ខ្លួនឯង​ទិញ​សំបុត្រ​កៅអី​ថោក បែរ​ជា​ដណ្តើម​កៅអី​ថ្លៃ បង្ក​ឱ្យ​ផ្ទុះ​កំហឹង​ពេញ​យន្តហោះ​

1227
ចែករម្លែក

​ស្ត្រី​ម្នាក់​បាន​បង្ក​ជម្លោះ​លើ​ជើងហោះហើរ​មួយ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរ អាស៊ី (Air Asia) បន្ទាប់​ពី​ដណ្តើម​កៅអី​ថ្លៃ​ដែល​មិនមែន​ជា​របស់​ខ្លួន​។

​ស្ត្រី​វ័យ​កណ្តាល​រូបនេះ​បាន​ធ្វើឱ្យ​អ្នកដំណើរ​ផ្សេង​ទៀត​ផ្ទុះ​កំហឹង នៅ​ពេល​គាត់​អង្គុយ​ពាំង​ជួរ​កៅអី​តម្លៃ​ថ្លៃ​មិន​ឱ្យ​គេ​ចូល​អង្គុយ​បាន មុន​ពេល​យន្តហោះ​ហោះ​ឡើង​។

​ស្ត្រី​ខាងលើ​បាន​កក់​សំបុត្រ​កៅអី​តម្លៃ​ថោក​លើ​ជើងហោះហើរ​នេះ ដែល​ធ្វើដំណើរ​រយៈពេល ៤ ម៉ោង​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​ក្រុង​ហុងកុង កាលពី​ចុង​ខែ​មីនា កន្លងទៅ​។​ប៉ុន្តែ​មុន​ពេល​យន្តហោះ​ហោះ​ឡើង​បន្តិច គាត់​បាន​ប្តូរ​ពី​កៅអី​តម្លៃថោក​របស់​គាត់​ទៅ​ដណ្តើម​កៅអី​តម្លៃ​ថ្លៃ​របស់គេ ដែល​ត្រូវ​ចំណាយ​ប្រាក់ ៤០​ដុល្លារ​អាមេរិក បន្ថែម​ពីលើ​តម្លៃ​កៅអី​ធម្មតា​។

​ក្រុម​អាកាសយានិក បាន​ប្រាប់​ឱ្យ​ស្ត្រី​រូប​នេះ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​របស់​ខ្លួន​វិញ មុន​ពេល​យន្តហោះ​ហោះ​ឡើង​។ ប៉ុន្តែ​ស្ត្រី​នេះ​បែរជា​ចំណាយពេល​៤ ទៅ ៥ នាទី​ឈ្លោះ​គ្នា​ជាមួយ​អាកាសយានិក​យ៉ាង​ងងើល​។

​បន្ទាប់មក ស្ត្រី​រូប​នេះ​បាន​ត្រឡប់​ទៅ​កៅអី​របស់ខ្លួន​វិញ​។ ទោះជា​យ៉ាងណា គាត់​ប​ត្រឡប់មកវិញ​២​ដង​ទៀត បន្ទាប់​ពី​យន្តហោះ​ហោះ​ឡើង​។​គាត់​បាន​ព្យា​​យាម​អង្គុយ​កៅអី​តម្លៃ​ថ្លៃ​ម្តងទៀត ដោយ​ដេក​កើយ​ខ្នើយ ហើយ​លេង​ទូរស័ព្ទ​ធ្វើ​ព្រងើយ​។

​ប៉ុន្តែ​ចុងក្រោយ គាត់​ក៏​ព្រម​ទៅ​កាន់​កៅអី​របស់ខ្លួន បន្ទាប់ពី​បុរស​អ្នកដំណើរ​ម្នាក់​បាន​ស្រែក​ដេញ និង​ស្តីបន្ទោស​ខ្លាំងៗ​៕ដោយ៖ខុម/SN

ទីតាំងផ្សាយពាណិជ្ជកម្ម