ទោះបីតុលាការឃុំខ្លួនជនប្រព្រឹត្ត តែមេខ្លោងយើងនៅតែបន្តស្វែងរកដើម្បីចាប់ខ្លួន

231
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើ បានថ្លែងអោយដឹងថា បើទោះបីតុលាការសម្រេចចេញដីការឃុំខ្លួនជនប្រព្រឹត្តហើយក៍ដោយ តែ មេខ្លោងដែលជាអ្នកបញ្ជា មិនអាចរួចខ្លួននោះឡើយ។

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សៀម រាប បានថ្លែងបញ្ជាក់ថា បុរសពីរនាក់ដែលតុលាការឃុំខ្លួន គឺជាអ្នកស៊ីឈ្នួលឈូសឆាយដីព្រៃរបស់រដ្ឋតែប៉ុណ្ណោះ។ ចំណែកមេខ្លោងដែលជាអ្នកបញ្ជា ពេល នេះយើងកំពុងបន្តស្រាវជ្រាវស្វែងរក តែយើងពុំទាន់អាចបង្ហាញអំពីអត្តសញ្ញាណជននោះបានទេ។

លោកបានបន្តថា មេខ្លោងខាងលើនេះបានជួល មនុស្សពីរនាក់ រួមជាមួយគ្រឿងចក្រ អោយចូលទៅលួចឈូសឆាយដីព្រៃ ដែជាគម្របព្រៃឈើរបស់រដ្ឋអស់ជាង១៧ ហិកតា ក្នុងភូមិរុងរឿង ឃុំកន្តួត ស្រុកស្វាយលើ។សកម្មភាពនោះពួកគេ ពេលខ្លះធ្វើពេលថ្ងៃ និងពេល ខ្លះធ្វើយប់។ ប៉ុន្តែនៅថ្ងៃទី៩ខែកក្កដានេះ យើងបានចុះទៅបង្ក្រាប ដោយឃាត់ខ្លួនបុរសពីរនាក់ រួមទាំគ្រឿងចក្រផងបញ្ជូនទៅតុលាការ។ លោកបានបញ្ជាក់ថា មេខ្លោងរូបនេះ តាមសាវតា គឺជាអ្នករស់នៅខេត្តសៀមរាប។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប លោកមុយ សុភក្ត្រ័ សម្រេចចេញដីការបង្គាប់អោយឃុំខ្លួនមនុស្សពីរនាក់ដាក់ពន្ធនាគារ ក្រោមបទចោទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាប់ដីព្រៃឈើ និងប្រើប្រាស់រណាយន្តដោយគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ តាមដីការលេខ៨៧៩ដ/២០និង ៨៨០ដ/២០។ ប្រព្រឹត្តនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី ៩ខែកក្កដាឆ្នាំ២០២០ បទល្មើសមានចែង និងផ្ដន្ទាទោសតាមបញ្ញត្ដិមាត្រា៩៧ និងមាត្រា ៩៩ ច្បាប់ស្ដីពីព្រៃឈើ។

ជនជាប់ចោទទី១ឈ្មោះ ហឿម ហុង ភេទប្រុសអាយុ២៩ឆ្នាំ កើតនៅភូមិរំដួលថ្មី ឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ទីលំនៅមុនចាប់ខ្លួន នៅភូមិរំដួលថ្មី ឃុំដូនពែង ស្រុកអង្គរជុំខេត្តសៀមរាប មុខរបរធ្វើស្រែ។ ទី២ឈ្មោះម៉ៅ ម៉ាង ភេទប្រុសអាយុ២៨ ឆ្នាំ កើតនៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប មុនចាប់ខ្លួន នៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។

យោងតាមការបញ្ជាក់អំពីសាវតា របស់រដ្ឋបាលព្រៃឈើខេត្តសៀមរាប មេខ្លោងដែលឈូសឆាយដីព្រៃរបស់រដ្ឋ រហូតជាង១៧ហិកតា គេរំពឹងថា អាចនឹងមិនរួចពីសំណាញ់ច្បាប់នោះឡើយ៕/b