គួរតែ​គិតពី​សុវត្ថិភាព និង​សុខភាព ជាជាង​លុយ​!

152
ចែករម្លែក

​ក្នុងពេល​អញ្ជើញ​ពិនិត្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម និង​សំណេះសំណាល ជាមួយ​ប្រជាកសិករ ជា​អ្នក​ចិញ្ចឹម​ត្រី កង្កែប ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ នៅ​ខេត្តព្រៃវែង កាលពីព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានប្រកាស​ព្រមានមិនអោយ​មាន​ខារ៉ាអូខេ លួច​បើក​ជ្រក​ក្រោម​ផ្លាក «​ភោជនីយដ្ឋាន​» ឡើយ​។​

​បើ​នៅតែ​ផ្គើន​បើក​ដំណើរការ​អាជីវកម្ម​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ KTV ដោយ​មិន​កែសម្រួល​ជាភោជនីយដ្ឋាន ដែល​បំពាន​ទៅនឹង​បម្រាម​របស់​រាជរដ្ឋាភិបាល នោះអាជ្ញាធរ​សមត្ថកិច្ចនឹង​ចុះ​បិទ​អាជីវកម្ម​ទាំងនោះ​។​
​ ​
​ស្ថិតិ​អាជីវកម្ម សេវា​កម្សាន្ត ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ នៅ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ គឺ​ខារ៉ាអូខេ រង្គសាល – ឌី​ស្កូ​តែ​ក បៀ​រហ្គា​ឌិន នៅក្នុង​រាជធានីភ្នំពេញ មាន​ចំនួន ១៣៨ ទីតាំង និង​មាន​បុគ្គលិក​សរុប ៤.៥៨៨​នាក់​។ ក្នុងនោះ ប្រភេទ​សេវាកម្ម​ខារ៉ាអូខេ មាន​ចំនួន ៩៦ ទីតាំង និង​បុគ្គលិក​សរុប ៣.១៣៨ នាក់​។ ប្រភេទ​សេវាកម្ម រង្គសាល – ឌី​ស្កូ​តែ​ក មាន​ចំនួន ២៨ ទីតាំង មាន​បុគ្គលិក សរុប ១.១៥៨ នាក់​។ ប្រភេទ​សេវាកម្ម បៀ​រហ្គា​ឌិន មាន​ចំនួន ១១ ទីតាំង មានបុគ្គលិក សរុប ២៩២​នាក់​។ ចំណែក​អាជីវកម្ម សេវាកម្ម​ស្ប៉ា និង​ម៉ាស្សា នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ១២៣ ទីតាំង មាន​ចំនួន ៩៣១​គ្រែ និង​មាន​បុគ្គលិក ២.៣០៧ នាក់​។ ចំពោះ​អាជីវកម្ម បារ​បារាំង ឬ ផាប់ ដែលមាន​នៅក្នុង​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន មាន​ជាង ១០០ ទីតាំង​។​
​ ​
​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​រាជធានី​ខេត្ត បានអនុញ្ញាតឲ្យ​ម្ចាស់​អាជីវកម្ម ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ បើក​ដំណើរការ​ឡើងវិញ បន្ទាប់​បិទទ្វារ​ជាបណ្តោះអាសន្ន​កាលពី​ខែមីនា ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ តែ​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់នោះ ត្រូវ​ប្រែក្លាយទៅជា ភោជនីយដ្ឋាន វិញ​។​
​ ​
​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើ​សេចក្តីជូនដំណឹង ដែល​បានបញ្ជាក់​ច្បាស់​ហើយ​ថា ម្ចាស់អាជីវកម្ម បើ​គាត់​ចង់​បើក​ដំណើរ​ឡើងវិញ ត្រូវ​ប្តូរ​ទៅជា​ភោជនីយដ្ឋាន ដោយ​ដាក់ពាក្យ​ស្នើសុំ នៅ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ក្នុងនោះ ក៏មាន​ម្ចាស់​អាជីវកម្ម​ក្លិប កម្សាន្ត និង​ខារ៉ាអូខេ KTV មួយចំនួន បានដាក់​ពាក្យស្នើសុំ ប្រែក្លាយជា​ភោជនីយដ្ឋាន បណ្តើរៗ​ហើយ​។​
​ ​
​ក៏ប៉ុន្តែ​ក៏មាន​ម្ចាស់​អាជីវកម្ម ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ​ខ្លះ មានការ​ភាន់ច្រឡំ និង​ខ្លះទៀតបន្លំ​តែម្តង ដោយ​គ្រាន់តែ​ឃើញផ្លាស់ប្តូរ​អក្សរ ផ្លាក​ឈ្មោះ​ពី «​ក្លិប​កម្សាន្ត ឬ KTV ខារ៉ាអូខេ​» ទៅជា «​ភោជនីយដ្ឋាន​» តែ​អ្វីៗ នៅ​ដូចដើម​។ ពោលគឺ​បន្ទប់​ច្រៀង​ខារ៉ាអូខេ កន្លែង​រាំច្រៀង និង​នារី​កំដរ នៅ​កៀកកើយ​ដដែល​ទាំងអស់​។​
​ ​
​ក្នុងនោះ គេ​សង្កេតឃើញ មាន​ក្លឹប​កម្សាន្ត ខារ៉ាអូខេ និង​ភោជនីយដ្ឋាន ដែល​បង្កប់​ខារ៉ាអូខេ បាន​បើក​ដំណើរការ​យ៉ាង​ព្រោងព្រាត​ឡើងវិញ​ដដែល ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

​ជាក់ស្តែង កាលពី​នៅ​យប់​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​ខណ្ឌចំការមន​បាន​ចុះ ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ខារ៉ាអូខេ ចំនួន​២​កន្លែង ស្ថិតនៅ​ផ្លូវ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដោយ​ទីតាំង​ខារ៉ាអូខេ​ទាំងនោះ បាន​បិទ​ផ្លាក​មុខ​ហាង ជាភោជនីយដ្ឋាន និង​បើក​ភ្លើងពណ៌ បើក​ដំណើរការ​យ៉ាង​ព្រោងព្រាត​ឡើងវិញ តែ​ខាងក្នុង គឺជា​ខារ៉ាអូខេ ដូច​ពេលកន្លងមក​ដដែល​។ ពោលគឺ​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត​ទាំងនោះ មាន​អ្នក​បម្រើការ ភាគច្រើន​ជានា​រី​រាប់រយ​នាក់ និង​ភ្ញៀវ​ជាច្រើន​ទៀត​។ អាជ្ញាធរ បាន​តម្រូវអោយ​គិតលុយ និង​អោយ​ភ្ញៀវ​ចេញ ហើយ​ផ្អាក​ខារ៉ាអូខេ​នោះ បណ្តោះអាសន្ន​តែម្តង​។​
​ ​
​អាជ្ញាធរ បាន​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត ផ្អាក​ដំណើរ​ជា​បណ្ដោះអាសន្ន ដោយ​តម្រូវអោយ​ស្នើសុំ និង​កែសម្រួល អោយទៅជា​ភោជនីយដ្ឋាន ដោយ​ត្រូវមាន​លិខិត អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រឹមត្រូវ​។​
​ ​
​អាជ្ញាធរ បាន​ព្រមាន​ថា ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ ឬ KTV មិន​អនុវត្តតាម​ការណែនាំ និង​នៅតែ​បើក​ដំណើរការ ដោយ​បំពាន​ទៅនឹង​បម្រាម​ទៀត នោះអាជ្ញាធរនឹង​ដកហូតយក​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ទាំងស្រុង​តែម្តង​។​

​ជាការ​ពិត បើ​អ្នករកស៊ី គឺ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ ឬ KTV​រួមទាំង​អ្នកបម្រើ​ការងារ ពិសេស​នារីៗ គិតតែ​ពី​លុយ​ពេក ក៏​មិនកើត​ឡើយ​។ គួរតែ​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ សមត្ថកិច្ច ទម្រាំ​នឹង​ស្ងប់​ជំងឺ​កូ​វីដ​វិញ ព្រោះថា បើ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ គឺ​មិន​ត្រឹម​តែមួយហាង​នោះទេ គឺ​ក្នុងសង្គម​យើង​ទាំងមូល នឹង​ឆ្លង​រាលដាល ពិបាក​នឹង​គ្រប់គ្រង ព្យាបាល​ជា មិន​ខាន​។​
​ ​
​លុយ និង​ការងារ នរណា​ក៏ត្រូវ​ការ នរណា​ក៏​ចង់បាន​ដែរ​។ តែបើ​បាន​លុយ​មាន​ការងារ​ធ្វើហើយ តែ​បែរជា​ធ្លាក់ខ្លួន​ឈឺ ដោយសារតែ​ការធ្វេសប្រហែស ឆ្លង​ជំងឺ​ក៏​កាច​សាហាវ​នេះនោះ តើ​លុយ​ពី​ការ​ចំណេញ​បើកហាង​ខារ៉ាអូខេ ឬ KTV ក្លិប​កម្សាន្ត ឬ​ពី​ការបម្រើ​ភ្ញៀវ​នោះ តើ​អាចមើលជំងឺ​បានដែរ​ឬទេ​? កាលណា​មាន​សុខភាព​ល្អ នោះ​ក៏​អាចធ្វើ​ការងារ និង​រកលុយ​បានដែរ​។ តែបើ​ធ្លាក់ខ្លួន​ឈឺ គឺ​មិន​ត្រឹមតែ​មិនអាច​ធ្វើ​ការងារ រកលុយ​ទេ តែ​ក៏ត្រូវ​អស់​លុយ​មើលជំងឺ​ថែមទៀត​៕ ដោយ​៖ ម៉េង​ឆៃ​/Ha