បាឡែនយក្សខ្នងកោង២ក្បាលសម្តែងលើផ្ទៃទឹកជាងមួយម៉ោងជូនភ្ញៀវទស្សនានៅកំពង់ផែក្រុងស៊ីដនី

273
ចែករម្លែក

អ្នកគយគន់ត្រីបាឡែនបានទទួលចំណីចក្ខុដ៏អស្ចារ្យពីការលោតឡើងលើផ្ទៃទឹកពីសត្វបាឡែនយក្សខ្នងកោង២ក្បាលនៅកំពង់ផែក្រុងស៊ីដនី។

បាឡែនខ្នងកោងពេញវ័យ២ក្បាលបានហែលទឹកកាត់កំពង់ផែកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបង្ហាញក្បាច់លោតលើផ្ទៃទឹកដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកវាសម្រាប់ភ្ញៀវទេសចរអស់រយៈពេលជាងមួយម៉ោង។

ជាងថតរូបបាឡែន លោក ចន ហ្គោឌ្រីច បានប្រាប់វេបសាយ SMH ថាគេអាចមើលឃើញបាឡែនហោះលើផ្ទៃទឹកទទះកន្ទុយនៅសមុទ្រសៅហឺដនៅចំពោះមុខទស្សនិកជនដ៏ត្រេកអរ។

លោកចននិយាយថា “គ្រប់គ្នាពិតជាសប្បាយចិត្ត។ ពិតជាទទួលបានលទ្ធផលល្អច្រើនពីដំណើរមួយនេះ។ ប្រាកដណាស់ វាជាការកម្សាន្តល្អដាច់គេប្រចាំរដូវកាល”។

លោកចននិយាយថា វាជារឿងមិនធម្មតាទេដែលបាឡែនសម្តែងយូរយ៉ាងដូច្នេះ ពីព្រោះអ្នកទេសចរអាចឃើញបាឡែនខ្នងកោងសម្តែងលើផ្ទៃទឹកជាមធ្យមតែ ១០ ទៅ ១៥ នាទីប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស