​ការិយាល័យ​ច្រកចេញចូល​តែមួយ​ខេត្តស្វាយរៀង​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​

107
ចែករម្លែក

​វ៉ៃ​កូ​/​ខេត្តស្វាយរៀងៈ​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែមួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​រមាសហែក​។​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីក្រោមឱវាទ​ខេត្ត​និង​ប្រជាពលរដ្ឋ​សរុប​វត្តមាន​១៤៤​នាក់ ។​

លោក​អភិបាលខេត្ត​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ក្រុមប្រឹក្សា​ស្រុក​គណៈ​អភិបាលស្រុក​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ចូលរួមចំណែក​នៅក្នុង​កា​រ​ជួយ​គាំទ្រ​សហការ​និង​សម្របសម្រួល​។​លោក​បាន​បន្តថា​ការបង្កើតឡើង​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ​នេះ​គឺមាន​ទិសដៅ​ដើម្បី​លើកកម្ពស់​ការផ្ដល់សេវា​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​ចាំបាច់​និង​ជាប្រចាំ​។​

ការផ្ដល់សេវា​ទាំងនោះ​អាចអនុវត្ត​ដោយ​ប្រសិទ្ធភាព​ដោយ​រដ្ឋបាល​ស្រុក​សំដៅ​ធ្វើ​ឱ្យុ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​កាន់តែ​ងាយស្រួល​ឆាប់រហ័ស​និង​មាន​តម្លាភាព​ព្រោះថា​ការិយាល័យ​នេះ​គឺជា​ទីតាំង​ប្រមូលផ្ដុំ​ការផ្ដល់សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ​ដែល​នឹង​បង្ក​ភាពងាយស្រួល​បំផុត​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​មក​ទទួល​សេវា​នានា​ដោយ​មិនចាំបាច់​ត្រូវ​ស្វែងរក​សេវា​នៅ​ច្រើន​កន្លែង​ដែលនាំឱ្យ​ខាតបង់​នូវ​ពេលវេលា និង​ធនធាន ។​

លោក​អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​និង​បុគ្គលិក​បម្រើការ​ងារ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ត្រូវមាន​អាកប្បកិរិយា​ទន់ភ្លន់​សាមញ្ញ​រួសរាយ​រាក់ទាក់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ក្រមសីលធម៌​វិជ្ជាជីវៈ​ស័ក្ដិ​សមជា​អ្នកផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ព្រមទាំង​អនុវត្ត​តួនាទី​ភា​កិច្ច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធានា​ឲ្យ​ការផ្តល់សេវា​ដំណើរការ​ប្រកបដោយ​តម្លាភាព​និង​គណនេយ្យភាព​ស្របតាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បានកំណត់​៕S/​