ការសិក្សាបង្ហាញថា ទារកនៅក្នុងស្បូនអាចឆ្លងកូវីដ១៩ពីម្តាយ

176
ចែករម្លែក

ក្រុមគ្រូពេទ្យនៅប្រទេសបារាំងបានពិពណ៌នានូវអ្វីដែលពួកគេនិយាយថាជាករណីបញ្ជាក់ដំបូងបង្អស់នៃទារកទើបនឹងកើត បានឆ្លងកូវីដ១៩នៅក្នុងស្បូនម្តាយ។

ក្រុមគ្រូពេទ្យបារាំងបានរាយការណ៍នៅក្នុងទស្សនាវដ្តី Nature Communications ថា ទារកដែលកើតនៅខែមីនាបានទទួលរងការហើមខួរក្បាលនិងរោគសញ្ញាប្រព័ន្ធប្រសាទទាក់ទងនឹងកូវីដ១៩ចំពោះមនុស្សពេញវ័យ ប៉ុន្តែចាប់តាំងពីពេលនោះមកបានជាសះស្បើយវិញហើយ។

អ្នកនិពន្ធជាន់ខ្ពស់ឈ្មោះ ដានីញែល ដេលូកា ជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Antoine Beclere ក្បែរទីក្រុងប៉ារីសបាននិយាយថា ការស្រាវជ្រាវពីដំបូងបានចង្អុលបង្ហាញពីការចម្លងវីរុសកូរ៉ូណាពីម្តាយទៅទារកក្នុងផ្ទៃ ប៉ុន្តែការស្រាវជ្រាវថ្មីនេះបានបង្ហាញភស្តុតាងរឹងមាំលើកដំបូង។

គាត់បាននិយាយថា “យើងបានបង្ហាញថាការចម្លងមេរោគពីម្តាយទៅទារកក្នុងសុកគឺអាចធ្វើទៅបានអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ”។

កាលពីសប្តាហ៍មុនអ្នកស្រាវជ្រាវនៅប្រទេសអ៊ីតាលីបាននិយាយថាទិន្នន័យស្តីពីស្ត្រីមានផ្ទៃពោះ ៣១ នាក់ដែលចូលមន្ទីរពេទ្យជាមួយជំងឺកូវីដ១៩ បានលើកឡើងយ៉ាងខ្លាំងថា វីរុសនេះអាចឆ្លងទៅទារកមិនទាន់កើត៕ ដោយ៖ កញ្ញាដាលីស

ទារកអាចកើតកូវីដ១៩នៅក្នុងស្បូនម្តាយ