ស្ថានីយ​បូមទឹក​ទី​៣​នៃ​គម្រោង​វ៉ៃ​កូ​ជំហាន​បូម​សាកល្បង​បាន​ជោគជ័យ​

215
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: ស្ថានីយ​បូមទឹក​ខ្នាត​ធំ​មួយកន្លែង​នៅក្នុង​ចំណោម​៤​កន្លែង សម្រាប់ បូមទឹក​ដោយ​ថាមពល​អគ្គិសនី​ដាក់ចូល​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​ទី​២​ដំណើរសាកល្បង​បាន​ជោគជ័យ ក្នុងពេល​ស្ថានភាព​ទឹក​ស្ថិត​ទន្លេ​នៅ​បាតទន្លេ ដូចជា នៅក្នុង​រដូវប្រាំង​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២០​ថា ស្ថានីយ​បូមទឹក​ធំៗ​ចំនួន​បួន​កន្លែង​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​១ និង​ជំហាន​២ ជា​គម្រោងទាញយក​ទឹក​ពី​ទន្លេតូច​(​មេគង្គ​ត្បូងឃ្មុំ​)​ទៅប្រើ​នៅ​ខេត្តព្រៃវែង និង​ស្វាយរៀង​បាន​ដំឡើងរួច និង​បាន​ដំណើរការ​បូមទឹក​សាក​ល្បង​ដោយ​ថាមពល​អគ្គិសនី​នៅ​ស្ថានីយ​ទី​៣ ក្នុង​ខេត្តព្រៃវែង​បាន​ជោគជ័យ នៅ​ថ្ងៃទី​១៣​ខែកក្កដា​។ ស្ថានីយ​ទី​២​និង​ទី​៤​នឹង​ចាប់ផ្តើម​សាកល្បង​នៅ​ថ្ងៃ​បន្តបន្ទាប់ តែ​ចំពោះស្ថានីយទី​១​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​បូមទឹក​ពី​ទន្លេតូច​ដាក់ចូល​ប្រព័ន្ធ​វ៉ៃ​កូ​មិនទាន់បាន​ភ្ជាប់ចរន្ត​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា ការបូមទឹក​សាកល្បង​នៅ​ស្ថានីយបូមទឹក​ទី​៣​ក្នុង​គម្រោង​វ៉ៃ​កូ​ជំហាន​ទី​២​នៅក្នុង​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង នេះ​មាន​ម៉ូទ័​រ​ចំនួន​៤​គ្រឿង មាន​សមត្ថភាព​បញ្ជូន​ទឹក​ពី​ទន្លេតូច​ក្នុង ស្រុក​កំពង់ត្របែក​ទៅ​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​បាន​១២.០០០​ហិកតា ដោយ​អាច​ធ្វើស្រែ បាន​ពីរដង​ក្នុង​មួយឆ្នាំ​។ គម្រោង​វ៉ៃ​កូ​ទាំងមូល​ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ២០០​លាន​ដុល្លារ​នេះ នៅសល់តែ​ការភ្ជាប់​ចរន្តអគ្គិសនី​ចូល​ស្ថានីយ​បូមទឹក​ទេ គឺរួចរាល់​ជា​ស្ថាពរ​ហើយ​។ ស្ថានីយ​បូមទឹក​ទាំង​បួន​កន្លែង​សាងសង់ឡើង​សម្រាប់បូមទឹក​ដាក់​ប្រឡាយ​នៅពេល​ទឹកទន្លេ​ទាប​ ឬ​នៅ​រដូវប្រាំង​។​

​ស្ថានីយ​បូមទឹក​ទាំង​បួន​កន្លែង​នេះ​លោក ចាន់ យុ​ត្ថា និយាយថា មាន​ពីរ​ស្ថានីយ​នៅក្នុង​គម្រោង​វ៉ៃ​កូ​ជំហាន​១​និង​ពីរ​កន្លែង​នៅក្នុង​គម្រោង​វ៉ៃ​កូ​ជំហាន​២​។ ស្ថានីយ​បូមទឹក​ពីរ​កន្លែង​នៅក្នុង​គម្រោង​វ៉ៃ​កូ​ជំហាន​១ ដោយ​ស្ថានីយ​ទី​១​មាន​៩​មូទ័រ បូមទឹក​ឡើង​ពី​ទន្លេតូច​ដាក់់ចូល​បឹង​កា​ពិត​ស្ ថានីយ​ទី​២ មាន​៤​ម៉ូ​ទ័​រ​(​មួយ​តូច​) បូមទឹក​បន្ត​ពី បឹង​កា​ពិត​ដាក់ចូល​ប្រឡាយ​មេ ស្ថានីយ​ទី​៣​និង​ស្ថានីយ​ទី​៤ នៅក្នុងគម្រោង​វ៉ៃ​កូ​ជំហាន​២​។ ស្ថានីយ​ទាំង​បួន​នេះ​ប្រើ​ដោយ​ថាមពលអគ្គិសនី នៅ​រដូវប្រាំង​ដែល​ទឹកទន្លេ​ឡើង​មិន​ដល់​មាត់​ប្រឡាយ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹងទៀតថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធា​រាសាស្ត្រ​វ៉ែ​កូ​ជំហាន​១​និង​ជំហាន​២​នេះ ពេល​ទឹកទន្លេ​មេគង្គ​នៅក្នុង​ខេត្តកំពង់ចាម ឡើងដល់​កម្ពស់​១០.៥០​ម៉ែត្រ​ទឹក​ចាប់ផ្តើម​ហូរ​ចូល​តាម​ប្រឡាយ​មេ​និង​ពេល​ទឹកស្រក​វិញ​ទ្វារ​ទឹក​នៅជាប់​នឹ​មាត់ទន្លេ​ត្រូវបាន​បិទ ដើម្បី​កុំឱ្យ​ទឹក​ហូរ​ចូល​ទន្លេ​វិញ​។ នៅ​រដូវប្រាំង​ត្រូវ​ប្រើ​ម៉ូទ​រ័​បូមទឹក​ពី​ក្នុង​ទន្លេតូច​ដាក់ចូល​ទៅក្នុង​ប្រឡាយ​មេ និង​ប្រឡាយ​រង​ទៅតាម​តម្រូវការ​ជាក់ស្តែង​។ គម្រោង​វ៉ែ​កូ​ជំហាន​ទី​១ បានបញ្ចប់​នៅក្នុង​ឆ្នាំ​២០១៧ និង​គម្រោង​ទី​២​បាន​បន្ត​អនុវត្ត​ដល់​សព្វថ្ងៃ​សម្រេច​លទ្ធផល​បាន​ជិត​មួយរយ​ភាគរយ​នៃ​គម្រោង ដែល​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​។ គម្រោង​ទាំងពីរ​នេះ ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ២០០​លាន​ដុល្លារ ក្រោយពេល​ធ្វើ​រួច ធានា​ទឹក​ស្រោចស្រព​ដល់​ផ្ទៃដី​ដំណាំ​ស្រូវប្រាំង​និង​វស្សា​ប្រមាណ​៣០​ម៉ឺន​ហិកតា ​មួយផ្នែក​នៅក្នុង​ខេត្តកំពង់ចាម​(​ត្បូងឃ្មុំ​) ព្រៃវែង និង​ខេត្តព្រៃវែង ដែល​កាលពី​មិនទាន់មាន​គម្រោង​នេះ ការដាំដុះ​ដំណាំ​ស្រូវ​មួយផ្នែក​ពឹង​ផ្អែកលើ​ប្រភពទឹករបស់​ប្រទេសជិតខាង​។​

​យោងតាម​ឯកសារ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានបង្ហាញ​ឲ្យ​ឃើញថា គម្រោង​ជំហាន​ទី​២ មាន​ការងារ​សំខាន់​ធំៗ​ដូចជា ជីក​ព្រែក​២​ខ្សែ​សរុប​ប្រវែង ១៤,៦ គីឡូម៉ែត្រ ដោយ​ព្រែក​លេខ​១​មាន​ប្រវែង​៦,៣​​គីឡូម៉ែត្រm ជម្រៅ​១០,១០​ម៉ែត្រ និង​ព្រែក​លេខ​២ ប្រវែង​៨,៣​គីឡូម៉ែត្រ​ជម្រៅ ១០,៨០​ម៉ែត្រ​។ ក្នុង​គម្រោង​បានបង្ហាញ​ទៀតថា​ជីក​ប្រឡាយ​មេ​ចំនួន​៤​ខ្សែ​ប្រវែង​សរុប​៥៩,៥​គីឡូម៉ែត្រ ដោយ​រួមមាន​ប្រ​ឡា យ​មេលេខ​១​ប្រវែង​១៩,៦​គីឡូម៉ែត្រ ទទឹង​មាត់ លើ​ពី​៦,៩២​ម៉ែត្រ​ដល់​១០,៥៤​ម៉ែត្រ​និង​ទទឹង​បាត​ក្រោម​ពី​២​ដល់​៤​ម៉ែត្រ ជម្រៅ​ពី ២,៤៦​ម៉ែត្រ​ដល់​៣,២៧​ម៉ែត្រ​។ ប្រឡាយ​លេខ​២​ប្រវែង​១២,៦​គីឡូម៉ែត្រ ទទឹង​មាត់​លើ​ពី​១១,៣៤​ម៉ែត្រ​ដល់​១០,៥៤​ម៉ែត្រ និង​ទទឹង​បាត​ក្រោម​៥​ម៉ែត្រ ជម្រៅ​៣,១៧​ម៉ែត្រ​។ ប្រឡាយ​លេខ​៣​ប្រវែង​៧,៤​គីឡូម៉ែត្រ​ទទឹង​មាត់​លើ​១១,០៦​ម៉ែត្រ ដល់ ១០,៥៤​ម៉ែត្រ​និង​ទទឹង​បាត​ក្រោម​៤​ម៉ែត្រ ជម្រៅ​៣,៥៣​ម៉ែត្រ​។ ប្រឡាយ​លេខ​៤ ប្រវែង​១៩,៨៧​គីឡូម៉ែត្រ ទទឹង​មាត់​លើ​១១,០៦​ម៉ែត្រ​ដល់​១០,៥៤​ម៉ែត្រ និង​ទទឹង​បាត​ក្រោម​៤​ម៉ែត្រ ជម្រៅ​៣,៥៣​ម៉ែត្រ​។ នៅ​គម្រោង​ជំហាន​ទី​២​នេះ ក៏មាន​សាងសង់​ទំនប់​សណ្តរ​ប្រវែង​៤១,៥​គីឡូម៉ែត្រ​។ សំណង់​បង្ហៀរទឹក​១​កន្លែង សំណង់​ស្ទាក់​ទឹក​៦​កន្លែង និង​សំណង់​សម្រួល​ចរន្តទឹក​៨​កន្លែង​។ ស្ថានីយ​បូមទឹក​៤​កន្លែង និង​សំណង់​លូទឹក​ចំនួន​៣២​កន្លែង​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​រំពឹងទុក​ថា នៅពេល​បញ្ចប់​ការងារ សាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​២ ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេចបាន​នូវ​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ​ពេញលេញ ដែល​អាច​ធ្វើជា​ម្ចាស់​លើ​ការដោះស្រាយ​លើ​បញ្ហា​ទឹក​មួយកម្រិត​នៅក្នុង​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ដែល​ពីមុនមក​ពឹងផ្អែក​ភាគច្រើន​ទៅលើ​ប្រភពទឹក​ពី​ប្រទេស​វៀតណាម​។ ព្រមទាំង​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​សម្រាប់​បង្កើន​ផលិតផល​កសិកម្ម​បាន​ទំហំ ៩៣.១០០​ហិកតា នៅក្នុង​រដូវវស្សា​និង​២៣.៣០០​ហិកតា នៅ​រដូវប្រាំង​ការផ្គត់ផ្គង់​ទឹកស្អាត និង​កាត់បន្ថយ​ទឹកជំនន់​តាម​តំបន់​ផ្នែក​ខាងក្រោម​ផងដែរ​។​

​ចំណែកឯ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​ទី​១ ដែល​បានធ្វើ​រួចទៅហើយ​នោះ បើ​យោងតាម​ឯកសារ​របស់ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បង្ហាញ​ឲ្យ​ឃើញថា ចំណាយ​ថវិកា​អស់​ប្រមាណ​១០០​លាន​ដុល្លារ សម្រាប់​ជីក​ស្តារ​ព្រែ​កមួយ​ខ្សែ​មាន​ប្រវែង​ជាង​៤០​គីឡូម៉ែត្រ ដោយ​នៅក្នុង​ផ្នែក​ទីមួយ​មាន ប្រឡាយ​ប្រវែង​១៣​គីឡូម៉ែត្រ ទទឹង​មាត់​លើ​៥៥​ម៉ែត្រ និង​ទទឹង​បាត​ក្រោម​២៥​ម៉ែត្រ ចាប់ពី​ឃុំ​មហាលាភ​ស្រុក​កោះសូទិន​ខេត្តកំពង់ចាម​ដល់​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។ ផ្នែក​ទី​ពីរ​មាន​ប្រវែង​២៧​គីឡូម៉ែត្រ ទទឹង​មាត់​លើ​៤៤​ម៉ែត្រ និង​ទទឹង​បាត​ក្រោម​១៨​ម៉ែត្រ ចាប់ពី​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក​ស៊ីធរ​កណ្តាល​ដល់​ឃុំ​តា​ដោក ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

​ក្រៅពី​គម្រោង​ជីក​ស្តា​ព្រែក​ខាងលើ​នៅមាន​គម្រោង​ជីក​ប្រឡាយ​មេ​ពីរ​ខ្សែ​ប្រវែង​៧៨​គីឡូម៉ែត្រ​។​ប្រឡាយ​ទីមួយ មាន​ប្រវែង​២៨,៥​គីឡូម៉ែត្រ ទទឹង មាត់ លើ ២៥,៥​ម៉ែត្រ ទទឹង​បាត​ក្រោម​៨,៥​ម៉ែត្រ ចាប់ពី​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក​ស៊ីធរកណ្តាល ដល់​ឃុំ​ដំរី​ពួន ស្រុក​ព្រៃវែង​។ ប្រឡាយ​ទី​ពីរ​ប្រវែង​៤៣​គីឡូម៉ែត្រ​ទទឹង មាត់​លើ​២៣​ម៉ែត្រ​ទទឹង​បាត​ក្រោម​១១​ម៉ែត្រ ចាប់ពី​ឃុំ​តា​ដោក​ដល់​ឃុំ​កំចាយមារ ឃុំ​ប្រា​ហួត ស្រុក​មេសាង ខេត្តព្រៃវែង​។ សាងសង់​សំណង់​មេ​យក​ទឹក​ពីរ​កន្លែង សំណង់​បញ្ចាល់ទឹក​១៦​កន្លែង និង សំណង់​បែងចែក​ទឹក​២២​កន្លែង​។​

​គម្រោង​ជំហាន​ទីមួយ​នេះ ធានា​ការស្រោចស្រព​លើដី​ស្រូវវស្សា បាន ចំនួន ១០៨.៣០០​ហិកតា និង​ផ្ទៃដី​ស្រូវប្រាំង​២៧.១០០​ហិកតា នៅក្នុង​ស្រុក អូររាំងឪ ស្រុក​កោះសូទិន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​(​កំពង់ចាម​) និង​ស្រុក​មេសាង ស្រុក​ស៊ីធរ​កណ្តាល ស្រុក​កំចាយមារ ស្រុក​ព្រៃវែង ខេត្តព្រៃវែង​៕ ល​/Ha