អង់គ្លេស​នឹង​ពិន័យ​អ្នក​មិន​ពាក់​ម៉ាស់​នៅ​តាម​ហាង​លក់ដូរ​

163
ចែករម្លែក

​ក្នុង​វិធានការ​ថ្មី​ចុងក្រោយ​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា ការពាក់​ម៉ា​ស់មុខ​នៅ​តាម​ហាង​លក់ដូរ​និង​ផ្សារ​ទំនើប​នឹង​ជា​កាតព្វកិច្ច​ត្រូវ​ធ្វើ​នៅ​អង់គ្លេស នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋា​ភិ​​បាល​អង់គ្លេស​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​កក្កដា រដ្ឋ​មន្ត្រី​សុខាភិបាល ម៉ា​ត ហ៊ែ​ន​ខក់ និយាយថា នរណាម្នាក់​ដែល​ខកខាន​មិន​បាន​ពាក់​ម៉ាស់​មុខ​តាម​បញ្ជា​ចាប់ពី​ថ្ងៃ​២៤​កក្កដា​ទៅ អាច​ប្រឈម​​ការ​ពិន័យ​ប្រាក់​១០០​ផោន​។​

​ចំណាត់ការ​ពិន័យ​នេះ​កើត​ឡើង​ក្រោយ​ពី​មាន​ការជជែក​គ្នា​កាលពី​ចុង​សប្តាហ៍​ក្នុងចំណោម​មន្ត្រី​អំពី​ថា​តើ​ការពាក់​ម៉ាស់​ជា​ការស្ម័គ្រចិត្ត​ឬ ជាការ​ចាប់បង្ខំ​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​បូរី​ស ច​ន​សុន បាន​និយា​​យ​ថា​លោក សម្លឹង​រក​ការអនុវត្ត​ច្បាប់​តឹងរឹង​ឡើង​។​

​រដ្ឋមន្ត្រី​ការិយាល័យ​គណៈរដ្ឋមន្ត្រី លោក​ម៉ៃ​ឃើ​ល ហ្គោវ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​មិន​ជឿថា​នឹង​មាន​ការ​ចាប់បង្ខំ​អោយ​ពាក់​ម៉ាស់​មុខ​ទេ​តែ​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នៅ​សេវា​រថយន្ត​ពេទ្យ​​នៅ​ក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ចន្ទ លោកនាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​សញ្ញា​ច្បាស់​ថា លោក​នឹង​ដើរ​តាម​ផ្លូវ​ចាប់បង្ខំ និង​ថា​រដ្ឋាភិបាល​កំពុង​សម្លឹង​រក​«​ឧបករណ៍​នៃ​ការអនុវត្តន៍​ច្បាប់​»​។​

​នៅមុន​ការប្រកាស​កាលពី​ថ្ងៃ​អង្គារ លោក​រដ្ឋមន្ត្រី​សុខាភិបាល ហ៊ែ​ន​ខក់ បាន​និយាយថា «​មាន​ភស្តុ​ង​តាង​កាន់តែ​ច្រើន​បង្ហាញថា ពាក់​ម៉ាស់​គ្រប​មុខ​ជួយ​ការពារ​មនុស្ស​ពី​ការឆ្លង​វីរុស​កូរ៉ូណា​និង​ថា​​ប្រជាជន​គួរ​ពាក់​ម៉ាស់​មុខ​នៅ​តាម​ហាង​លក់ដូរ​ហើយ​យើង​នឹង​ធ្វើ​វា​ជាការ​ចាប់បង្ខំ​ចាប់ពី​ថ្ងៃ​២៤​កក្កដា​ទៅ​»​។​

​ចំណាត់ការ​នេះ​នឹង​នាំអោយ​អង់គ្លេស​ដើរ​តាម​លំនាំ​របស់​ប្រទេ​សស្កុត​លែន ដែល​បញ្ជា​អោយ​ពាក់​ម៉ាស់​មុខ​ក្នុង​ហាង​រួច​ជា​ស្រេច​ហើយ​។​

​សូមបញ្ជាក់​ថា អង់គ្លេស​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​បំផុត​នៅ​អឺរ៉ុប គឺ​ប្រមាណ​៤៥.០០០​នាក់​៕ប្រែសម្រួល៖វាសនា

ពាក់​ម៉ាស់​មុខ​នៅក្នុង​ហាង​និង​ផ្សារ​អង់គ្លេស​នឹង​ក្លាយ​ជា​ការ​ចាប់បង្ខំ ហើយ​អ្នករំលោភ​នឹងរង​ការពិន័យ​ប្រាក់​