នាង សាង ត្រូវបាន​ចាប់ខ្លួន​ដោយសារ​អង្គការ​ចោទថា​ក្បត់ (​ដកស្រង់​ចេញពី​ចម្លើយសារភាព​ឯក​សារៈ J00091)

383
ចែករម្លែក

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ខ្ញុំ​ឈ្មោះ នាង សាង ហៅ ផង់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​។ ខ្ញុំ​មាន​ទីកន្លែង​កំណើត នៅ​ភូមិ​ត្រពាំង​សោម ឃុំ​ជ​ង្រុ​ង ស្រុក​ជ្រុ​ក ខេត្ត​រោងដំរី កម្ពុជា​ក្រោម (​សព្វថ្ងៃ​ប្រទេស​វៀតណាម​)​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ នាង​(​ស្លាប់​)​និង ម្ដាយ​ឈ្មោះ ហម (​ស្លាប់​)​។ ខ្ញុំ​មាន​បងប្អូន​ចំនួន​បីនាក់ ប្រុស​ទាំងអស់​។ គ្រួសារ​របស់ខ្ញុំ​មានមុខរ​បរជា​អ្នកធ្វើ​ស្រែចម្ការ​។ នៅពេល​ខ្ញុំ​ធំ​ដឹងក្ដី ខ្ញុំ​បាន​ដើរ​បោច​វ​ល្លិ៍ និង​ដង​ជ័រ សម្រាប់​ចិញ្ចឹមជីវិត​។ ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ ឆា​។ យើង​មានកូន​ពីរ​នាក់​គឺ​ប្រុស​មួយ និង​ស្រី​មួយ​។


​នៅក្នុង​ឆ្នាំ​១៩៦០ ខ្ញុំ​បាន​ចូល​បដិវត្តន៍​ជាមួយ​វៀតណាម ដោយ​ខ្ញុំ​នៅ​មន្ទីរ​នីរសារ និង​ទទួលភ្ញៀវ​។ ខ្ញុំ​បានទទួល​ការអប់រំ​ពី​ឈ្មោះ សឺ​ង មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​។ គាត់​បាន​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​តស៊ូ និង​ចេះ​រំដោះខ្លួន​ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ចក្រពត្តិ​។ នៅក្នុង​ឆ្នាំ​១៩៦២ សឺ​ង បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​បង្កប់ខ្លួន​នៅក្នុង​ជួរ​រណសិរ្ស ពិសេស​គឺ​បង្កប់ខ្លួន​នៅក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ ការ​បង្កប់ខ្លួន​ពេលនោះ សឺ​ង បាន​កំណត់ថា ឲ្យ​ខ្ញុំ​ទៅទាក់ទង​ជាមួយ​ឈ្មោះ យ៉ា (​គណៈ​មជ្ឈិមបក្ស​ពលករ​) ដែល​ធ្វើការ​នៅ​មន្ទីរ​ព្រោះ យ៉ា ជា​មនុស្ស​របស់​អង្គភាព​យើង​។ ទិសដៅ​របស់​អង្គ​ការមិន​ប្រញាប់​នោះទេ សំខាន់​គឺ​យូរអង្វែង​កុំ​ឲ្យ​បែកការណ៍ ហើយ​មានការ​អ្វី​ត្រូវធ្វើ​ការពិភាក្សា​ជាមួយ យ៉ា និង​រួម​កម្លាំង​គ្នា​វាយ លន់ លន់ វាយ​ចក្រពត្តិ​អាមេរិក ហើយ​ត្រូវ​ពង្រីក​កម្លាំង​ជា​បន្តបន្ទាប់​។


​នៅ​ខែមីនា ឆ្នាំ​១៩៧៤ បង​ហង់ (​លេខា​តំបន់​ព្រះវិហារ និង ជា​គណៈ​មជ្ឈិមបក្ស​ពលករ​) បាន​ហៅ​គណៈ​ស្រុក​ទាំងអស់​, ក្រសួង និង​មន្ទីរ​មួយចំនួន​ទៅ​ប្រជុំ​នៅ​ស្រុក​រវៀង​។ ក្នុងនោះ​មាន​មេដឹកនាំ​ផ្នែក​ខ​-២ និង ផ្នែក ក​-១ ដែរ​។ ពេលនោះ ខ្ញុំ​បាន​ស្គាល់​មនុស្ស​មួយចំនួន​ដូចជា​៖ បង​ហង់​, មួន (​គណៈ​ស្រុក​រវៀង​) និង យ៉ា​។ នៅពេល​ប្រជុំ បង​ហង់ គឺជា​តំណាង​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន និង​គណបក្ស​មជ្ឈិមបក្ស​ពលករ​កម្ពុជា​។​ការប្រជុំ​នេះ​ជា​កិច្ចដំណើរការ អនុវត្ត​ភារកិច្ច​ថ្មី​គឺ​សម្រេច​បង្រួបបង្រួម​សហព័ន្ធ​ឥណ្ឌូចិន ឲ្យ​បាន​ក្នុងពេល​ដណ្ដើម​យកជ័យ​ជម្នះ​ពី​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។ បង​ហង់ បានបញ្ជាក់​សេចក្ដីរាយការណ៍ គឺ​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​កម្លាំង និង​សកម្មភាព​ថ្មី​នៃ​ដំណើរ​បក្ស​ពលករ​កម្ពុជា​។ នៅក្នុង​ឆ្នាំ​១៩៧៤ នេះ​បក្ស​ទទួលបាន​ជ័យជម្នះ​លើ​បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​បន្ត​បន្តបន្ទាប់ ប៉ុន្តែ​ត្រូវ​រក្សា​ការសម្ងាត់​មិន​ឲ្យ​បែកការណ៍​នោះទេ​។ នៅ​តំបន់​ព្រះវិហារ​នេះ​ភាគច្រើន​ជា​កម្លាំង​របស់​យើង​ឯ​ភាគតិច​ជា​កម្លាំង​របស់​ខ្មាំង​គឺ ម៉ាន់ (​លេខា​តំបន់​ព្រះវិហារ មុន​ឆ្នាំ​១៩៧៥) ហេតុនេះ​ត្រូវកម្ទេច ម៉ាន់ ដើម្បី​យកជ័យ​ជម្នះ​។ បង​ហង់ បានប្រគល់​ផែនការ​នេះ​មក​ឲ្យ​ខ្ញុំ​ក្នុងការ​កម្ទេច ម៉ាន់ ព្រោះ​ខ្ញុំ​នៅ​ជិត ម៉ាន់ ស្រាប់​។ ក្រោយពី​ប្រជុំ​ខ្ញុំ​បាន​អនុវត្ត​ផែនការ ដោយបាន​នាំ​កម្លាំង​ម្នាក់​។ បង​ហង់ បាន​សរសេរ​សំបុត្រ​មួយ​ផ្ញើមក​ឲ្យ​ខ្ញុំ​ហៅ​ឈ្មោះ គូ មកជួប​នៅ​ស្រុក​ជ័យ​សែន​។ យើង​បាន​ចាត់តាំង គូ ដោយ​គិតថា​ងាយស្រួល​បញ្ជា​ព្រោះ គូ បាន​ខូច​សីលធម៌​ជាមួយ​នារី​ម្នាក់​ដើម្បី​ការពារ​ខ្លួន គូ ប្រាកដជា​ធ្វើ​។ ម្យ៉ាងទៀត គូ គឺជា​អតីត​នីរសារ​របស់ ម៉ាន់ ពីមុន​។ នៅ​ខែតុលា ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ទៅ​ជួប បង​ហង់ នៅ​ស្រុក​រវៀង​។ ខ្ញុំ​ក៏បាន​រាយការណ៍​ពី​ការកសាង​កម្លាំង​ប្រាប់​គាត់ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​បាន​ឲ្យ គូ ទៅ​សម្លាប់ ម៉ាន់ បានសម្រេច​ហើយ​។ ដូច្នេះ​តំបន់​ព្រះវិហារ​មានតែ​កម្លាំង​យើង​ប៉ុណ្ណោះ​។​

កម្មាភិបាល​ខ្មែរក្រហម​នៅតាម​មន្ទីរ និង​អង្គភាព ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ឆ្នាំ​១៩៧៥-១៩៧៩) កំពុង​ធ្វើ​ពលកម្ម​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​នៅក្នុង​ឆ្នាំ​១៩៧៥ ក្រោយពេល​រំដោះ​បាន​ទូទាំងប្រទេស ក៏មាន​ការប្រជុំ​មួយ​បានរៀបចំ​ឡើង​នៅ​តំបន់​ព្រះវិហារ ដោយមាន​ការចូលរួម​ពី​គ្រប់​គណៈ​ស្រុក និង​ក្រសួង​មន្ទីរ​មួយចំនួន​។ អ្នកចូលរួម​នោះ​មាន បង​ហង់​, សេត​, ម៉ាន់​, យឿន (​គណៈ​ស្រុក​ថា​ឡាបរ​វ៉ា​ត់​), មួយ​, សុ​ត (​លេខា​តំបន់​សៀមរាប​), ស៊ិត​, ភាព​(​គណៈ​ស្រុក​ត្បែង​), ស៊ិន​, ថង​, យ៉ា​ត់ (​គណៈ​ស្រុក​ជាំ​ក្សាន្ត​), ធឿន (​គណៈ​ស្រុក​ដងទង់​), យ៉ា (​ប្រធាន​មន្ទីរ​តំបន់​), ពុំ (​ប្រធាន​ចម្ការកៅស៊ូ​តំបន់​), ហ្វា (​ពាណិជ្ជកម្ម​តំបន់​), អាន់ (​វប្បធម៌​តំបន់​), ប៉ន (​ពាណិជ្ជកម្ម​តំបន់​), កែម​, ជា​, ប៊ុន​, មី​, ធិ​ន​, ចាន់​, សុន (​ប្រធាន​សង្គមកិច្ច​តំបន់​), ឃឿន​, ពេញ និង​នៅ​មួយចំនួនទៀត​ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ​អស់​។ នៅក្នុង​ការប្រជុំ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ត្រូវ​រួបរួម​ជាមួយ​ឥណ្ឌូចិន ដោយមាន បង​យ៉ា គឺជា​គណៈ​មជ្ឈិមបក្ស​ពលករ​ឥណ្ឌូចិន​, នៅ​ភូមិភាគ​ឧ​ត្ត​រ​មាន បង​ធុច​, បង​សុ​ត នៅ​សៀមរាប ដែល​ប្រឆាំង​ជាមួយ​បក្ស​កុម្មុយនីស្ដ​កម្ពុជា និង​កម្លាំង​ខាងក្រៅ​មាន ឡាវ យួន និង សៀម​។ បង​ហង់ បាន​លើក​ផែនការ​ថ្មី​មួយទៀត គឺ​ត្រូវ​ប្រមូល​អ្នក​ដែល​ជាប់​និន្នាការ​ចាស់​ទាំងអស់ ជាពិសេស គឺ​រដ្ឋការ ទាហាន ប៉ូលីស ដើម្បី​ឲ្យ​ទៅ​រស់នៅ​ក្នុងព្រៃ​ស្អា​ក (​ប​-៣១) និង​យក​កម្លាំង​ពី ក​-៥១ ទាំងអស់ និង​យក​កម្លាំង​ពី​ក្រសួង​មួយចំនួន​។ ចំណែក​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​លើ ៣-១ មាន​ចំនួន​៤​នាក់ គឺ​ខ្ញុំ​, សេត (​ប្រធាន ប​-៣១), ម៉ាន់ (​អនុប្រធាន ប​-៣១), ភារ​ក្ស (​សមាជិក ប​-៣១) ដោយ​ធ្វើយ៉ាងណា​ត្រូវ​លាក់​ការណ៍​ឲ្យ​ជិត​កុំ​ឲ្យ​បងៗ​ថ្នាក់លើ​ដឹង​។


​ ​នៅក្នុង​ឆ្នាំ​១៩៧៦ បង​ហង់ បាន​ឲ្យ​ខ្ញុំ​ទទួលខុសត្រូវ​តំបន់​សន្តិសុខ​។ នៅពេលនោះ​សន្តិសុខ​តំបន់​កាន់តែ​ល្អប្រសើរ​ព្រោះ​មជ្ឈិមបក្ស​កុម្មុយនីស្ត​កម្ពុជា​ឲ្យ​ពួក​ខ្ញុំ​បង្កើត​នូវ​សន្តិសុខ​មួយ​ដើម្បី​វាយ​ខ្មាំង គឺ​យើង​យក​ភារកិច្ច​ស្របច្បាប់​នេះ​ទៅ​អនុវត្ត ហើយ​ឆ្លៀត​អប់រំ​សមាជិក​ឲ្យ​ចូលបក្ស​ពលករ​។ នៅពេល​ខ្ញុំ​មក​ធ្វើការ​នៅ​សន្តិសុខ ខ្ញុំ​បាន​អនុវត្ត​សកម្មភាព​បំ​ភ្លើ​ស​មាគ៌ា​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ដោយបាន​កម្ទេច​ឈ្មោះ វង់​, ម៉ៅ​, ស៊ិត​, វុទ្ធី និង ម៉ែន ដែល​បានធ្វើ​ឲ្យ​បែកការណ៍​។ ចំណែក​ប្រជាជន​វិញ​ខ្ញុំ​បានធ្វើ​សកម្មភាព​ដូចជា​កម្ទេចចោល​អស់​១៥០​នាក់ គឺជា​ប្រជាជន​ដែល​បាន​ស្មោះត្រង់​ជាមួយ​អង្គការ​បដិវត្ត​ន៍​។ នៅក្នុង​ឆ្នាំ​១៩៧៦ អង្គការ​ចាប់បាន​បក្ខ​ពួក​របស់ខ្ញុំ​មួយចំនួន ប៉ុន្តែ​ពួកយើង​មិនទាន់​អស់សង្ឃឹម​ទេ​ព្រោះ​នៅមាន​កម្លាំង​ឥណ្ឌូចិន​ជួយ ដូចជា សៀម​, ឡាវ​, យួន ហើយ​សព្វថ្ងៃនេះ​កម្លាំង​យើង​នៅ​ទិសខាងកើត ដូចជា យួន កំពុង​វាយ​នៅតាម​ព្រំដែន​គោក និង​ទឹកជា​បណ្ដើរៗ​។ ដូច្នេះ​កម្លាំង​ខាងក្នុង​ត្រូវ​ត្រៀមលក្ខណៈ​ដើម្បី​រួម​កម្លាំង​គ្នា​វាយ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។​


​ ​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៧ មានការ​ប្រជុំ​ម្ដងទៀត​នៅ​មន្ទីរ​ទំលាប់ បង​ហង់ បាន​ហៅ គណៈ​ក្រសួង មន្ទីរ​ទាំងអស់​មក​ប្រជុំ​លើកលែងតែ​គណៈ​ស្រុក​។ បង​ហង់ បានលើកឡើង​ពី​សភាពការណ៍​ទូទាំងប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​មានការ​ប្រែប្រួល​ខ្លាំង​។ ដូចជា​បងៗ​មួយចំនួន​ត្រូវ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ចាប់ខ្លួន ដូចជា យ៉ា​, ស្រេង​, ធុច​, សុ​ត និង​បក្ខពួក​នៅក្រោមៗ​មួយចំនួន​ក៏ត្រូវ​អង្គការ​ចាប់​ដែរ​។​
​ ​ដូច្នេះ​នៅសល់តែ​តំបន់​ព្រះវិហារ​ដែល​មិនទាន់​បែកការណ៍ យើង​ត្រូវ​បន្ត​តស៊ូ​ប្រឆាំង និង​បក្ស​កុម្មុយនីស្ដ​កម្ពុជា ដើម្បី​ដណ្ដើមយក​ជ័យជម្នះ​លើ​បក្ស​កុម្មុយនីស្ត​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៧៧ និង​១៩៧៨​។ បន្ទាប់ពី​ប្រជុំ​រួច ខ្ញុំ​បានធ្វើ​សកម្មភាព​អប់រំ​បាន​៤​នាក់ រួមមាន​៖ ថេ​ក​, ឆាត​, កុ​ត និង ប៉ុន​។ បន្ទាប់មក​បាន​បញ្ចូល​អ្នក​ទាំង​៤​នេះ​ទៅក្នុង​បក្ស​ពលករ​។
​ ​នៅ​ឆ្នាំ​១៩៧៨​នេះ ទោះបីជា​អង្គការ​ចាប់​បងៗ​មួយចំនួន ប៉ុន្តែ​នៅ​ខេត្តព្រះវិហារ​មិនទាន់​បែកការណ៍​ទេ​ព្រោះ​យើង​បានធ្វើ​សកម្មភាព​ស្របច្បាប់​។ យើង​ត្រូវ​ត្រៀមលក្ខណៈ​ពិសេស ស្រូវ អង្ករ អាវុធ នៅក្នុង ប​-៣១ ដែលជា​កន្លែង​មូលដ្ឋាន​អាច​ក្លាយជា​បង្អែក​របស់​យើង​បាន​។ នៅ​ឆ្នាំ​១៩៧៨ មានការ​ផ្ទុះអាវុធ​ជា​បណ្ដើរៗ​នៅតាម​ព្រំដែន​។ កម្លាំងយោធា​ខាងក្នុង​ខេត្តព្រះវិហារ​បានចាប់ផ្ដើម​រៀបចំ​អាវុធ និង​កម្លាំង​។ បន្ទាប់ពី​ប្រជុំ​រួច ខ្ញុំ​ជឿជាក់​ប្រាកដថា អាច​យកឈ្នះ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។ ក្រោយពី​ប្រជុំ បាន​មួយរយៈ អង្គការ​បាន​ចាប់ បង​ហង់ ចំណែក​រូបខ្ញុំ​មិនទាន់​ហ៊ាន​ធ្វើ​សកម្មភាព​ទេ គឺ​រង់​ចាំមើល​សភាពការណ៍​ទៅ​ថ្ងៃមុខ​សិន​។ ខ្ញុំ​បាន​សម្ងំ​លាក់ខ្លួន​ជាមួយ​បដិវត្តន៍​លុះដល់​រឿងនេះ​បែកការណ៍ ទើប​អង្គការ​បាន​ចាប់​ខ្ញុំ​មក​ដាក់​នៅ​មន្ទីរឃុំឃាំង​តែម្តង​។
​កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ​យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ នាង សាង ពិត​ឬ​យ៉ាងណា​នោះទេ​៕srn