យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​មាន​លក្ខណៈ​ស្តង់ដារ ជា​សេចក្តីត្រូវការ​របស់​អ្នកនេសាទ​នៅ​ស្ទឹងហាវ​

174
ចែករម្លែក
យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​មាន​លក្ខណៈ​ស្តង់ដារ ជា​សេចក្តីត្រូវការ​របស់​អ្នកនេសាទ​នៅ​ស្ទឹងហាវ​

ដោយៈ​សាវ​រក្ស​/​ព្រះសីហនុៈ​យានដ្ឋាន​ជួសជុល​ទូក​និង​ដំឡើង​ទូក​ដែល​អ្នកនេសាទ​ទម្លាប់​ហៅថា​អ៊ូ​ទូក មួយកន្លែង​នៅ​ស្រុក​ស្ទឹងហាវ​បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៨៤​។​ប្រជា​នេសាទ​សមុទ្រ​នៅ​ស្រុក​ស្ទឹងហាវ​បច្ចុប្បន្នកំពុង​ចង់ឃើញ​យានដ្ឋាន​មួយ​នេះ​មាន​លក្ខណៈ​បច្ចេកទេស​ស្តង់ដារ​ដោយ​មិនបាច់​ឱ្យ​ពួកគាត់​យក​ទូក​ទៅ​ជួសជុល​នៅឯ​ក្រៅប្រទេស ដែល​ចំណាយ​ថវិកា​និង​ពេលវេលា​ច្រើន​នោះឡើយ ។​
​លោក​អ៊ុង ឆា​លី អភិបាលរង​ស្រុក​ស្ទឹងហាវ​បាន​និយាយ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា​នេះ​ថា ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់លោក​ភាគច្រើន​ជា​អ្នកនេសាទ​សមុទ្រ​។​ដូច្នេះ​ពួកគាត់​ត្រូវ​ប្រើប្រាស់​ទូក​មាន​តូច មាន​ធំ ដើម្បី​នេសាទ​ចិញ្ចឹមជីវិត​។ កំណើនសេដ្ឋកិច្ច​នៅក្នុង​សហគមន៍​បាន​រីកចម្រើន​ដូច​សព្វថ្ងៃ ព្រោះតែ​ពឹងផ្អែក​លើ​ការនេសាទ​។​ដូច្នេះហើយ​ប្រជា​នេសាទ​ត្រូវការ​ជា​ចាំបាច់​ឲ្យ​មាន​យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ដោយ​មិនចាំបាច់​ត្រូវ​ជួសជុល​នៅ​ទី​ឆ្ងាយ​នោះឡើយ ឬ​ត្រូវ​ឆ្លងទៅ​ប្រទេសជិតខាង ។​

យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​មាន​លក្ខណៈ​ស្តង់ដារ ជា​សេចក្តីត្រូវការ​របស់​អ្នកនេសាទ​នៅ​ស្ទឹងហាវ​


​សំដៅ​ទៅលើ​ផលប្រយោជន៍​នៃ​យានដ្ឋាន​សម្រាប់​ទូក​នេសាទ​នោះ​លោក​អភិបាលរង​ស្រុក​បាន​បន្ថែមថា​អ៊ូ​ទូក​នៅ​ស្ទឹងហាវ​នេះ​ក្រៅពី​ជួយ​ប្រជា​នេសាទ​នៅក្នុង​សហគមន៍​ឲ្យ​មានការ​ងារ​ធ្វើ ដែលមាន​ចំណូល​ខ្ពស់​។ ប្រជា​នេសាទ​ងាយស្រួល​ក្នុងការ​ជួសជុល​ទូក​ដោយ​មិនចាំបាច់​ឆ្លងទៅ​ប្រទេសជិតខាង​ដែលមាន​ហានិភ័យ​ខ្ពស់​។ ម្យ៉ាង​ក៏ត្រូវ​ការចំណាយ​ពេលវេលា​និង​ប្រាក់កាស​ជួសជុល​នៅក្រៅ​ប្រទេស​គឺមាន​ផល​លំបាក​ជាច្រើន​។ ដូច្នេះ​អ្នកនេសាទ​ភាគច្រើន​លើសលប់​នៅ​តំបន់​មាត់សមុទ្រ​ចង់ឃើញ​យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​នៅ​ស្រុក​ស្ទឹងហាវ​មាន​លក្ខណៈ​ស្តង់ដារ​ពោលគឺ​អាច​ជួសជុល​បាន​ទាំង​ទូក​តូច​និង​ធំ​។​


​បើតាម​លោក​ព្រហ្ម​ប៊​ន​មេការ​ជួសជុល​ទូក​នៅ​ស្ទឹងហាវ​ដែលមាន​បទពិសោធន៍​ក្នុងការ​ជួសជុល​ទូក​ជា​យូរ​ឆ្នាំ​មកហើយ​នោះបាន​ពណ៌នា​ថា យានដ្ឋាន​ជួសជុល​ទូក​ស្ទឹងហាវ​នេះ​ទើប​តែមាន​លក្ខណៈ​ស្តង់ដារ​ក្នុង​រយៈពេល​៧​ទៅ​៨ ខែ​នេះ ពោលគឺ​គេ​អាច​ទទួល​ជួសជុល​ទូក​ដែលមាន​ចំណុះ​រហូតដល់​ជាង​២០០​តោន​។ មេការ​រូបនេះ​បន្ថែមថា នៅទីនេះ​អាច​ជួសជុល​បាន​ទូក​គ្រប់​ប្រភេទ ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ទូក​ទាំងនោះ ឡើងគោក​បាន​។ ប្រការនេះ​ត្រូវធ្វើ​យានដ្ឋាន​ឱ្យមាន​លក្ខណៈ​ស្តង់ដារ​ទៅតាម​ទំហំ​ទូក​ពោលគឺ​ត្រូវមាន​ជម្រៅ​ទឹក​ជ្រៅ​ទើប​អាច​ឪ្យ​ទូក​ធំៗ​ចូលមក​យានដ្ឋាន​បាន ។​

យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​មាន​លក្ខណៈ​ស្តង់ដារ ជា​សេចក្តីត្រូវការ​របស់​អ្នកនេសាទ​នៅ​ស្ទឹងហាវ​


​ចំណែក​លោក អ៊ុ ដេ​ន ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ​បាន​និយាយថា ប្រជា​ពល​នេសាទ​ជួប​ការលំបាក​នៅពេល​ទូក​ខូច​ម្តងៗ​ត្រូវ​យកទៅ​ជួសជុល​នៅ​ប្រទេសជិតខាង ។​ប៉ុន្តែ​ឥឡូវនេះ​យើង​មាន​កន្លែង​ជួសជុល​នៅក្នុង​មូលដ្ឋាន​ស្រាប់ ដូច្នេះ​មិនចាំបាច់​ចំណាយ​ពេលវេលា​ធនធាន​ឆ្លងដែន​ទៅ​ជួសជុល​ទូក​នៅឯ​ប្រទេសជិតខាង​ឡើយ​។ យានដ្ឋាន​ជួសជុល​ទូក​នៅ​ស្ទឹងហាវ​សព្វថ្ងៃនេះ​អាច​ឡើង​ទូក​បាន​ដែលមាន​ចំណុះ​រហូតដល់​២០០​តោន​។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៃ​រាជរដ្ឋាភិបាល​ជួយ​គាំទ្រ​ឲ្យ​យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​នៅ​ស្រុក​ស្ទឹងហាវ​សព្វថ្ងៃនេះ​ក្លាយជា​កន្លែង​ជួសជុល​ទូក​ដឹកជញ្ជូន​និង​ទូក​នេ​សា​ទៅតាម​ស្តង់ដារ ។​
​ក្រុមកម្មករ​ជួសជុល​ទូក​រីករាយ​ក្នុង​ការធ្វើ​កិច្ចការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​ព្រោះ​មាន​ចំណូល​គួរសម​។ ពួកគេ​និយាយថា ក្នុង​មួយថ្ងៃ​ពួកគេ​អាច​រកចំណូលបាន​យ៉ាងហោចណាស់​ប្រាំមួយ​ម៉ឺន​រៀល​។​ដូច្នេះ​បើ​មាន​ទូក​ច្រើន​គ្រឿង​ចូលមក​ជួសជុល​មានន័យថា​ជីវភាព​រស់នៅ​ប្រចាំ​គ្រួសារ​របស់​ពួកគេ​ម្នាក់ៗ​ក៏​ប្រសើរឡើង​ទៅតាម​នេះ​។ និយាយ​រួម​ទៅ​អ៊ូ​ទូក​ស្ទឹងហាវ​បានរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ​បាន​យ៉ាងច្រើន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​មាន​លក្ខណៈ​ស្តង់ដារ ជា​សេចក្តីត្រូវការ​របស់​អ្នកនេសាទ​នៅ​ស្ទឹងហាវ​


​កន្លងទៅ​ថ្មី​នេះ​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ស្ដីអំពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​របស់​ខេត្ត លោក​ថា អ៊ូ​ទូក​នៅ​ស្ទឹងហាវ​នោះបាន​កើតឡើង​ជា​យូរណាស់​មកហើយ​ដូច្នេះ​លោក​ត្រូវ​សិក្សា​ឲ្យ​បានច្បាស់លាស់​មិនមែន​ចេះតែធ្វើ​អ្វី​តាមតែ​ការលើកឡើង​របស់​មជ្ឈដ្ឋាន​ខាងក្រៅ​ទេ​។​ក្រោយមក​លោក​អភិបាលខេត្ត​ក៏បាន​បញ្ជារ​ឲ្យ​អភិបាលរង​ខេត្ត​មួយរូប​ចុះ​ពិនិត្យ​វាយតម្លៃ​នៅ​អ៊ូ​ស្ទឹងហាវ​រួចមកហើយ ឃើញថា អាច​ដំណើរការបាន ។​


​អ៊ូ​ទូក​ស្ទឹងហាវ​កាលពី​អតីតកាល​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ពោលគឺ​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​ទសវត្សរ៍​ទី​៨០ ក្នុង​ការជួយ​ជួសជុល​នាវា​កងទ័ពជើងទឹក​ធុន​តូច​ជាច្រើន​គ្រឿង​។ ប៉ុន្តែ​បច្ចុប្បន្ន​កងទ័ពជើងទឹក​មាន​ទីកន្លែង​សម្រាប់​ជួសជុល​នាវា​របស់ខ្លួន​ហើយ​។​
​ទាំង​ប្រជាពលរដ្ឋ ប្រជា​នេសាទ​ក៏ដូចជា​អាជ្ញាធរ​ក្នុងស្រុក​ស្ទឹងហាវ​បាន​យល់ឃើញថា យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ជា​ដង្ហើម​សេដ្ឋកិច្ច​សម្រាប់​អ្នកនេសាទ​សមុទ្រ​។ ដូច្នេះ​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់ គួររៀបចំ​យានដ្ឋាន​មួយ​នេះ​ឱ្យស្រប​តាម​ស្តង់ដារ​ដែល​អាចឱ្យ​ទូក​អ្នកនេសាទ​និង​ទូក​ដឹកទំនិញ​គ្រប់​ប្រភេទ​ចូលមក​ជួសជុល​បាន​ដោយ​ស្រួល​៕​សរន

យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​មាន​លក្ខណៈ​ស្តង់ដារ ជា​សេចក្តីត្រូវការ​របស់​អ្នកនេសាទ​នៅ​ស្ទឹងហាវ​
យានដ្ឋាន​ជួសជុល​និង​ដំឡើង​ទូក​មាន​លក្ខណៈ​ស្តង់ដារ ជា​សេចក្តីត្រូវការ​របស់​អ្នកនេសាទ​នៅ​ស្ទឹងហាវ​