ចិន​ជំទាស់​ការអះអាង​របស់​អាម៉េរិក​ដែលថា​ការអះអាង​អធិបតេយ្យភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​ការខុសច្បាប់​

333
ចែករម្លែក

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាម៉េរិក​ដែលថា «​ការអះអាង​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខា​ត្បូង​ដោយ​ចិន​ប៉េកាំង​ជា​ការខុសច្បាប់​»​នោះ ស្ថានទូត​ចិន​ប្រចាំ​អាម៉េរិក​កាលពី​ថ្ងៃ​​អង្គារ​ទី​១៤​កក្កដា​បាន​ឆ្លើយតប​ថា សេចក្តីថ្លែងការណ៍​កាល​ពី​ពេល​ថ្មីៗ​មួយ​របស់​ក្រសួងការបរទេស​អាម៉េរិក​«​មានបំណង​ធ្វើអោយ​ខុស​ការ​ពិត​និង​ច្បាប់​អន្តរជាតិ ហើយ​បំប៉ោង​សភាពការណ៍​នៅ​​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ក្នុង​គោលបំណង​សាប​ព្រួស​ការមិនចុះសម្រុង​គ្នា​រវាង​ចិន​និង​បណ្តា​ប្រទេស​តូចៗ​ជិតខាង​ផ្សេងៗ​»​។​

​វា​ជា​ការ​ប្រើ​សម្តី​ខ្លាំងៗ​និង​ច្បាស់ៗ​របស់​មន្ត្រី​ការទូត​កំពូល​អាម៉េរិក​ប្រឆាំង​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង​

​អ្នកនាំពាក្យ​ស្ថានទូត បានបញ្ជាក់​ថា «​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ស៊ី ជីន​ពីង ប្រឆាំង​ជំទាស់​ការលើកឡើង​ដូច្នេះ យ៉ាង​មុតមាំ​។​អាម៉េរិក​មិនមែនជា​ប្រទេស​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ជម្លោះ​ទេ តែ​នៅ​តែ​​ជ្រៀតជ្រែក​លើ​បញ្ហា​នេះ​។​យើង​សុំ​អោយ​ភាគី​អាម៉េរិក​គោរព​ដោយ​ស្មោះ ការសន្យា​តាំងចិត្ត​របស់​ខ្លួន​ថា​មិន​កាន់ជើង​ខាង​ណា​នៅក្នុង​បញ្ហា​អធិបតេយ្យភាព​ទឹកដី គោរព​កិច្ចខិតខំ​របស់​បណ្តា​ប្រទេស​ក្នុង​​តំបន់​សំរាប់​សមុទ្រ​ចិន​ខាងត្បូង​មាន​សន្តិភាព និង​ស្ថិរភាព ហើយ​ឈប់​ការប៉ុនប៉ង​ជំទាស់​និង​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​តំបន់​»​។​

​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​និយាយថា សហរដ្ឋ​អាម៉េរិក​នឹង​ចាត់ទុក​ការ​ស្វះស្វែង​អះអាង​កម្មសិទ្ធិ​លើ​ប្រភព​ធនធាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ភាគី​ចិន​​ជា​ការខុសច្បាប់ ។​

​លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « យើង​សូម​បញ្ជាក់​ច្បាស់​ថា ការអះអាង​របស់​ចិន​ប៉េកាំង​នៅ​ទូ​ទាំង​សមុទ្រ​ចិន​ខាងត្បូង​ខុសច្បាប់​ទាំងស្រុង នៅពេល​ចិន​ធ្វើ​យុទ្ធនាការ​សម្លុត​គំរាម​​ដើម្បី​ត្រួតត្រា​វា​។​ពិភពលោក​នឹង​មិន​អនុញ្ញាត​អោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​សមុទ្រ​ចិន​ខាងត្បូង ជា​អាណាចក្រ​សមុទ្រ​របស់ខ្លួន​ឡើយ​»​។​

​សូមបញ្ជាក់​ថា​សហរដ្ឋ​អាម៉េរិក បាន​ជំទាស់​យូរ​មក​ហើយ​ចំពោះ​ការអះអាង​កម្មសិទ្ធិ​ធំ​ល្វឹងល្វើយ​លើ​ផ្ទៃ​ទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​សំបូ​រទាំង​ប្រភព​ធនធាន​ផង​និង​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​ផង​សំរាប់​​ពាណិជ្ជកម្ម​ពិភពលោក​។​

​សម្តី​របស់​ផ​ម​ផេវ វា​កាន់តែ​ដុត​កំដៅ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ និង​ញ៉ាំង​ទឹកចិត្ត​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ​អោយ​ហ៊ាន​ជាមួយ​ចិន ដូចជា​វៀតណាម​និង​ហ្វីលីពីន ដែល​កំពុង​មាន​ជម្លោះ​​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​។​ជាក់ស្តែង​ដូចជា​លោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​« អាម៉េរិក​ឈរ​នៅ​ជាមួយ​សម្ពន្ធមិត្ត និង​ដៃគូ​អាស៊ីអាគ្នេយ៍​នៅក្នុង​ការការពារ​សិទ្ធិ​អធិបតេយ្យ​របស់គេ ចំពោះ​ប្រភពធនធាន​នៅក្នុង​សមុទ្រ ស្រប​តាម​សិទ្ធិ​និង​កាតព្វកិច្ច​របស់​គេ​ក្រោម​ច្បាប់​អន្តរជាតិ​។​យើង​នៅ​ជាមួយ​សហគមន៍​អន្តរជាតិ​នៅក្នុង​ការការពារ​សេរីភាព​របស់​សមុទ្រ និង​គោរព​អធិបតេ​​យ្យ​ភាព ហើយ​ជំទាស់​ការ​ចាប់បង្ខំ​អនុវត្ត​អ្វីដែល​គេ​ហៅថា «​អំណាច​គឺ​ត្រឹមត្រូវ​»​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ឬ​តំបន់​ធំ​ជាង​នេះ​»​។​

​មុន​នេះ​ក្នុង​ខែ​នេះ ចិន​បាន​ការពារ​ខ្លួន​ទល់នឹង​ការរិះគន់​របស់​អាម៉េរិក​អំពី​សមយុទ្ធ​យោធា​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ថា​សកម្មភាព​របស់​ខ្លួន​ស្ថិត​ក្នុង​រង្វង់​នៃ​អធិបតេយ្យភាព​របស់​ខ្លួន​​តែប៉ុណ្ណោះ តែ​ប្រទេស​ក្រៅ​តំបន់​ព្យាយាម​ចូល​មក​កកូរកកាយ​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​៕​ប្រែ​សម្រួល​៖​វាសនា​

​អាម៉េរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​កាលពី​សប្តាហ៍​មុន​ចំ​ពេល​ចិន​ធ្វើ​សមយុទ្ធ​ក្នុង​តំបន់​នេះដែរ នាំអោយ​មាន​ការរិះគន់​ទៅវិញទៅមក​