កុំ​ប្រើ​ផលិតផល Spring SINUS និង Nuobisong Tube 15g ព្រោះ​ជា​ផលិតផល​គ្មាន​ច្បាប់​

164
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដាច់ដោយឡែក​ពីគ្នា​ចំនួន ២ អះអាងថា ផលិតផល​ឱ​សថ​ឈ្មោះ Spring SINUS ដែល​ប្រកាស​លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ថ្នាំ​ព្យាបាល អាលែកហ្ស៊ី និង ផលិតផល​ឈ្មោះ Nuobisong Tube 15g ដែល​លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ គ្រី​ម​បំបាត់មុន និង ស្នាម គឺជា​ផលិតផល​គ្មាន​លេខ​បញ្ជិកា និង គ្មាន​ការទទួលស្គាល​ពី​ក្រសួងសុខាភិបាល ហើយ​ថែមទាំង​ផ្សព្វផ្សាយ​ភូតកុហក​ថា បំបាត់​ស្នាម​គ្រប់​ប្រភេទ ប្រសិទ្ធភាព​ក្នុង​រយៈពេល ៧ ថ្ងៃ ខណៈ Spring SINUS ផ្សព្វផ្សាយ​កុហក​បោកប្រាស់​ហួស​ពី​ការណ៍​ពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ដូចជា ឈឺក្បាល ហ៊ឹង​ត្រចៀក ព្រិល​ភ្នែក និង ទឹកសម្បោរ​ហូរ​ច្រើន​ជាដើម ។​


​សេចក្តីប្រកាស​ដដែល​នេះ​ពន្យល់ថា យោ​ង​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ឱសថ និង គ្រឿងសម្អាង​គ្រប់​ប្រភេទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​លេខ​ប្រវេទន៍ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងអស់នេះ ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។​


​សេចក្តីប្រកាស​ទាំង ២ បន្ថែមថា ដើម្បី ចៀសវាង​ការខាតប់ង​ប្រាក់កាស និង ប៉ះពាល់​ដល់សុខភាព អាចឈាន​ដល់​ការស្លាប់​បាត់បង់​ជីវិត អ្នកប្រើប្រាស់​ទៀត​នោះ សូម​សាធារណជន​មេត្តា​កុំ​ជឿ​ការផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ ផលិតផល​ទាំង ២ ប្រភេទ​ខាងលើនេះ​ជាបន្ទាន់ ហើយ​ថា ក្រសួងសុខាភិបាល​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ចំពោះ​ម្ចាស់គណនី ហ្វេ​ស​ប៊ុ​ក ទាំង ២ ខាងលើនេះ ដែល​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ និងគ្រឿងសម្អាង គ្មាន​ច្បាប់​អនុញ្ញាត​ទាំងនេះ ។​


​ក្រសួងសុខាភិបាល​សង្ក​ត់​ធ្ងន់​ថា ករណី​ឃើញ​បុគ្គល​ណា​ផ្សព្វផ្សាយ​លក់​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​រពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ។​


​ជា​ញឹកញាប់ ក្រសួងសុខាភិបាល បានប្រកាស​ហាម​ផ្សព្វផ្សាយ​លក់ និង ប្រើប្រាស់​ផលិតផល​នេះ គ្រឿងសម្អាង ឬ ឱសថ​នោះ ដោយ​អះអាងថា​ជា​ផលិតផល​គ្មាន​ច្បាប់​អនុញ្ញាត ជាការ​ផ្សព្វផ្សាយ​បំផ្លើស​ហួស​ការណ៍​ពិត ហើយ ថា​នឹង​ចាត់វិធានការ​តាមច្បាប់​ប្រឆាំង​អ្នក​នាំចូល និង លក់​ផលិតផល​ទាំងនោះ ហើយ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ក្រើនរំឭក​ម្តង​ហើយ​ម្តង​ទៀតថា​ចំពោះ​ផលិតផល ជាពិសេស​គ្រឿងសម្អាង អាហារ​បំប៉ន និង ឱសថ​នានា ដែល​ប្រកាស​លក់​តាម​អន​ឡាញ គួរតែ​ចៀសវាង​ការទិញ និង ប្រើប្រាស់ ព្រោះ​ភាគច្រើន​គឺជា​ផលិតផល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល និង គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ឡើយ ដែល​បានសេចក្តីថា មាន​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​អ្នកប្រើប្រាស់ ហើយ​ថា ប្រសិនបើ​ត្រូវ​ការទិញ កិច្ចការ​ដំបូង​ដែល​ត្រូវធ្វើ​មិនអាច​រំលង គឺ​សួររក​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ៕ Kh/Ha