កម្មវិធី VIET SOLUTIONS ៖ ឱកាសសម្រាប់អាជីវកម្ម Startups បែបថ្មីផ្នែកបច្ចេកវិទ្យា​ហិរញ្ញវត្ថុ

115
ចែករម្លែក

ឱកាសក្លាយជាដៃគូជាមួយ ក្រុមហ៊ុន Viettel Group ជាមួយនឹងការបែង​ចែក​ប្រាក់ចំណេញរហូតដល់ ៧៥ ភាគរយ។

•ឱកាសនេះផ្តល់ជូនជ័យលាភីចំនួន៣រូបដើម្បីចូលរួមពានរង្វាន់Cup C1 Start-up ​នៅសហរដ្ឋអាមេរិក ជាមួយនឹងរង្វាន់ជាទឹកប្រាក់សរុប ៥ម៉ឺនដុល្លារអាមេរិក ឬចូលរួមក្នុងសន្និបាតទូរស័ព្ទពិភពលោក (MWC) ប្រចាំឆ្នាំនៅបាសេឡូណា។

ដោយៈសុផល/ភ្នំពេញ៖ កម្មវិធី Viet Solutions 2020 កំពុងស្វែងរកផលិតផល បច្ចេកវិទ្យា ហិរញ្ញវត្ថុបែបនវានុវត្តន៍ ឬដំណោះស្រាយដែលមាន លក្ខណៈច្នៃ ប្រឌិត និងអាចធ្វើសមាហរណកម្មទៅក្នុងឧស្សា​ហកម្មសង្គម។ការប្រកួតប្រជែងនេះ ត្រូវបាន រៀបចំឡើងដោយក្រសួងព័ត៌មាននិងគម​នា​គមន៍របស់វៀតណាមនិងក្រុមហ៊ុន Viettel Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនមិត្តហ្វូន​។

ជាមួយនឹងគំនិតទស្សនវិជ្ជាទៅលើសញ្ញាបូក “+” ដូចដែលបានឃើញនៅក្នុងឡូហ្គោ កម្មវិធី Viet Solutions មានគោលបំណងបញ្ជ្រាបនិងជះឥទ្ធិពលពេញលេញ​នូវ​សញ្ញា​(+)ដោ​យអត្ថន័យរបស់វាបង្ហាញការចូលរួមរបស់សហគមន៍ជាធ្លុងមួយ ដើម្បីស្វែងរក​ដំណោះស្រាយ និងជួយដោះស្រាយបញ្ហាដែលកើតមាននៅក្នុងប្រទេសនានា។ ការ​បង្កើ​តសង្គមបែបឌីជីថលសម្រាប់អនាគតដ៏ល្អប្រសើរមួយ។ជាពិសេស Viettel ជា​ក្រុម​ហ៊ុនឈានមុខគេក្នុងការ “បង្កើត​សង្គមបែបឌីជីថល” និងផ្តល់បរិយាកាសនិងជា​ថ្នាល​ដែល​អនុញ្ញាតឱ្យផលិតផលនិងដំណោះស្រាយឲ្យមានការអភិវឌ្ឍឡើង។

ការប្រកួតប្រជែងនេះ គឺបើកគ្រប់បេក្ខជនទាំងអស់ មិនថា ជាក្រុម អង្គការ ឬ ក្រុមហ៊ុន​មកពីប្រទេសណាមួយនោះទេ។បេក្ខជនមិនត្រឹមតែមានឱកាសភ្ជាប់ទំនាក់ទំនង​ជាមួយ​ដៃគូដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចចូលរួមវគ្គបណ្តុះបណ្តាល​ដែល​រៀបចំដោយអ្នកជំនាញ ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដើម្បីនិយាយពីការប្តេជ្ញា​ចិត្តសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្ម។

លោកLe Dang Dzung អគ្គនាយកនៃក្រុមហ៊ុនViettel Groupបានថ្លែងថា៖​«Viett​e​l​ ប្តេជ្ញាចាប់ដៃគូជាមួយអ្នកគ្រប់គ្នា ដែលផលិតផលរបស់គេត្រូវបានជ្រើសរើស​តាមរយៈ​ការប្រកួតប្រជែងនេះ។ ភាពជាដៃគូនឹងត្រូវបានលើកកម្ពស់ ដោយដាក់ប្រតិបត្តិការនៅ​ក្នុងប្រទេសចំនួន ១១ របស់ក្រុមហ៊ុន Viettel ដែលមានប្រជាជនជិត៣៣០ លាននាក់​និងហេដ្ឋារចនាសម្ព័ន្ធទូរ​គមនាគមន៍ទូលំទូលាយ។ Viettel ក៏ផ្តល់ការគាំទ្រក្នុង​ការកែ​លម្អផលិតផលតាមស្តង់ដារអន្តរជាតិ។ លើសពីនេះទៀតម្ចាស់ជ័យលាភីនឹងត្រូវបាន​អនុញ្ញាតឱ្យចូលរួមសន្និបាតទូរស័ព្ទពិភពលោក(MWC)ប្រចាំឆ្នាំនៅទីក្រុង​បាសេឡូ​ណា ប្រទេសអេស្ប៉ាញ​ដើម្បីទទួលបានចំណេះដឹងបន្ថែមពីសាជីវកម្មបច្ចេកវិទ្យា​ឈាន​មុខគេនៅលើពិភពលោក»។

ការប្រកួតប្រជែងទទួលយកផលិតផលនិងដំណោះស្រាយគ្រប់វិស័យទាំងអស់រួមមានដំណោះស្រាយលើកម្មវិធីទូរស័ព្ទដូចជាមាតិកាហ្គេម តន្ត្រី វីដេអូ ព័ត៌មាន ពហុ​ព័ត៌​មា​ន​និងឧបករណ៍ប្រើប្រាស់ កម្មវិធី OTT កម្មវិធីបណ្តាញសង្គម ដំណោះស្រាយ​ក្នុងវិស័យ​វេជ្ជសាស្ត្រ ការអប់រំ ហិរញ្ញវត្ថុនិងធនាគារ កសិកម្ម ដឹកជញ្ជូននិងភស្តុភារកម្មថាមពល ធនធានធម្មជាតិ និងបរិស្ថាន ផលិតកម្មឧស្សាហកម្ម -ល-។បេក្ខជននឹងទទួល​បានការ​​គាំទ្រការដុះខាត់ជំនាញសំខាន់ៗដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ និងមូលនិធិ។

ជ័យលាភីលេខ១នឹងទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធជាង៨.៥០០ដុល្លារសហរដ្ឋអាម៉េរិក។ ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ នឹងទទួលបានសាច់ប្រាក់ចំនួនជាង ៤,០០០ ដុល្លារសហរដ្ឋអាមេរិកនិង២០០០ដុល្លារសហរដ្ឋអាមេរិករៀងៗខ្លួនថែមទៀត។លើស​ពី​នេះក្រុមឈ្នះអាចទទួលបានឱកាសចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Viettel Group ដោយទទួលបានប្រាក់ចំណេញរហូតដល់៧៥%។ក្រុមហ៊ុនViettel សន្យា​ឧប​ត្ថម្ភ​១០០​ភាគរយនៃការចំណា​យ​សម្រាប់ក្រុមឈ្នះទាំង ៣ ដើម្បីចូលរួមការប្រកួតC1 Start-up Cup នៅសហរដ្ឋអាមេរិកដែលមានប្រាក់រង្វាន់នឹងមានតម្លៃសរុប ៥ ម៉ឺន​ដុល្លារអាមេរិក ឬចូលរួមសន្និបាតទូរស័ព្ទពិភពលោក (MWC) ឆ្នាំ ២០២១ នៅទីក្រុង​បាសេឡូណា ( ផ្អែកលើស្ថានភាពនៃជំងឺរាតត្បាត Covid-19) ។

សម្រាប់ព័ត៌មានបន្ថែម អំពីល័ក្ខខណ្ឌ និងដំណើរការចុះឈ្មោះ លោកអ្នកអាច​ស្វែង​រក​តាមរយៈគេហទំព័រ៖ http://vietsolutions.net.vn/ ៕PH