ជប៉ុន​ចោទប្រកាន់​ចិន​ថា​បង្កើន​ការកាន់កាប់​ទឹកដី​ក្នុងកំឡុងពេល​ជំងឺ​កូវី​ដ​១៩

196
ចែករម្លែក

​ក្នុងពេល​ពិនិត្យមើល​ប្រចាំ​ឆ្នាំ​ឡើង​វិញ​អំពី​វិស័យ​ការពារជាតិ​របស់​ខ្លួន​នោះ ជប៉ុន​បាន​ចោទប្រកាន់​ចិន​ថា​បាន​បង្កើន​ការអះអាង​សិទ្ធិ​កាន់កាប់​ទឹកដី​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ហើយ​​សង្ស័យ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ផ្សព្វផ្សាយ​ការឃោសនា​និង​ផ្សព្វផ្សាយ​ពត៌មាន​មិន​ពិត​ខណៈ​ដែល​ខ្លួន​(​ចិន​)​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​ដល់​ប្រទេស​មួយចំនួន​ដែល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ។​

​ជប៉ុន​បាន​និយាយ​នៅក្នុង “​សៀវភៅ​ស​ការពារជាតិ​” ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី លោក ស៊ីន​ហ្សូ អាបេ កាលពី​ថ្ងៃ​អង្គារ​ទី ១៤​ខែកក្កដា​ថា “​ប្រទេស​ចិន​កំពុង​បន្ត​ប៉ុនប៉ង​​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងកើត​និង​សមុទ្រ​ចិន​ខាងត្បូង​”​។​

​សៀវភៅ​ស​ការពារជាតិ​នេះ​បាន​ពណ៌​នាពី​ការរំលោភបំពាន​ឥត​ឈប់​ឈរ​នៅ​ដែនទឹក​ជុំវិញ​ប្រជុំ​កោះ​មួយក្រុម​ដែល​អះអាង​ទាមទារ​សិទ្ធិ​កាន់កាប់​ដោយ​ប្រទេស​ទាំង​២​នៅ​សមុទ្រ​ចិន​ខាងកើត​ដែល​គេ​ស្គាល់​​ថា “​ប្រជុំ​កោះ​សេន​កាគុ ជា​ភាសា​ជប៉ុន​និង ហៅថា “​ប្រជុំ​កោះទាវ​យុ​” ជា​ភាសា​ចិន​។​

​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជប៉ុន​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​អះអាង​ទាមទារ​ទឹកដី​ដោយ​បង្កើត​តំបន់​រដ្ឋបាល​ជុំវិញ​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ​នោះ​ដែល​បង្ក​ការរំខាន​ដល់​ប្រទេស​ដែល​​ពាក់ព័ន្ធ​ក្នុងពេល​ជាប់ដៃ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩​។​

​ការរិះគន់​របស់​ជប៉ុន​ទៅលើ​ប្រទេស​ចិន គឺ​កើតឡើង​ស្រដៀងៗ​គ្នា​ទៅ​នឹង​ការលើកឡើង​ដោយ​សហរដ្ឋ​អាម៉េរិក​ហើយ​កើតឡើង​ស្រប​ពេល​ភាព​តានតឹង​នៅក្នុង​តំបន់​កាន់តែ​កើន​ឡើង​នៅ​ពេល​ដែល​រដ្ឋា​ភិ​​បាល​ក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​សមយុទ្ធ​យោធា​ដាច់ដោយឡែក​ពី​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​សម្បូរ​ធនធានធម្មជាតិ​នេះ និង​ទំនាក់ទំនង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​​ទាំង​២​នៅលើ​ពិភពលោក​នេះ គឺ​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​នាវា​របស់​ជប៉ុន ធ្វើ​ការហ្វឹកហាត់​ជាមួយ​នាវា​USS Ronald Reagan របស់​អាម៉េរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃទី​៧​ខែ​កក្កដា​ឆ្នាំ​២០២០