រយៈពេល៧ឆ្នាំ ជនបរទេសជិត២ ម៉ឺននាក់ មាន១០៤សញ្ជាតិ ត្រូវបណ្តេញចេញពីកម្ពុជា

152
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់រស្មីកម្ពុជាថា រយពេល ៧ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសចេញពីបប្រទេសកម្ពុជា មានចំនួនជិត ២ម៉ឺននាក់ មាន១០៤សញ្ជាតិ។ ក្នុងចំនួនជនបរទេសជិត ២ម៉ឺននាក់នេះ គឺក្នុងនោះជនជាតិវៀតណាម និងជនជាតិចិនច្រើនជាងគេ។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់រស្មីកម្ពុជាថា គិតចាប់តាំងពីឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០ ជនបរទេសដែលបានបណ្តេញចេញពីកម្ពុជា គឺនៅឆ្នាំ២០១៤ មានចំនួន ១៣១២នាក់ ក្នុងនោះស្រីមានចំនួន ២៧៧នាក់ មាន ២៤សញ្ជាតិ។ នៅឆ្នាំ២០១៥ មានចំនួន ៦៩៤៩នាក់ ក្នុងនោះស្រីមានចំនួន ៩១៤នាក់ មាន ៤៩សញ្ជាតិ។ នៅឆ្នាំ២០១៦ មានចំនួន ៣៣០២នាក់ ក្នុងនោះស្រីមានចំនួន ៧៣៨នាក់ មាន ៦២សញ្ជាតិ។ នៅឆ្នាំ២០១៧ មានចំនួន ២១៩៧នាក់ ក្នុងនោះស្រីមានចំនួន ៣៨៦នាក់ មាន ៤៧សញ្ជាតិ។ នៅឆ្នាំ២០១៨ មានចំនួន ១៣០៣នាក់ ក្នុងនោះស្រីមានចំនួន ២១៥នាក់ មាន ៥២សញ្ជាតិ។ នៅឆ្នាំ២០១៩ មានចំនួន ១៨៧៨នាក់ ក្នុងនោះស្រីមានចំនួន ៤១៥នាក់ មាន៦៣សញ្ជាតិ និងនៅឆ្នាំ២០២០ (ត្រឹមខែមិថុនា) មានចំនួន ៣៨៨នាក់ ក្នុងនោះស្រីមានចំនួន ៣៦នាក់ មាន៣៤សញ្ជាតិ។

បើយោងតាមរបាយការណ៍បានបង្ហាញថា ក្នុងចំណោមជនបរទេសដែលបានបណ្តេញចេញពីកម្ពុជា ចំនួន ១៧.៣២៩នាក់ គឺក្នុងនោះមានជនជាតិវៀតណាមច្រើនជាងគេ មានចំនួន ១១៥៩១នាក់ ក្នុងនោះស្រីមានចំនួន ២១៦៦នាក់។ ជនជាតិចិនដីគោកមានចំនួន ២៩៩៦នាក់ ក្នុងនោះមានស្រីចំនួន ៤៩៣នាក់។ ជនជាតិនីហ្សេនីយ៉ា មានចំនួន ៥៣៥នាក់ ក្នុងនោះមានស្រីចំនួន ១២នាក់។ ជនជាតិចិនតៃវ៉ាន់ មានចំនួន មានចំនួន ៣៥៥នាក់ ក្នុងនោះមានស្រីចំនួន ២៣នាក់។ ជនជាតិអាម៉េរិក មានចំនួន១០៨នាក់ ក្នុងនោះមានស្រីចំនួន ៤នាក់។

ទាក់ទងបញ្ហាជនអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៍មានមួយដោយបានបញ្ជាក់ថា ជាទិសដៅតទៅខាងមុខទៀត ក្រសួងមហាផ្ទៃ នឹងបន្តយកចិត្តទុកដាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញ ក្រោមឱវាទដែលមានការពាក់ព័ន្ធ ខិតខំគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឱ្យបានម៉ត់ចត់ និងមានវិធានការ បង្ការ ទប់ស្កាត់ និងបណ្តេញចេញទាន់ពេលវេលាចំពោះជនបរទេស ដែលជ្រៀតចូលខុសច្បាប់តាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា …ចំពោះជនបរទេសអន្តោប្រវេសន្ត ការដោះស្រាយត្រូវបានអូសបន្លាយ និងរាំងស្ទះដោយសារតែហេតុផលនយោបាយ។ ទោះបីយ៉ាងណា ក្រសួងមហាផ្ទៃ បានចាត់ចែងធ្វើជំរឿនស្ថិតិជនបរទេស ដើម្បីគ្រប់គ្រងម៉ត់ចត់នាឆ្នាំ១៩៩៥ មួយលើក និងឆ្នាំ២០១២។ ដោយពិនិត្យឃើញថា មិនអាចទុកឱ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ចាប់ពីឆ្នាំ២០១៤ មក ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ដឹកនាំ និងបានទទួលនូវការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ។

ក្រសួងមហាផ្ទៃបានបន្តថា គណៈកម្មការអន្តរក្រសួងមួយ និងក្រុមការងារប្រតិបត្តិជាច្រើន ត្រូវបានបង្កើតឡើង ដើម្បីចុះធ្វើជំរឿនស្ថិតិជនបរទេសអន្តោប្រវេសន្តសារឡើងវិញ ដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីវាយតម្លៃចងក្រង ជាតារាឧបសម្ព័ន្ធផ្លូវការបម្រើឱ្យការកំណត់ក្របខ័ណ្ឌគ្រប់គ្រង និងដោះស្រាយ។ ជាលទ្ធផលចុងក្រោយនាពេលបិទឱសានវាទនៃយុទ្ធនាការថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានជនបរទេសអន្តោប្រវេសន្តនៅទូទាំងប្រទេសបានដាក់ពាក្យស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន ៨៩.៧៨៦នាក់ ស្មើនឹង ២៨.៩៤៥គ្រួសារ មាន ១១សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៨៩.៤៧១នាក់ (ស្រី ៤២.៨៣៦នាក់) ថៃចំនួន ១១៧នាក់ (ស្រី ១៥នាក់) ឡាវចំនួន ១៥១នាក់ (ស្រី៥២នាក់) ចិនចំនួន ២២នាក់ (ស្រី ១៣នាក់) ភូមា ១៤នាក់ (ស្រី ០៥នាក់) ឥណ្ឌូនេស៊ី ០៣នាក់ (ស្រី ០២នាក់) ម៉ាឡេស៊ី ០៣នាក់ (ស្រី ០១នាក់ ) ណេប៉ាល់ ០២នាក់ (ស្រី ០នាក់) បង់ក្លាដេស ០១នាក់ តង់ហ្សានី ០១នាក់ និងអាល្លឺម៉ង់ ០១នាក់។

ជាការកត់សម្គាល់ ក្នុងដំណើរការពិនិត្យ ដោះស្រាយបញ្ហានេះ ក្រុមការងារបានធ្វើការដកហូតឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ចាប់ តាំងពីដើមឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩ បានចំនួន ៣៧.៤៣៦ច្បាប់ ពីជនបរទេសចំនួន ២០.១០៧គ្រួសារ ដែលមានមនុស្សសរុបចំនួន ៦៩.៩៥៧នាក់ ស្មើនឹង ១១សញ្ជាតិ ក្នុងនោះសញ្ជាតិវៀតណាមចំនួន ១៩.៩៦៧គ្រួសារ មនុស្សចំនួន ៦៩.៧៨៧នាក់។

បច្ចុប្បន្នជនបរទេសដែលមានចំនួនដូចបានជម្រាបជូនខាងលើ កំពុងត្រូវបានក្រសួងមហាផ្ទៃ ផ្តល់ជូនបណ្ណស្នាក់នៅអចិន្ត្រៃយ៍(សុពលភាព០២ឆ្នាំម្តង)ជាបន្តបន្ទាប់ ដើម្បីដាក់ពួកគេឱ្យស្ថិតនៅក្រោមគន្លងច្បាប់ និងអនុវត្តកាតព្វកិច្ចនានាតាមការកំណត៕/b