សម្តេច ហ៊ុន សែន​: បើ​ខ្ញុំ​គាំទ្រ​ឲ្យ​មានការ​នាំចូល​ជ្រូក ស្មើនឹង​សម្លាប់​កសិករ​ដែល​កំពុង​ចិញ្ចឹម​ជ្រូក​នៅក្នុង​ប្រទេស​

246
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ព្រៃវែង​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​អំពី​ទស្សន​:ផ្ទាល់​របស់​សម្តេច គឺ​ប្រសិនជា​ផលិតផល​ដែល​ក្នុងស្រុក​អាចធ្វើ​បាន​ហើយ​នោះ មិនគួរ​នាំចូល​ពី​ក្រៅប្រទេស​ទៀត​នោះទេ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា​នេះ ក្នុងឱកាស​ពិនិត្យមើល​វឌ្ឍនភាព នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វារីវប្បកម្ម​ទឹកសាប​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ម្សិលមិញ​មាន​សំណើ​ក្រុមហ៊ុន​មួយ​បាន​ផ្ញើលិខិត​មក​ខ្ញុំ​ពី​លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ អំពី​គម្រោង​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​មួយ​លាន​ក្បាល មក​ក្នុងប្រទេស​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​កម្ពុជា និង​នាំ​ចេញទៅ​វៀតណាម​។

​សម្តេច​បាន​បន្តថាៈ “​ខ្ញុំ​បាន​ចារ​ឲ្យ​អ្នកបច្ចេកទេស​សិក្សា​។ ក៏ប៉ុន្តែ​គំនិត​របស់ខ្ញុំ គឺ​កុំ​នាំចូល​ពី​គេ បើ​ក្នុងប្រទេស​របស់ខ្លួន​ចិញ្ចឹម​បាន​ហើយ​នោះ​។ បើសិនជា​យើង​នាំចូល​ពី​គេ​ គួរ​នាំចូល​អ្វីដែល​កម្ពុជា​មិនអាច​ធ្វើបាន​…”​។​

​សម្តេច​បន្តថាៈ “​បើ​ខ្ញុំ​យល់ព្រម គឺ​ខ្ញុំ​ជា​អ្នក​សម្លាប់​កសិករ​ចិញ្ចឹម​ជ្រូក​ខ្លួនឯង​តែម្ដង​។ ពេលដែល​ខ្ញុំ​ដើរមក​ប្រកាស​ឲ្យ​កសិករ​ចិញ្ចឹម​ជ្រូក​ តែ​យើងបែរជា​ឲ្យ​មានការ​នាំចូល​ពី​ក្រៅ​វិញ​នោះ​”៕ ល​/Ha