ។ ប៉ុន្តែ​ប្រការ​គួរឱ្យកត់សម្គាល់​នោះ​គឺថា ការរកឃើញ​ទាំ​អ​នោះ សុទ្ធតែជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ពោលគឺ​មិនមែនជា​ករណី​ឆ្លង​នៅក្នុង​សហគមន៍​ទេ ដែល​បានសេចក្តីថា ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ស្ថិតនៅ​ដំណាក់កាល​មួយ​នៅឡើយ ។​


​ទោះ​យ៉ាងនេះ​ក្តី ជា​បន្តបន្ទាប់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល និង អង្គការ សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា តែងតែបាន​ក្រើនរំឭក​ឱ្យ​សាធារណជន​បន្ត​ការប្រុងប្រយ័ត្ន អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ជា​អ្វីដែល​ក្រសួងសុខាភិបាល​ហៅថា រស់នៅ “ តាមបែប​ធម្មតា ក្នុង​គន្លង​ថ្មី “ ដូចជា​លាងដៃ​ដោយ​អាល់កុល ជែ​ល និង សាប៊ូ ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) និង នៅ​ឱ្យ​ឃ្លាត​ពីគ្នា​ចាប់ពី ១ ម៉ែត្រ​កន្លះ ជាដើម ព្រោះ​ប្រទេស​កម្ពុជា ពិតជា​មិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ​នៅឡើយ​ទេ ខណៈ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ នេះ​នៅឡើយ ហើយ​ថា ប្រសិនបើ​សាធារណជន​កម្ពុជា ហ៊ាន​តែ​ធ្វេសប្រហែស​នោះ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​ពេលនោះ អាច​នឹង​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែ កម្ពុជា បាន​ពើប​នាពេល​កន្លងមកនេះ ។​

​តាមរយៈ​សេចក្តីប្រកាស​ដដែល​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល និង ក្រុមគ្រូពេទ្យ​ទូទាំងប្រទេស ក៏ដូចជា​ស្ថាប័ន និង អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក ម​ជ្ឈ​ម​មណ្ឌល​គ្រប់គ្រង និង បង្ការ​ជំងឺឆ្លង​សហរដ្ឋអាម៉េរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ខិតខំ​បំពេញការងារ​នា​គ្រាកន្លងមក ហើយ​ថា​ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន​អំពី​ស្ថានភាព​ទូទៅ នៃ ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ៕ Kh/Ha

ថ្ងៃនេះ​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ចំនួន ៩ នាក់​ថែម​ទៀង ប៉ុន្តែ​មិនមាន​អ្នកជា​សះស្បើយ​ទេ ( រូបៈ ឯកសារ )​