វ៉ាក់សាំងកូវីដ១៩ដំបូងបំផុតរបស់អាម៉េរិកបង្ហាញប្រសិទ្ធភាពខ្ពស់ ឥឡូវកំពុងឈានដល់ដំណាក់កាលធ្វើតេស្តផ្តាច់ព្រ័ត្រ

4038
ចែករម្លែក

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃអង្គារទី១៤កក្កដាថា វ៉ាក់សាំងកូវីដ១៩ដំបូងគេ ដែលសាកល្បងនៅសហរដ្ឋអាម៉េរិក បានកែលម្អប្រព័ន្ធភាពស៊ាំរបស់មនុស្សដូចអ្វីដែលអ្នកវិទ្យាសាស្រ្តបានសង្ឃឹម ខណៈវ៉ាក់សាំងនេះកំពុងត្រៀមចាប់ផ្តើការធ្វើតេស្តសំខាន់ចុងក្រោយ។

លោកវេជ្ជបណ្ឌិត អានថូនី ហ្វូស៊ី ជាអ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាលអាម៉េរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា “មិនថាអ្នកយល់យ៉ាងណានោះទេ នេះជាដំណឹងល្អ”។

វ៉ាក់សាំងពិសោធន៍ ដែលត្រូវបានបង្កើតឡើងដោយសហសេវិករបស់លោកហ្វូស៊ីនៅវិទ្យាស្ថានជាតិសុខភាពនិងក្រុមហ៊ុន Moderna Inc. នឹងចាប់ផ្តើមជំហានដ៏សំខាន់បំផុតរបស់ខ្លួននៅថ្ងៃទី ២៧ ខែកក្កដានេះ នោះគឺការសិក្សាលើមនុស្ស៣ម៉ឺននាក់ដើម្បីសបញ្ជាក់ថាតើវ៉ាក់សាំងនេះពិតជាខ្លាំងគ្រប់គ្រាន់ដើម្បីការពារប្រឆាំងនឹងកូវីដ១៩បានឬអត់។

ប៉ុន្តែកាលពីថ្ងៃអង្គារក្រុមអ្នកស្រាវជ្រាវបានរាយការណ៍អំពីលទ្ធផលដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារអំពីអ្នកស្ម័គ្រចិត្តចំនួន ៤៥ នាក់ដំបូង ដែលបានទទួលវ៉ាក់សាំងសាកល្បងកាលពីខែមីនា។ ប្រាកដណាស់វ៉ាក់សាំងបានផ្តល់នូវការជំរុញដល់ប្រព័ន្ធភាពស៊ាំគួរជាទីរំពឹង។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេសថ្មី ថា អ្នកស្ម័គ្រចិត្តដំបូងគេទាំងនោះបានបង្កើតនូវអ្វីដែលគេហៅថាការបន្សាបអង្គបដិប្រាណនៅក្នុងចរន្តឈាមរបស់ពួកគេ ពោលគឺជាម៉ូលេគុលគន្លឹះក្នុងការទប់ស្កាត់ការឆ្លងមេរោគ នៅក្នុងកម្រិតមួយអាចប្រៀបធៀបបានទៅនឹងកម្រិតម៉ូលេគុលដែលរកឃើញចំពោះមនុស្សដែលបានរួចជីវិតពីកូវីដ១៩។

លោកស្រីវេជ្ជបណ្ឌិត លីហ្សា ជែកសុន មកពីវិទ្យាស្ថានស្រាវជ្រាវកៃហ្ស័រភើម៉ាណង់តេវ៉ាស៊ីនតោន ក្នុងទីក្រុងស៊ីអាថល ដែលដឹកនាំការសិក្សានេះ បាននិយាយថា “នេះគឺជាការកសាងប្លុកដ៏ចាំបាច់មួយដែលត្រូវការដើម្បីឆ្ពោះទៅមុខជាមួយនឹងការសាកល្បងដែលអាចកំណត់បានថាតើវ៉ាក់សាំងនេះអាចការពារប្រឆាំងនឹងការឆ្លងកូវីដ១៩បានឬអត់៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំងកូវីដដំបូងគេរបស់អាម៉េរិកឈានដល់ការធ្វើតេស្តផ្តាច់ព្រ័ត្រ