ឆ្នាំ​២០២២ កម្ពុជា នឹង​រៀបចំ​ការប្រកួត​ល្បុក្កតោ pre-sea games

150
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅថា Camsoc និង​ជា​អនុប្រធាន​សហព័ន្ធ កីឡា​គុន​ល្បុក្កតោ​កម្ពុជា ផងដែរ​នោះ បាន​ឲ្យ​ដឹងថា ដើម្បី​សម្រួច​គោលដៅ ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ប្រភេទ​កីឡា​គុន​ល្បុក្កតោ មាន​ការងារ​ច្រើនណាស់ ដែល​ត្រូវធ្វើ​បន្តទៀត ពីព្រោះ​គុន​ល្បុក្កតោ គឺជា​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិ​ទាំងមូល​។​

លោក វ៉ា​ត់ ចំរើន

​លោក​បាន​និយាយថា​៖ «​ក្នុង​ការដាក់​ប្រភេទ​កីឡា ប្រពៃណីជាតិ​កម្ពុជា ក្នុង​ស៊ី​ហ្គេម ២០២៣ នេះ មានការ​លំបាក​បន្តិច ដើម្បី​បញ្ចុះបញ្ចូល ឲ្យ​ប្រទេស​មួយចំនួន ហ្វឹក​ហាត់គុន​ល្បុក្កតោ ទើប​យើង​អាច​រៀបចំ​ការប្រកួត​បា​ន​។ យើង​ត្រូវ​ទៅ​បង្រៀន​គេ អំពី​ច្បាប់ បទបញ្ជា នៃ​ការប្រកួត ដើម្បី​ឲ្យ​គេ​ចេះ​ពី​បច្ចេកទេស ក្នុងការ​ប្រកួតប្រជែង ជាមួយ​យើង​។ ចាប់ពីពេលនេះ​តទៅ យើង​ត្រូវ​ត្រៀម​រៀបចំ បទបញ្ជា​ការប្រកួត ក្នុង​កម្រិត​អន្តរជាតិ ដោយ​ពិនិត្យ​លើ គោលការណ៍​លើ​ប្រភេទ​កីឡា​ប្រយុទ្ធ មួយចំនួន​របស់​អន្តរជាតិ ក៏ដូចជា គោលការណ៍ នៃ​ការប្រកួត​ស៊ី​ហ្គេម​»​។​

​លោក​អគ្គលេខា Camsoc បាន​បន្ថែមទៀតថា​៖ នៅ​ឆ្នាំ​២០២២ កម្ពុជា​នឹង​រៀបចំ​ការប្រកួត Pre-SEA Games (​មុន​ការប្រកួត​ផ្លូវការ​) ដែល​ឲ្យ​តែ​ប្រភេទ​កីឡា​ថ្មី ត្រូវ​រៀបចំ​ការប្រកួត Pre-SEA Gam es នេះ ដែលជា​គោលការណ៍​រប​ស់​ស៊ី​ហ្គេម​។ អ្វី​ដែលជា​កង្វល់​របស់​យើង បច្ចុប្បន្ន គឺ​គុណភាព​កីឡាករ កីឡាការិនី របស់​យើង ដែល​យើង​គឺជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ក្បាច់គុន គឺ​យើង​ត្រូវតែ​ប្រឹងប្រែង ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ឆន្ទៈ​ដ៏​មោះមុត ជាពិសេស គឺ​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​សម្រួច​គោលដៅ ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្ដើម មេដាយ​ជូន​ជាតិ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

លោក អ៊ុក សិទ្ធិ​ជាតិ

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ឲ្យ​ដឹង អំពី​ការស្នើសុំ​ការឧបត្ថម្ភ លើ​ការរៀបចំ​កិច្ចប្រជុំ ក្នុង​កម្រិត​អាស៊ីអាគ្នេយ៍ ដើម្បី​រៀនសូត្រ​ពីគ្នា​ផង ការប្រកួតប្រជែង និង​ផ្សព្វផ្សាយ​ផង ពី​ប្រភេទ​កីឡា​គុន​ល្បុក្កតោ របស់​កម្ពុជា​យើង ទៅកាន់​ប្រទេស​មួយចំនួន នៅក្នុង​អាស៊ីអាគ្នេយ៍ ដែល​ទទួលយក ការហ្វឹកហាត់ គុន​ល្បុក្កតោ ដូចជា​ប្រទេស​វៀតណាម ហ្វីលីពីន ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ជាដើម ដែល​យល់ព្រម​ជួយ ដល់​គុន​ល្បុក្កតោ ក្នុង​ការរៀបចំ​ការប្រកួត ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​សូមបញ្ជាក់ថា ជា​ចក្ខុវិស័យ និង​គោលការណ៍​រួម របស់​សហព័ន្ធ កីឡា​គុន​ល្បុក្កតោ​កម្ពុជា គឺ​រួមគ្នា​អភិរក្ស និង​អភិវឌ្ឍ​គុន​ល្បុក្កតោ ដែលជា​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ វប្បធម៌​ជាតិ ព្រលឹង​ជាតិ និង​ក៏​ជា​កីឡា​អត្តសញ្ញាណ​ជាតិ ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់ លោក​បណ្ឌិត ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងមកនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ និង​ទិសដៅ​អនុវត្ត​បន្ត ក្នុង​ឆ្នាំ​២០២០​។​

លោក​បណ្ឌិត ច័ន្ទ សារុន

​លោក​បាន​មានប្រសាសន៍ ដោយ​ស្នើសុំ​ការយោគយល់ ពី​ព្រឹទ្ធាចារ្យ និង​លោកគ្រូ អ្នកគ្រូ សិស្ស​គុន​ល្បុក្កតោ​ទាំងអស់ ឲ្យ​យក​ស្មារតី​ជាតិ ស្មារតី​ព្រលឹង​ដូនតា មក​តម្កល់​ឲ្យ​ខ្ពស់ បង្រួបបង្រួម​គ្រួសារ គុន​ល្បុក្កតោ ឲ្យ​មានការ​ឯកភាព ជា​ធ្លុង​មួយ ក្នុងការ​ពង្រឹងស្មារតី សាមគ្គីភាព​ផ្ទៃក្នុង ចាប់ពីពេលនេះ​តទៅ ដើម្បី​ជោគជ័យ នៃ​គុន​ល្បុក្កតោ ក្នុង​ដំណើរ​ឆ្ពោះទៅ SEA Games ឆ្នាំ​២០២៣៕​v