WHO ព្រមានថាវិបត្តិកូវីដ១៩អាចនឹងអាក្រក់ទៅៗ

162
ចែករម្លែក

អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃចន្ទទី ១៣ ខែកក្កដាថា ជំងឺរាតត្បាតកូវីដ១៩ដែលឆ្លងរាលដាលពាសពេញពិភពលោក នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើប្រទេសនានាមិនគោរពតាមការប្រុងប្រយ័ត្នខាងការថែទាំសុខភាព។

អគ្គនាយក WHO លោក តេត្រូស អាដាណុម ហ្គ្រេប្រេយ៉េស៊ូស បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហ្សឺណែវថា “ខ្ញុំសូមនិយាយដោយត្រង់ ប្រទេសជាច្រើនកំពុងឆ្ពោះទៅទិសដៅខុស ខណៈវីរុសកូរ៉ូណានៅតែជាសត្រូវសាធារណៈលេខ១។ ប្រសិនបើមូលដ្ឋាននានាមិនត្រូវបានអនុវត្តតាមទេនោះ មធ្យោយបាយតែមួយគត់ដែលជំងឺរាតត្បាតនឹងឆ្ពោះទៅនោះគឺ កាន់តែធ្ងន់ធ្ងរទៅៗនិងកាន់តែអាក្រក់ទៅៗ”។

យោងតាមការរាប់របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ករណីឆ្លងកូវីដទូទាំងពិភពលោកមានចំនួន ១៣ លាននាក់ ដោយមានអ្នកស្លាប់ជាងកន្លះលាននាក់។

លោកតេត្រូស ដែលការដឹកនាំរបស់គាត់ត្រូវបានរិះគន់ដោយប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំ បាននិយាយថា ក្នុងចំណោមករណីថ្មីចំនួន ២៣០.០០០ កាលពីថ្ងៃអាទិត្យ មាន ៨០ ភាគរយមកពី ១០ ប្រទេសនិង ៥០ ភាគរយមកពី២ប្រទេស។

សហរដ្ឋអាម៉េរិកនិងប្រេស៊ីលរងការវាយប្រហារខ្លាំងបំផុត។

លោក ម៉ៃ រ៉ាយអែន ប្រធានផ្នែកគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកបាននិយាយថា “កន្លែងមួយចំនួននៅទ្វីបអាម៉េរិកអាចត្រូវការការរឹតត្បិតឬបិទតាមភូមិសាស្ត្រដើម្បីទប់ស្កាត់ឆ្លងរាលដាលនៅក្នុងតំបន់ជាក់លាក់ខ្លះ ដែលបាត់បង់ម្ចាស់ការលើការគ្រប់គ្រងជំងឺ”។

លោកបានជំរុញប្រទេសនានាកុំឱ្យប្រែក្លាយសាលារៀនជាបាល់ទាត់នយោបាយ ដោយនិយាយថា សាលារៀនអាចបើកឡើងវិញបានដោយសុវត្ថិភាពលុះត្រាតែវីរុសត្រូវបានបង្ក្រាបបានទាំងស្រុង៕ ដោយ៖ កញ្ញាដាលីស

វិបត្តិកូវីដ១៩កាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ