អ្នកជំនាញនិយាយថា អាម៉េរិកដាក់សម្ពាធលើចិនគ្រប់យ៉ាងដើម្បីអាងយ៉ាងអំណាចលើពិភពលោកតែម្នាក់ឯង និងឱ្យគេមើលមកចិនជាប្រទេសបិសាច

335
ចែករម្លែក

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនិយាយថា ការដាក់ទណ្ឌកម្មទៅវិញទៅមករវាងសហរដ្ឋអាម៉េរិកនិងចិនដែលផ្តោតលើអ្នកនយោបាយជាន់ខ្ពស់បានបន្ថែមភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោក ដែលនេះអាចពន្យល់បានពីមូលហេតុដែលសាធារណរដ្ឋប្រជាមានិតចិនមិនអាចអត់ធ្មត់បានតទៅទៀតចំពោះអ្វីដែលខ្លួនមើលឃើញថាជាការសម្លុតកំហែងពីអាម៉េរិក។

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មសងសឹកប្រឆាំងនឹងអ្នកនយោបាយអាម៉េរិកមួយចំនួនរួមមានព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋ លោក ម៉ាកូ រូប៊ីអូ និងលោក ថេត គ្រូស បន្ទាប់ពីការដាក់ចេញនូវការរឹតត្បិតទិដ្ឋការនិងទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់ចិនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនជុំវិញការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។

មានមតិអំពីវិធានការថ្មីរបស់អាម៉េរិក អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីហួ ឈុនយីង បាននិយាយថា “ខ្ញុំត្រូវតែចង្អុលបង្ហាញថា កិច្ចការស៊ីនជាំងគឺជាកិច្ចការផ្ទៃក្នុងរបស់ចិនហើយសហរដ្ឋអាម៉េរិកគ្មានសិទ្ធិជ្រៀតជ្រែកនោះទេ”។

  • ការដាក់ទណ្ឌកម្មទៅវិញទៅមកជាផ្នែកធំមួយនៃល្បែងនយោបាយ

អ្នកវិភាគឯករាជ្យជើងចាស់ លោក អ៊ែនឌ្រូ លឿង ដែលជាអ្នកវិភាគយុទ្ធសាស្ត្រស្តីពីចិនមានមូលដ្ឋាននៅហុងកុង បាននិយាយថា “បរិបទរួមគឺថាយើងកំពុងស្ថិតក្នុងយុគសម័យ ៣៦០ ដឺក្រេនៃការប្រឈមមុខគ្នារវាងចិននិងសហរដ្ឋអាម៉េរិក ពីព្រោះចិនត្រូវបានសហរដ្ឋអាម៉េរិកចាត់ទុកថាជាប្រទេសមួយគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ”។

យោងតាមអ្នកយុទ្ធសាស្រ្តរូបនេះបានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់វ៉ាស៊ីនតោនលើបញ្ហាតំបន់ស៊ីនជាំងគឺជាផ្នែកមួយនៃប៉ាន់គំរូទូលំទូលាយមួយ ដែលរួមមានការរិះគន់របស់លោកត្រាំចំពោះប្រទេសចិនអំពីការដោះស្រាយជំងឺកូវីដ១៩ សង្គ្រាមពាណិជ្ជកម្មចិន-អាម៉េរិក និង ការរឹតត្បិតទាក់ទងនឹងក្រុមហ៊ុនបច្ចេកវិជ្ជាជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិតនិងកម្មវិធី 5G។

ហេតុដូច្នេះរដ្ឋបាលត្រាំទន្ទឹងរង់ចាំហាមឃាត់រដ្ឋាភិបាលអាម៉េរិកមិនឱ្យធ្វើការជាមួយអ្នកម៉ៅការណាដែលប្រើបច្ចេកវិជ្ជាពីក្រុមហ៊ុនបច្ចេកវិជ្ជាខ្ពស់របស់ចិនចំនួន ៥ នោះឡើយគឺក្រុមហ៊ុន Huawei, ZTE, Hikvision, Dahua និង Hytera Communications ក្រោមលេសនៃការបារម្ភផ្នែកសន្តិសុខជាតិ ដូចដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី៩កក្កដា។ ថ្ងៃផុតកំណត់ដើម្បីអនុលោមតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋាភិបាលអាម៉េរិកនឹងផុតនៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២០ ។

ក្រៅពីនេះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងថ្លឹងថ្លែងលើការរឹតត្បិតទាក់ទងនឹងការអនុម័តនិងការអនុវត្តច្បាប់របស់ចិនស្តីពីការការពារសន្តិសុខជាតិនៅហុងកុងនេះបើយោងតាមកាសែត Wall Street Journal ។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី ៤ ខែកក្កដា នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាម៉េរិកចំនួន ២ គ្រឿងបានទៅដល់សមុទ្រចិនខាងត្បូងដើម្បីធ្វើសមយុទ្ធកងនាវាចរណ៍ជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ។ កងនាវាផ្ទុកយន្តហោះ USS Ronald Reagan និង USS Nimitz បានធ្វើប្រតិបត្តិការក្នុងគោលបំណងគាំទ្រដល់ការធ្វើនាវាចរណ៍ដោយសេរីនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ រដ្ឋាភិបាលក្រុងប៉េកាំងបានថ្កោលទោសសមយុទ្ធកងទ័ពជើងទឹកអាម៉េរិកនិងវត្តមាននៅក្នុងសមុទ្រចិនខាងត្បូងថាជា “អស្ថិរភាព”។

លោកលឿងបានបកស្រាយថា ចំណាត់ការរបស់សេតវិមានប្រឆាំងនឹងទីក្រុងប៉េកាំងត្រូវបានបង្កឡើងដោយការភ័យខ្លាចថាសាធារណរដ្ឋប្រជាមានិតចិននឹងបង្កបញ្ហាប្រឈមធ្ងន់ធ្ងរដល់សហរដ្ឋអាម៉េរិក។

លោកនិយាយថា “ឥឡូវនេះចិនត្រូវបានគេមើលឃើញថាកំពុងដណ្តើមចានបាយថ្ងៃត្រង់របស់អាម៉េរិកហើយប្រទេសនេះមិនចង់ចែកបាយឱ្យចិនស៊ីនៅក្នុងពិភពលោកមួយ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិកនោះឡើយ។ ដូច្នេះហើយក៏មានសាច់រឿងមួយអំពីការប្រឈម ៣៦០ ដឺក្រេ ហើយបន្ទាប់មកសហរដ្ឋអាម៉េរិកបានប្រើប្រាស់ឱកាសដែលមានតិចតួចបំផុតដើម្បីឱ្យគេមើលមកចិនជាប្រទេសបិសាច មិនមែនគ្រាន់តែបញ្ហាតំបន់ស៊ីនជាំងប៉ុណ្ណោះទេប៉ុន្តែក៏ទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩និងបន្ទាប់មកបញ្ហានៅហុងកុងតៃវ៉ាន់និងសមុទ្រចិនខាងត្បូងផងដែរ”៕ ដោយ៖ កញ្ញាដាលីស

ប្រភព៖ Sputniknews

ចិនសព្វថ្ងៃត្រូវគេយល់ឃើញថាជាប្រទេសបិសាចក្រោមការដាក់សម្ពាធឥតឈប់ឈរពីសំណាក់អាម៉េរិក