ថ្នាក់ឧត្តមសិក្សានឹងត្រូវបានបើកឱ្យដំណើរការចូលរៀនមុនគេនៅខែសីហា ខាងមុខនេះ

346
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖បន្ន្ទាប់ពីសាលារៀននិងថ្នាក់ឧត្តម គ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេសបានផ្អាកដំណើរការរៀនសូត្របណ្តោះអាសន្នដោយសារតែស្ថានការណ៍ជំងឺកូវូដ១៩ជាសាកលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងជាថ្មីថា ចំពោះ​ សិស្សានុសិស្ស,និស្សិត ដែលបើកដំណើរការឱ្យចូលរៀនមុនគេ គឺ កម្រិត «ឧត្តមសិក្សា» ព្រោះងាយគ្រប់គ្រង ក្នុងការការពារកុំឱ្យរាលដាលជំងឺកូវីដ-១៩។

ការមានប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនាឱកាស អញ្ជើញបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាល ជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

សម្តេចតេជោមានប្រសាសន៍ពាក់ព័ន្ធក្នុងរឿងនេះថា«ពិតមែនហើយយើងបានចាប់ផ្តើមឲ្យមានការបើកជាបណ្តើរៗ ហើយក្រសួងអប់រំយុវជន និងកីឡាបានបើកឲ្យ មានការប្រឡងហើយ។ ហើយខ្ញុំបានឯកភាព ជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ បើកសាលារៀនថ្នាក់ឧត្តមសិក្សា នៅខែសីហា ដែលធានាការគ្រប់គ្រង ពីគម្លាតសុវត្ថិភាពយ៉ាងម៉េច ហើយសាលាឯកជនធ្វើយ៉ាងម៉េច» ។

ព្រមជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបញ្ជាក់ឱ្យដឹងថា សម្តេច បានយល់ព្រមជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំរួចហើយ ដោយឱ្យចាប់ផ្តើមបើកសាលារៀនដំណាក់កាលទី១។

គួរបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនាកន្លងមកថ្មីៗនេះថា ការបើកដំណើរការសាលារៀនឡើងវិញ នឹងធ្វើឡើងជា៣ដំណាក់កាលផ្សេងៗគ្នា ដោយដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់, ដំណាក់កាលទី២៖ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣៖ សាលារៀនមានស្តង់ដាអប្បបរមា។

          ក្រសួងអប់រំបានឱ្យដឹងបន្ថែមថាការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល÷ ដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។

ដោយឡែកសម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។

   កាលពីថ្មីៗមកនេះដែរបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាក៏បាន អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងបញ្ចប់ឆ្នាំ២ថ្ងៃ។

 ក្នុងសេចក្តីជូនដំណឹងដដែលនេះក្រសួងបានបញ្ជាក់ឱ្យដឹងបន្ថែមថាដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានឧត្តមសិក្សារដ្ឋ មិនអាចរៀបចំការប្រឡង ONLINE បាន ក្រសួង អប់រំ យុវជន និងកីឡា អនុញ្ញាតគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលបង្រៀនតាមប្រព័ន្ធ ONLINE រៀបចំការប្រឡងបញ្ចប់ឆ្នាំ ដោយត្រូវរៀបចំបន្ទប់ប្រឡង ដែលមានចំណុះ ១៥ ទៅ ២០នាក់ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធាន ការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO។

ព្រមជាមួយគ្នាក្រសួងអប់រំក៏បានបញ្ជាក់ផងថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋត្រូវដាក់ពាក្យស្នើ សុំមកក្រសួង ដើម្បីពិនិត្យ និងទុកជាព័ត៌មាន។ព្រមជាមួយគ្នាក៏ត្រូវចាត់ចែងឱ្យមានប្រសិទ្ធភាពខ្ពស់។

កាលពីថ្មីៗនេះដែរក្រសួងអប់រំក៏បានចេញសេចក្តីជូនដំណឹងដោយឡែកមួយទៀត ដោយបានសម្រេចអនុញ្ញាត​ឱ្យគ្រឹះស្ថានសិក្សាឯកជន អាចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ  និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប និងគ្រឹះស្ថាន​ឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំនៅតាមគ្រឹះស្ថានសិក្សា ចំនួន២ថ្ងៃ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ចុះថ្ងៃទី ៦ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា កន្លងមក ក្រសួង បានចេញសេចក្ដីណែនាំ ឲ្យគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត រៀបចំការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក។ក្រសួងបានលើកឡើងអំពីលទ្ធភាពអនុញ្ញាតឱ្យរៀបចំការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិកទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដារគុណភាពដែលអាចទទួលយកបាន។ក្រសួងនឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានាស្តង់ដាគុណភាពនេះ។ចំពោះគ្រឹះស្ថានសិក្សា ឯកជនណា ដែលអនុវត្តតាមការណែនាំរបស់ក្រសួង គ្រឹះស្ថានសិក្សានោះអាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជនត្រូវចុះហត្ថលេខាដោយខ្លួនឯង។ក្រសួងនឹងចុះអធិការកិច្ចតាមការចាំបាច់ដើម្បីធានាគុណភាពនៃសញ្ញាបត្រ។

 ទន្ទឺមជាមួយគ្នានេះក្រសួងអប់រំក៏ បានបញ្ជាក់ថា ដោយសារតែតាមលក្ខណៈបច្ចេកទេសគ្រឹះស្ថានសិក្សាឯកជនមិនអាចរៀបចំប្រឡង ONLINEបានក្រសួងអប់រំយុវជននិងកីឡានឹងដាក់ចេញនូវគោលការណ៍មួយចំនួនសម្រាប់ឱ្យគ្រឹះស្ថានសិក្សាឯកជនអនុវត្តនៅពេលរៀបចំការប្រឡងសញ្ញាបត្រនៅតាមគ្រឹះស្ថានរៀងៗខ្លួនចំនួន២ថ្ងៃដូចខាងក្រោម៖១.ក្រសួងនឹងកែលម្អលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងដំណើរការប្រឡង ដោយរក្សាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅដដែល ដោយគ្រឹះស្ថានសិក្សាឯកជនជាអ្នកចេញសញ្ញាបត្រ ដោយក្រសួងនឹងទទួលស្គាល់និងដោយធ្វើអធិការកិច្ចប្រសិនបើចាំបាច់។២.គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកក្រសួង ដើម្បីពិនិត្យនិងទទួលស្គាល់។៣.គ្រឹះស្ថានឯកជនត្រូវរៀបចំបន្ទប់ប្រឡងមានចំណុះ ១០ទៅ១៥នាក់ក្នុង១បន្ទប់និងត្រូវធានា អនុវត្តវិធានការសុវត្តិភាពសុខភាពរបស់ក្រសួងសុខាភិបាលនិងអង្គការ WHO។

      គួរបញ្ជាក់ថាបន្ទាប់ពីមានវត្តមានមេរោគកូវីត១៩បានកើតឡើងបន្តបន្ទាប់មកក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ ​ សេចក្តីណែនាំជាបន្ទាន់មួយ ដោយបានសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេសវិស្សមកាលតូចនិងបាន ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ៕