បារាំងកាត់បន្ថយជើងហោះហើររបស់ចិនមកកាន់ទីក្រុងប៉ារីសដើម្បីសងសឹកវិញ

309
ចែករម្លែក

រដ្ឋាភិបាលបារាំងកាលពីថ្ងៃចន្ទទី១៣កក្កដាបានចាប់ផ្តើមរឹតបន្តឹងលើក្រុមហ៊ុនអាកាសចរណ៍ចិនឱ្យនៅសល់ត្រឹមការហោះហើរមួយជើងប៉ុណ្ណោះទៅកាន់ប្រទេសបារាំងក្នុងមួយសប្តាហ៍ដោយនិយាយថាខ្លួនកំពុងធ្វើសកម្មភាពឆ្លើយតបទៅនឹងការរឹតត្បិតរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះក្រុមហ៊ុនអាកាសចរណ៍បារាំងដែលហោះហើរទៅប្រទេសចិន។

ស្ថានទូតបារាំងនៅទីក្រុងប៉េកាំងបាននិយាយនៅលើវេបសាយរបស់ខ្លួនថា “ចាប់ពីថ្ងៃទី ១៣ ខែកក្កដាក្រុមហ៊ុនចិននឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរតែមួយជើងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ ការពិភាក្សាកំពុងធ្វើឡើងរវាងរដ្ឋាភិបាលទាំងពីរដោយគោលបំណងដើម្បីឈានទៅរកដំណោះស្រាយពេញចិត្តមួយ”។

និយតករអាកាសចរណ៍របស់រដ្ឋចិន ហៅកាត់ CAAC មិនបានធ្វើការបំភ្លឺដល់អ្នកសារព័ត៌មានទេ។

ស្ថានទូតបារាំងបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៣ គឺ ក្រុមហ៊ុនអាកាសចរណ៍ Air China ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines Corp និងក្រុមហ៊ុន China Southern Airlines Co ត្រូវបានអនុញ្ញាតឱ្យមានការហោះហើរមួយជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍ពីទីក្រុងនានារបស់ចិនទៅកាន់ទីក្រុងប៉ារីស។

ស្ថានទូតនិយាយថានៅក្រោមការព្រមព្រៀងជាមួយគ្នាកាលពីថ្ងៃទី ១២ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ Air France ត្រូវបានរបបក្រុងប៉េកាំងអនុញ្ញាតឱ្យហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍ទៅកាន់ប្រទេសចិន។

ប៉ុន្តែស្ថានទូតបាននិយាយថាតាមការអនុវត្តជាក់ស្តែងអាជ្ញាធរចិនបានអនុញ្ញាតឱ្យមានជើងហោះហើររបស់ Air France តែមួយជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍។

ស្ថានទូតនិយាយថាបារាំងកំពុងដាក់សម្ពាធការទូតយ៉ាងខ្លាំងដើម្បីជំរុញឱ្យប៉េកាំងអនុញ្ញាតជើងហោះហើរបន្ថែមទៀត។ ក្នុងពេលនេះ ស្ថានទូតបានណែនាំឱ្យអ្នកធ្វើដំណើរត្រូវត្រៀមខ្លួនសម្រាប់ការរំខានដល់បណ្តាញផ្លូវអាកាសរវាងប្រទេសទាំងពីរ។

ជើងហោះហើររវាងបារាំងនិងចិនត្រូវបានផ្អាកនៅដើមឆ្នាំនេះដោយសារជំងឺកូវីដ១៩៕ ដោយ៖ កញ្ញាដាលីស

បារាំងអនុញ្ញាតឱ្យមានជើងហោះហើរមួយជើងក្នុងមួយសប្តាហ៍ពីចិន