ត្រាំបញ្ចប់ការអនុគ្រោះពាណិជ្ជកម្មសម្រាប់ហុងកុងនិងគាំទ្រទណ្ឌកម្មលើធនាគារ

319
ចែករម្លែក

ប្រធានាធិបតីអាម៉េរិក​លោកដូណាល់ ត្រាំ​បាននិយាយកាលពីថ្ងៃអង្គារទី១៤កក្កដាថា​លោកនឹងបញ្ចប់ការអនុគ្រោះពាណិជ្ជកម្មសម្រាប់ទីក្រុងហុងកុង​ហើយបានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មលើ​ធនាគារនានាជុំវិញការគៀបសង្កត់របស់ចិនលើទីក្រុងហុងកុង។

នៅក្នុងសន្និសីទសារព័ត៌មាន លោកត្រាំបានប្រកាសថា​ខ្លួនគាត់ផ្ទាល់កាន់តែតឹងតែង​ខ្លាំង​ជាងពេលណាៗទាំងអស់លើប្រទេសចិន​ រួមទាំងការប្រព្រឹត្ដរបស់ចិន​លើមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ខ្លួន។

លោកត្រាំបាននិយាយនៅក្នុងសេតវិមានថា “ឥឡូវនេះហុងកុងនឹងត្រូវចាត់ទុកដូច​ចិនដីគោកដែរ ដោយគ្មានឯកសិទ្ធិពិសេស គ្មានការអនុគ្រោះសេដ្ឋកិច្ចពិសេស និង គ្មានការនាំចេញនូវបច្ចេកវិជ្ជារសើបនោះឡើយ”។

លោកត្រាំបានបន្ថែមថា “សេរីភាពរបស់ពួកគេត្រូវបានគេដកហូត សិទ្ធិរបស់ពួកគេ​ត្រូវបានគេដកចេញ។ តាមគំនិតរបស់ខ្ញុំ ជាមួយការដកហូតសេរីភាពបែបនេះ អ្នកហុងកុងនឹងចាកចេញ ពីព្រោះហុងកុងនឹងមិនអាចប្រកួតប្រជែងជាមួយ​ទីផ្សារសេរីដទៃបានទេ។ មនុស្សជាច្រើននឹងចាកចេញពីហុងកុង”។

លោកត្រាំនិយាយថា​លោកបានចុះហត្ថលេខាលើច្បាប់ស្តីពីស្វ័យភាពហុងកុង​ដែលបានអនុម័តដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងសភា​ខណៈរបបក្រុងប៉េកាំងជំរុញចេញច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងនៅក្នុងទីក្រុងហុងកុង។

ច្បាប់ថ្មីរបស់សហរដ្ឋអាម៉េរិកអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីចិននិងប៉ូលិសហុងកុងដែលត្រូវគេមើលឃើញថាកំពុងរារាំងដល់ស្វ័យភាពរបស់ទីក្រុង​ហើយសំខាន់បំផុតគឺធនាគារណាដែលធ្វើប្រតិបត្តិការសំខាន់ៗជាមួយពួកចិនដីគោក៕ ដោយ៖ កញ្ញាដាលីស/hA

លោកត្រាំចុះហត្ថលេខាលើច្បាប់ថ្មីស្តីពីស្វ័យភាពហុងកុងកាលពីថ្ងៃអង្គារ