​រដ្ឋលេខាធិការ​ប្រចាំការ​វ​ង្សី វិស្សុត​ថ្លែង​ពី​គោលការណ៍​សំខាន់ៗ​ក្នុងការ​រៀបចំ​ផែនការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​

205
ចែករម្លែក
រដ្ឋលេខាធិការ​ប្រចាំការ​វ​ង្សី វិស្សុត​ថ្លែង​ពី​គោលការណ៍​សំខាន់ៗ​ក្នុងការ​រៀបចំ​ផែនការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក​, រដ្ឋលេខាធិការ​ប្រចាំការ​វ​ង្សី វិស្សុត មានប្រសាសន៍ថា​«​បច្ចុប្បន្ន រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រគោល​នយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលជា​សេនាធិការ បាន​នឹង​កំពុង​សិក្សា​គិតគូរ​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​។ កិច្ចការ​នេះ ត្រូវធ្វើ​ឱ្យបាន​ឆាប់ និង​ម៉ត់ចត់​, ត្រឹមត្រូវ និង​គ្រប់​ជ្រុ​យ​ជ្រោយ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​អាច​ងើបឡើង​វិញ​បាន​ឆាប់រហ័ស ដោយ​មិន​រង់ចាំ​រហូត​ដល់ពេល​ដែល​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​នោះទេ ពោលគឺ​យើង​អាច​ត្រូវ​ចេះ​រៀន​រស់នៅ​ជាមួយនឹង​ជំងឺ​នេះ​។​


​លោក​បាន​អះអាង​ក្នុង​សន្និសីទ​ថា​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​នេះ​អាច​នឹងធ្វើ​ឡើងជា​ពីរ​ដំណាក់កាល​។​ដំណាក់កាល​ទី​១.​គឺ​ផែនការ​ត្រៀមខ្លួន​៖​សម្រាប់​ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២១ ដោយ​បន្ត​ផ្តោតលើ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩, ការ​ទ្រទ្រង់ និង​ស្តារ​អាជីវកម្ម​, ការបង្កើត​ការងារ និង​ការបន្ត​ជួយ​ដល់​ជន​ដែល​ងាយ​រងគ្រោះ​ពី​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​កម្មវិធី​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល​។ ថ្វីត្បិតតែ​យើង​ត្រូវ​បែង​ធនធាន​មួយចំណែក​ដ៏​ធំ​របស់​ជាតិ សម្រាប់​អន្តរាគមន៍​ក្នុង​វិស័យ​សង្គមកិច្ច​ក្តី តែ​យើង​ក៏​មិន​ដកថយ​ក្នុង​ការបង្កើន​ការវិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូបវ័ន្ត​សំខាន់ៗ ដូចជា គមនាគមន៍​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​, អគ្គិសនី និង​ឌីជីថល​ជាដើម ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​។ ទន្ទឹមនឹងនេះ យើង​ក៏ត្រូវ​ធ្វើ​កិច្ចការ​មួយ​បន្ថែមចំនួន​ទៀត ដើម្បី​សម្រួល​ដល់​លំហូរ​ទំនិញ​, សេវា និង​មនុស្ស កុំឱ្យ​មានការ​ប៉ះពាល់ ឬ​រអាក់រអួល​។​
​លោក​បន្តថា​ដំណាក់កាល​ទី​២. គឺ​ផែនការ​ងើប​ឡើងវិញៈ​សម្រាប់​ចាប់ពី​ឆ្នាំ​២០២២ តទៅ ដោយ​បន្ត​ផ្តោតលើ​ការបង្កើន​ភាព​ប្រកួតប្រជែង​, ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន ព្រមទាំង​ការបង្កើន​ការវិនិយោគ​សាធារណៈ​ដើម្បី​ទាក់ទាញ​វិនិយោគឯកជន​ឱ្យ​កាន់តែ​បាន​ច្រើន​ថែមទៀត​។​


​ ​រដ្ឋលេខាធិការ​វ​ង្សី វិស្សុត នៅបាន​លើកឡើងថា​ការរៀបចំ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ខាងលើនេះ នឹងត្រូវ​ផ្តោតលើ​គោលការណ៍​ណែនាំ (Guiding Principle)​សំខាន់ៗ​ចំនួន បី​។​ទី​១.​ការស្វែងយល់ និង​កំណត់​និន្នាការ ឬ​ប្រក្រតី​កម្ម​ថ្មី (Global Trends/New Normal) របស់​ពិភពលោក​៖ ពិភពលោក​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ អាច​នឹងមិន​ដូច​ពិភពលោក​នៅមុន​ពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នោះទេ ហើយ​និម្មាបនកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក ក៏​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ​។ ក្នុងន័យនេះ ពិភពលោក​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ គឺជា​ពិភពលោក​មួយ ដែលមាន​កំណើន​ទាប​, មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​តិចជាង​មុន និង​មានការ​គាំពារ​និយម​កាន់តែ​ច្រើនជាង​មុន ជាពិសេស​ការផ្លាស់ប្តូរ​នៃ​ខ្សែសង្វាក់​ផលិតកម្ម​ពី​កម្រិត​ពិភពលោក មក​កម្រិត​តំបន់ និង​ពី​កម្រិត​តំបន់​ដល់​កម្រិត​ប្រទេស​នីមួយៗ​វិញ​តែម្តង ជាពិសេស​ចំពោះមុខ​ទំនិញ​ដែល​ចរិត​យុទ្ធសាស្ត្រ​របស់​ជាតិ ដូចជា​៖ ម្ហូបអាហារ​, ថ្នាំពេទ្យ​, ស្បៀង​, អាវុធ​, គីមី និង​បច្ចេកវិទ្យា ជាដើម​។ ទន្ទឹមនឹងនេះ មនុស្ស​ក៏​ចាប់ផ្តើម​ផ្លាស់ប្តូរ និង​ចេះ​រស់នៅ​តាមរបៀប​ថ្មី ដោយ​ក្នុងនោះ នឹងមាន​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​កាន់តែច្រើន ហើយ​ការថែទាំ និង​បង្ការ​ជំងឺ ក៏​នឹង​កាន់តែ​ធំ​ជាង​មុន ដែលជា​ហេតុ​ធ្វើឱ្យមាន​តម្រូវការ​ថ្មី ក្នុង​ខ្សែសង្វាក់​នៃ​ការផ្គត់ផ្គង់ និង​សេវាកម្ម​។ ជាមួយគ្នានេះ ការប្រែប្រួល​អាកាសធាតុ ក៏​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​មនុស្សជាតិ និង​ប្រទេស​នីមួយៗ ហើយ​ក្នុង​ករណីខ្លះ ការប្រែប្រួល​នៃ​អាកាសធាតុ ក៏បាន​បង្កើតជា​ជំងឺ​ខ្លះ​ឥតឈប់ឈរ​។ គួរ​គូសបញ្ជាក់​ផងដែរ​ថា ដោយសារ​ការរីក​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​បានធ្វើឱ្យ​វិស័យ​បច្ចេកវិទ្យា​មាន​សន្ទុះ​រីកចម្រើន និង​ការអភិវឌ្ឍ ក្នុង​ល្បឿន​មួយ​ដ៏​លឿន​ជាង​ពេលណាៗ​ទាំងអស់​។ ដូច្នេះ កម្ពុជា​មិនអាច​ឃ្លាត​ចេញពី​និន្នាការ​ពិភពលោក​ថ្មី​ខាងលើនេះ​បានទេ​។ ក្នុងន័យនេះ កម្ពុជា​ត្រូវ​រកឱ្យឃើញ​នូវ​និន្នាការ​ទាំងឡាយ ដែល​អាច​បង្កឱ្យមាន​ប​ញ្ហា​ប្រឈម និង​ប៉ះពាល់​ខ្លាំង​ដល់​កម្ពុជា ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ទប់ទល់ និង​សម្រាល​នូវ​ការប៉ះទង្គិច និង​ត្រូវ​រកឱ្យឃើញ​នូវ​និន្នាការ​ទាំងឡាយណា ដែល​អាច​បង្កើតជា​ឱកាស​ដល់​កម្ពុជា ដើម្បី​អាច​ប្រើប្រាស់​នូវ​ឱកាស​ទាំងនោះ​ឱ្យ​អស់ពី​សក្តានុពល​។​ទី​២.​ការកំណត់​បរិការណ៍​ក្នុងស្រុក (Local Context)៖ ទន្ទឹមនឹង​និន្នាការ​ពិភពលោក​ថ្មី ដែលជា​បរិការណ៍​ក្រៅប្រទេស​ខាងលើនេះ កម្ពុជា​ក៏ត្រូវ​ពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​នូវ​ស្ថានភាព​រួម​របស់​ប្រទេស​, សក្តានុពល​ដែលមាន​, កម្លាំង​ធនធាន និង​បញ្ហា​ប្រឈម​ទាំងឡាយ​នៅក្នុង​ស្រុក​ដែរ ដើម្បី​អាចដាក់​ចេញ​នូ​វិធានការ​អន្តរាគមន៍​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ គួបផ្សំ​នឹង​ប្រព័ន្ធ​អេកូ​មួយ ដែល​សមស្រប បត់បែន និង​ឆ្លើយតប​ទៅនឹង​ទាំង​បរិការណ៍​ក្រៅ​ស្រុក និង​ក្នុងស្រុក​។ ជាមួយគ្នានេះ វិធានការ​អន្តរាគមន៍​ក្នុង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​នេះ ត្រូវតែ​ធ្វើឡើង​ដោយ​ឈរលើ​គោលការណ៍​សម្រិតសម្រាំង​ខ្ពស់ (Selectivity) ដើម្បី​កំណត់​វិស័យ​ណា​ដែល​ចរិត​ជា​យុទ្ធសាស្ត្រ តាម​ដំណាក់កាល​នីមួយៗ ស្របតាម​ផែនការ​ច្បាស់លាស់ ព្រោះ​រដ្ឋ​មិនអាច​ធ្វើ​អន្តរាគមន៍​គ្រប់​វិស័យ​ទាំងអស់ ក្នុងពេល​តែមួយ​បាន​នោះទេ​។ ទន្ទឹមនឹងនេះ ការរៀបចំ​ក្របខណ្ឌ​ស្ថាប័ន​ឱ្យ​កាន់តែ​រឹងមាំ ស័ក្តិសិទ្ធិ​ភាព និង​មាន​ប្រសិទ្ធភាព គឺជា​កត្តា​គន្លឹះ ដើម្បីឱ្យ​យន្តការ​សេដ្ឋកិច្ច​ទីផ្សារ​អាច​ដំណើរការបាន​រលូន ក្នុងការ​បែងចែក និង​ប្រើប្រាស់​ធនធាន​របស់​ជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​


​ចំណែក​ចំណុច​ទី​៣.​ការ​កៀរគរ​ធនធានៈ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ កម្ពុជា​ត្រូវតែមាន​ធនធាន​គ្រប់គ្រាន់ ទាំង​ធនធាន​ហិរញ្ញវត្ថុ និង​ទាំង​ធនធានមនុស្ស​។​លោក​វ​ង្សី វិស្សុត បាន​សង្កត់ធ្ងន់ថា​រដ្ឋ​ចាំបាច់​ត្រូវ​ហ៊ាន​បង្កើន​ចំណាយ​ធំ​ជាង​មុន​តាមរយៈ​ការបង្កើន​ការខ្ចី​បន្ថែ ម និង​ការ​កៀរគរ​ធនធាន​ពី​វិស័យ​ឯកជន​។ ចំពោះ​ការខ្ចី​ពី​ក្រៅ​បន្ថែម គឺ​កម្ពុជា​មិន​ពិបាក​នោះទេ ដោយសារ​កម្ពុជា​នៅសល់​លំហរ​ច្រើន​សម្រាប់​បង្កើន​ការខ្ចី​បន្ថែម ព្រោះ​បន្ទុក​បំណុល​ក្រៅប្រទេស​របស់​យើង​នៅ​តិច​នៅឡើយ ហើយ​បច្ចុប្បន្ន​ក៏មាន​ដៃគូរ​ជាច្រើន​ចង់ឱ្យ​កម្ពុជា​ខ្ចី​បន្ថែម​ដែរ​។ ដោយឡែក ចំពោះ​ការខ្ចី​ពី​ទីផ្សារ​ក្នុងស្រុក​វិញ ក៏​ជាស​ក្កា​នុព​ល​មួយ​ដ៏​ធំ​ដែរ តែ​កម្ពុជា​នៅ​ពុំទាន់​បាន​ខ្ចី​ពី​ផ្សារ​នេះ​នៅឡើយ​។ ដូចនេះ ការអភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​រឹងមាំ និង​មាន​ជវភាព គឺជា​កត្តា​គន្លឹះ​មិនអាច​ខ្វះ​បាន​។ ឯកឧត្តម​បាន​បន្តថា ការបង្កើន​ទំហំ​ចំណាយ​តែមួយ​មុខ នៅ​មិនទាន់​អាច​ដោះស្រាយ​បញ្ហា​បាន​ទាំងស្រុង​នៅឡើយ​ទេ តែ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​ត្រូវ​ចាយ​ឱ្យចំ​មុខ​, តាម​នីតិវិធី និង​មាន​ប្រសិទ្ធភាព​។ លើស​នេះ​ទៀត យើង​ចាំបាច់​ត្រូវ​ប្រមូល​ធនធាន​ទាំងអស់​ដែលមាន និង​តម្រង់ទិស​ការប្រើប្រាស់​ធ​ន​ធាន​ទាំងនេះ ឱ្យអស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព តាមរយៈ​ការបង្កើត​ក្របខណ្ឌ និង​ប្រព័ន្ធ​អេកូ​មួយ​សមស្រប ដែល​អាច​ផ្តល់នូវ​ទំនុកចិត្ត​, ការលើកទឹកចិត្ត និង​ទាក់ទាញ​ការចូលរួម​ពី​គ្រប់​តួអង្គ​ទាំងអស់ ទាំង​រដ្ឋ និង​ទាំង​វិស័យ​ឯកជន និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។


​លោក​មានប្រសាសន៍ថា​គួរ​បញ្ជាក់ថា​ការវិនិយោគ​ដែលមាន​ប្រភព​ទុន​ពី​ក្រៅប្រទេស​អាចមាន​កា​រថ​ម​ថយចុះ​មួយរយៈ តែ​ការវិនិយោគ​ដែលមាន​ប្រភព​ទុន​ក្នុងស្រុក​វិញ នៅមាន​សក្កា​នុព​ល​ធំ ដែល​យើង​គប្បី​ត្រូវ​ចេះ​ទាក់ទាញ និង​ប្រើប្រាស់​ការវិនិយោគ​នេះ​នៅក្នុង​វិស័យ​ផលិតកម្ម និង​វិស័យ​ដែលជា​ដង្ហើម​នៃ​សេដ្ឋកិច្ចជាតិ​។
​លោក​ក៏បាន​លើកឡើង​ទៀតថា ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ថវិកា និង​យុទ្ធសាស្ត្រ​សម្រាប់​គ្រប់គ្រង​ការវិនិយោគ​សាធារណៈ ព្រមទាំង​សេចក្តីព្រាងច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន និង​ច្បាប់​វិនិយោគ​ថ្មី​ជាដើម ដែល​ត្រូវ​នឹង​ប្រកាស​ឱ្យប្រើ​នាពេល​ខាងមុខនេះ នឹង​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់ សម្រាប់​ផ្តល់​លទ្ធភាព​ទាំង​សម្រាប់​រដ្ឋ និង​ទាំង​សម្រាប់​ឯកជន ដើម្បី​បង្កើន​ការវិនិយោគ​បន្ថែម​។ ម្យ៉ាងវិញទៀត កម្ពុជា​ក៏ត្រូវ​ចេះ​ប្រើប្រាស់​ធនធានមនុស្ស ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ ដោយ​ម្ខាង​បែងចែក និង​ប្រើប្រាស់​ធនធានមនុស្ស​ឱ្យចំ​ទិសដៅ និង​ម្ខាង​ទៀត​ត្រូវ​លើកកម្ពស់​ផលិតភាព​តាមរយៈ​ការបង្កើន​គុណភាព​ការអប់រំ និង​ជំនាញ​បច្ចេកទេស​។ ជាមួយគ្នានេះ កម្ពុជា​ក៏ត្រូវ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ ដោយ​ភាព​ឆ្លាត​វៃ ដើម្បី​បង្កើត​តម្លៃ​ឬ​ចំណូល​បន្ថែម ដោយ​ម្ខាង​ធានាឱ្យមាន​នូវ ចីរភាព​ខាង​ផ្នែក​បរិស្ថាន និង​ម្ខាង​ទៀត ដើម្បី​បាន​ផលចំណេញ​ដល់​សេដ្ឋកិច្ច​៕srn