​ទន្លេសាប​មានទឹក​ដូច​ក្នុង​រដូវប្រាំង​

237
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទោះបីជា​ភ្លៀង​បាន​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់​ហើយ​យ៉ាងណាក៏ដោយ​ក៏​ទឹក​បឹង​ទន្លេសាប​ពេលនេះ​នៅតែ​ទាប​ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​ដល់​ទៅ​២,១៧​ម៉ែត្រ​។​ឯ​ទឹកទន្លេ​មេគង្គ​នៅ​ចតុ​មុខទាប​ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​២,៧៩​ម៉ែត្រ​បើ​ធៀប​រយៈពេល​ដូចគ្នា​។​កម្ពស់​ទឹក​ទាប​បែបនេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការដាំដុះ​នៅតាម​វាលទំនាប​និង​តាម​ដង​ទន្លេ​ជាពិសេស​ការពង​កូន របស់​មច្ឆជាតិ​នៅ​បឹង​ទន្លេ សាប​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​ទឹកទន្លេ​មេគង្គ​ក៏ដូចជា​ទឹក​នៅ​បឹង​ទន្លេសាប​មកដល់ពេលនេះ​(១៤​កក្កដា​)​នៅតែ​មិនទាន់​សញ្ញា​ជន់​ឡើង​។​ដោយសារ​ភ្លៀង​ដែល​បាន​ធ្លាក់​ជា​បន្តបន្ទាប់​កន្លង​ទៅបាន​ត្រឹមតែ​សើម​ដី​ចិញ្ចឹម​ដំណាំ​មិនឱ្យ​ស្វិត​ងាប់​គឺ​មិនទាន់មាន​សល់​ហូរ​ធ្លាក់​ចូលដល់​ក្នុង​ស្ទឹង​ទន្លេ​នៅឡើយ​ទេ​។​ទឹកទន្លេ​នៅ​ទាប​និង​ជន់​ឡើង​យឺត​ពេល​បែបនេះ​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ដោយ​សម្តែង​ការព្រួយបារម្ភ​ថា​វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការដាំដុះ​នៅតាម​ដង​ទន្លេ​និង​វាលទំនាប​ជាពិសេស​គឺ​ការពង​កូន​និង​ការ​ធំធាត់​របស់ មច្ឆា ជាតិ​។​

លោក​ចាន់​យុ​ត្ថា​និយាយ​ដោយ​ទទួលស្គាល់ថា​ទឹក​បឹង​ទន្លេសាប​ពេលនេះ​គឺ​ពិតជា​នៅ​ទាប​និង​ទាប​ជាង​បណ្តា​ឆ្នាំមុនៗ​បើ​ធៀប​រយៈពេល​ដូចគ្នា​។​ទឹកទន្លេ​មេគង្គ​នៅ​ចតុមុខ​ក៏ដូចជា​ទឹក​បឹង​ទន្លេសាប​ដែរ​។​ទឹកទន្លេ​មេគង្គ​អាច​នឹង​ជន់​ឡើង​នៅក្នុង​ខែសីហា​តែ​ឡើងដល់​កម្រិតណា​នោះ​មិនអាច​ស្មាន​បានទេ​។​ព្រោះ​នៅតាម ដង​ទន្លេ​នេះ​ភាគ​ខាងលើ​មាន​វា​រី​អគ្គិសនី​ច្រើន​ដែល​មិនទាន់​មានទឹក​គេ ត្រូវការ តម្កល់​ទឹក​ទុក​ភ្លៀង​ល្មមៗ​ទឹក​មិន​ធ្លាក់ចូល​ទន្លេ​បានទេ​។​

ចំណែកឯ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ដែលមាន​ស្ទឹង​សំខាន់ៗ​ដល់​ចំនួន​១១​វិញ​នោះ​ត្រូវបាន​លោក​ចាន់ យុ​ត្ថា​បញ្ជាក់ថា​មានតែ​ស្ទឹង​ពោធិសាត់​មួយ​ទេ​ដែលមាន​ទឹក​ច្រើនតែ​ក៏​មិនទាន់បាន​ធ្លាក់​ចូលដល់​បឹង​ទន្លេសាប​ដែរ​គឺ​ត្រូវបាន​ស្ទាក់​ជាប់​នៅតាម​អាងទឹក​ភាគ​ខាងលើ​។​តាម​សំណង់​ស្ទាក់​ទឹក​តាម​ដងស្ទឹង​បង្វែ​ទៅតាម​ប្រព័ន្ធ​ស្រោចស្រព​។​ក្រៅពីនេះ​គឺ​មិនទាន់មាន​ស្ទឹង​ណាមួយ​មាន​ជំនន់​ទឹកភ្លៀង​ម្តង​នៅឡើយ​ទេ​។​
​ទឹកទន្លេ​មេគង្គ​ដែល​មកដល់​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០២០​នៅ​ចតុមុខ​ទើប​មាន​កម្ពស់ ២,៥១​ម៉ែត្រ ទាប​ជាង​កម្ពស់​ទឹក​ឆ្នាំ​២០១៩​ប្រមាណ​ជា​០,១៧​ម៉ែត្រ​និង​ទាប​ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​២,៧៩​ម៉ែត្រ​បើ​ធៀប​រយៈពេល​ដូចគ្នា​។​ឯ​ទឹក​បឹង​ទន្លេសាប​ទើប​មាន​កម្ពស់​០,៥៣​ម៉ែត្រ​ទាប​ជាង​កម្ពស់​ទឹក​ឆ្នាំ​២០១៩​ប្រមាណ ជា​០,៣៨​ម៉ែត្រ​និង​ទាប​ជាង​កម្ពស់​ទឹក​មធ្យម​ចើ​ន​ឆ្នាំ​២,១៧​ម៉ែត្រ​បើ​ធៀប​រយៈ​ទៅ នឹង​រយៈពេល​ដូចគ្នា​។​
​ទឹកទន្លេ​មេគង្គ​ឆ្នាំនេះ​ជន់​ឡើង​យឺត​ពេល​ដល់​ទៅ​ពីរ​ខែ​ធ្វើឱ្យ​បឹង​ទន្លេសាប​ចូលដល់​ពាក់កណ្តាល​រដូវ​វស្សា​ទៅហើយ​នៅតែ​អត់​ទឹក​គឺ​ដូច​ទៅនឹង​ឆ្នាំ​២០១៥​ដែល​កម្ពស់​ទឹក​បឹង​ទន្លេសាប​នៅ​ក្រគ​កំពង់​លួង​ឡើង​បាន​ដល់​ត្រឹមតែ​៥,៣២​ម៉ែត្រ​ធ្វើឱ្យប៉ះពាល់​ដល់​ការពង​កូន​និង​ការលូតលាស់​របស់​មច្ឆជាតិ​យ៉ាងធ្ងន់ធ្ងរ​៕S/

ទិដ្ឋភាព​បឹង​ទន្លេសាប​កាលពី​ដំណាច់ខែ​មិថុនា​ឆ្នាំ​២០២០​ដែល​ទឹក​មាន​កម្ពស់​០.៥០​ម៉ែត្រ​(​ធនធានទឹក​)​