សមាគម​អ្នក​ចិញ្ចឹមសត្វ អរគុណ សម្តេច ហ៊ុន សែន ដែល​ការពារ​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​

125
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ កម្ពុជា បង្ហាញ​ត្រេកអរ និង ដឹងគុណ​យ៉ាងខ្លាំង ចំពោះ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែល​សម្តេច​បាន​ជួយ​ការពារ​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ កម្ពុជា ថា សមាគម​អ្នក​ចិញ្ចឹមសត្វ កម្ពុជា តំណាងឱ្យ​កសិករ​ចិញ្ចឹម​ជ្រូក​នៅ កម្ពុជា ទូទាំងប្រទេស ពិតជា​សូម​អរគុណ​ដោយស្មោះ និង សូម​គាំទ្រ​យ៉ាង​ក្លៀវក្លា ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​មិន​អនុញ្ញាតឱ្យ​នាំ​ជ្រូក​រស់ ១ លាន​ក្បាល ពី​ប្រទេស ថៃ ចូលមក កម្ពុជា ព្រោះថា ប្រសិនបើ​សម្តេច​អនុញ្ញាតឱ្យ​នាំចូល​តាម​ការស្នើសុំ​រប​ស់​ក្រុមហ៊ុន​នោះ វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ដែល​កំពុងមាន​សម្ទុះ​យ៉ាងខ្លាំង​នេះ ប្រាកដជា​ធ្លាក់ចុះ ហើយ​អាច​នឹង​ឈានដល់​ការ ដាច់ខ្យល់​ស្លាប់ ពិបាក​នឹង​ចៀសផុត​ណាស់


លោក ស្រ៊ុន ពៅ ថ្លែង​ប្រកបដោយ​ក្តីរំភើប​បែបនេះ នៅពេល​ផ្តល់​ដល់​សារព័ត៌មាន​ក្នុងស្រុក នា​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០ នេះ បន្ទាប់ពី​បាន​តាមដាន​ស្តាប់​ប្រសាសន៍​របស់​សម្តេច កាលពី​ព្រឹក​ថ្ងៃ ដដែល​នេះ ។​


​សូមជម្រាបថា នាឱកាស​អញ្ជើញ​ទស្សនកិច្ច នៅឯ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិវឌ្ឍន៍​វារីវប្បកម្ម ស្ថិតនៅ​ក្នុងស្រុក ពាម​រក៍ ខេត្ត ព្រៃវែង នា​ព្រឹក​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា មាន​ក្រុមហ៊ុន​មួយ​បានដាក់​សំណើសុំ​ទៅ​សម្តេច ក្នុងការ​នាំចូល​ជ្រូក​រស់​ពី​ប្រទេស ថៃ មក កម្ពុជា ចំនួន ០១ លាន​ក្បាល ដើម្បី ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស កម្ពុជា ហើយនឹង​ក៏​នាំ​បង្ហួស​ទៅ​ប្រទេស វៀតណាម ។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាឱកាស​អញ្ជើញ​ទស្សនកិច្ច មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិវឌ្ឍន៍​វារីវប្បកម្ម ស្រុក ពាម​រក៍ ខេត្ត ព្រៃវែង ( រូបៈ ហ្វេ​ស​ប៊ុ​ក​សម្តេច )


​សម្តេច​បាន​មានប្រសាសន៍​បន្ថែមថា សម្តេច​គ្រាន់តែ​ចារ​ត្រលប់​ទៅវិញ តាមរយៈ​លោក វេ​ង សុខុន ( រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ) និង លោក ប៉ាន សូរ​ស័​ក្ត ( រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ) ឱ្យ​អ្នកបច្ចេកទេស​សិក្សា​តែប៉ុណ្ណោះ ប៉ុន្តែ​ការគិត​របស់​សម្តេច គឺថា មិនត្រូវ​នាំចូល​ពី​ប្រទេស​គេ មក​សម្លាប់​ការចិញ្ចឹម​សត្វ​នៅក្នុង​ស្រុក​ទេ ។ ដូច្នេះ កម្ពុជា ត្រូវ​នាំចូល​តែ​ក្នុង​ចំនួន​ដែល​ខ្វះ​បាន​ហើយ ហើយ​ប្រសិនបើ​កសិករ កម្ពុជា អាច​ចិញ្ចឹម​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​នោះ នឹងមិន​ចាំបាច់​នាំចូល​ពី​ក្រៅប្រទេស​ទេ ។​


​សម្តេច​បាន​បញ្ជាក់ថា ប្រសិនបើ​សម្តេច​ចារ​យល់​ព្រមឱ្យ​ក្រុមហ៊ុន​នោះ នាំចូល​ជ្រូក​រស់​ពី ថៃ ០១ លាន​ក្បាល​ចូល កម្ពុជា នោះ​ពិតណាស់​វា​មានន័យថា សម្តេច​តែម្តង​ដែលជា​អ្នក​សម្លាប់​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ កម្ពុជា ខណៈ​សម្តេច​កំពុងធ្វើដំណើរ​លើកទឹកចិត្ត​ឱ្យ​កសិករ​ចិញ្ចឹម​ជ្រូក ក្នុងស្រុក​ដោយផ្ទាល់​នេះ ។​


​ជា​ការណ៍​ពិត​ហើយ​ថា ជាពិសេស តាំងពី​ពេល​មាន​ជំងឺ​កូ​វីដ ១៩ មក សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ទៅ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ជំរុញ​កសិកម្ម​ឱ្យបាន​ខ្លាំងក្លា ធានា​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ហើយ​អាច​ឈានទៅ​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង ហើយ​ចំពោះ​វិស័យ​ចិញ្ចឹមសត្វ​វិញ រាជរដ្ឋាភិបាល បាន​បញ្ចេញ​ថវិកា​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក ដែលជា​កញ្ចប់​ថវិកា​ដំ​បូ​ង តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង កសិកម្ម ជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​វិស័យ​ចិញ្ចឹម​នៅ កម្ពុជា ។​


​បច្ចុប្បន្ន ក្នុង ០១ ថ្ងៃ កម្ពុជា ត្រូវការ​ជ្រូក​ប្រមាណ​ជា ៧ ០០០ ក្បាល ខណៈ ការចិញ្ចឹម​ក្នុងស្រុក មានលទ្ធភាព​អាច​ផលិត​បានត្រឹមតែ ៥ ០០០ ក្បាល​ប៉ុណ្ណោះ ទើបត្រូវ​នាំចូល​ពី​ប្រទេស ថៃ ប្រមាណ​ជា ២ ០០០ ក្បាល ក្នុង ១ ថ្ងៃ ហើយ​ចំនួន​នេះ នឹង​ប្រែប្រួល​ភ្លាម ទៅតាម​ចំនួន​ឡើង ឬ ចុះ នៃ ជ្រូក​ក្នុងស្រុក ហើយ​វិធានការ​នេះ ត្រូវបាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​យ៉ាងហោចណាស់​ក៏​ប្រហែលជា​កន្លះ​ឆ្នាំ មកហើយ​ដែរ ។​

​លោក ស្រ៊ុន ពៅ ប្រធាន​សម​មា​គម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ( រូបៈ មេសា )


​ជា​ហូរហែ លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ បាន​ហៅ​វិធានការ នៃ ការគ្រប់គ្រង​ចំនួន​ជ្រូក​នាំចូល​ពី​ប្រទេស ថៃ ប្រកបដោយ​ភាពបត់បែន​នេះ ថា គឺជា​វិធានការ ដើម្បី កាត់បន្ថយ​ការនាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស និង បង្កើន​ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក តាម​អនុសាសន៍​របស់​សម្តេច នាយករដ្ឋមន្ត្រី ដែល​សម្តេច​បានផ្តល់​អ​នុ​សាសន៍​ឱ្យ​ជំរុញ​វិស័យ​កសិកម្ម​តាំងពី​ដើមឆ្នាំ​មកម្ល៉េះ ដែលជា​លទ្ធផល​គិត​ត្រឹម​ដើមឆ្នាំ ២០២០ នេះ កសិករ កម្ពុជា ចិញ្ចឹម​ជ្រូក​ពូជ បាន​ប្រមាណ​ជាជាង ៥ ០០០ ក្បាល និង កូនជ្រូក ប្រមាណ​ជាជាង ៧ ម៉ឺន​ក្បាល គឺជា​ចំនួន​ដែល​ស្មើនឹង​ការចិញ្ចឹម​រយៈ​ពេញ ០១ ឆ្នាំ ២០១៩ កន្លងទៅ​ឯណោះ ៕ Kh