ចៅក្រមតុលាការកំពូលអាម៉េរិកអាយុ ៨៧ ឆ្នាំ ចូលសម្រាកនៅមន្ទីរពេទ្យ, លោកស្រីជាអ្នករឹតត្បិតអំណាចរបស់ប្រធានាធិបតីរាប់ទសវត្សរ៍

145
ចែករម្លែក

តុលាការបាននិយាយកាលពីថ្ងៃអង្គារទី១៤កក្កដាថា ចៅក្រមតុលាការកំពូលមួយរូបរបស់សហរដ្ឋអាម៉េរិក លោកស្រី រូត បាឌ័រ ជីនស្បឺក អាយុ ៨៧ ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារឆ្លងមេរោគសង្ស័យមួយ។

លោកស្រីជីនស្បឺកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចនហប់ឃីននៅទីក្រុងបាល់ទីម័រកាលពីព្រឹកថ្ងៃអង្គារបន្ទាប់ពីបានទៅមន្ទីរពេទ្យវ៉ាស៊ីនតោនជាប្រចាំដោយមានអាការៈគ្រុនក្តៅនិងញាក់។

តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកស្រីបានទទួលការវះកាត់ដោយប្រើកាំរស្មីអ៊ិចដើម្បីសម្អាតបំពង់ទឹកប្រមាត់ដែលត្រូវបានដាក់កាលពីខែសីហា។

សេចក្តីរាយការណ៍បានបន្ថែមថាលោកស្រីជីនស្បឺកកំពុងសម្រាកដោយផាសុកភាពហើយនឹងស្នាក់នៅមន្ទីរពេទ្យរយៈពេលពីរបីថ្ងៃដើម្បីទទួលការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិក។

ជាអ្នកសេរីភាពម្នាក់ក្នុងចំណោមអ្នកសេរីនិយម ៤ នាក់នៃចៅក្រមតុលាការកំពូលទាំង ៩ រូប សុខភាពរបស់លោកស្រីជីនស្បឺកត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ស្របពេលរដ្ឋបាលត្រាំកំពុងស្វះស្វែងរកឱកាសដើម្បីតែងតាំងចៅក្រមតុលាការកំពូលថ្មីមួយរូប ដែលនឹងបង្វែរភាពរឹងមាំរបស់តុលាការទៅរកទិសដៅរបស់ពួកអភិរក្សនិយម ដែលអាចនឹងផ្លាស់ប្តូរច្បាប់អាម៉េរិកនិងនយោបាយសង្គមជាច្រើនទសវត្សរ៍មកនេះ។

ចៅក្រមតុលាការកំពូលធ្វើការរហូតដល់ស្លាប់ឬចូលនិវត្តន៍ដោយស្ម័គ្រចិត្តហើយលោកស្រីជីនស្បឺកនៅតែរក្សាការងាររបស់គាត់ទោះបីជាលោកស្រីមានអាយុជ្រេយ៉ាងណាក៏ដោយ ដោយដឹងថាប្រសិនបើលោកស្រីចាកចេញ វាអាចផ្លាស់ប្តូរទិដ្ឋភាពយុត្តិធម៌របស់អាម៉េរិក។

រួមគ្នាជាមួយប្រធានតុលាការជាអ្នកកណ្តាលនិយម គឺលោកចន រ៉ូបឺត ដែលដើរតួជាអ្នកបោះឆ្នោតរេឆ្វេងស្តាំ ចៅក្រមសេរីនិយមទាំង៤នាក់បានរារាំងការកែប្រែសិទ្ធិរំលូតកូនដែលមានជាយូរមកហើយ អំណាចប្រតិបត្តិកាន់តែខ្លាំងសម្រាប់ប្រធានាធិបតី និងការចូលរួមកាន់តែច្រើននៃសាសនានៅក្នុងជីវភាពសាធារណៈ។

នៅពេលគេសួរនៅក្នុងសន្និសីទកាសែតនៅសេតវិមានអំពីលោកស្រីជីនស្បឺក លោកត្រាំបានបញ្ជាក់ថាលោកមិនបានដឹងព័ត៌មាននេះទេ។

លោកបាននិយាយថា “ខ្ញុំសូមជូនពរឱ្យលោកស្រីមានសុខភាពល្អបំផុត។ តាមពិតលោកស្រីបានផ្តល់ឱ្យខ្ញុំនូវសេចក្តីសម្រេចចិត្តល្អៗមួយចំនួន”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី រូត បាឌ័រ ជីនស្បឺក ចៅក្រមតុលាការកំពូលអាម៉េរិក អាយុ ៨៧ ឆ្នាំ