អ្នក​សហគមន៍​កំពុង​កែប្រែ​ទេសចរណ៍​តំបន់​អន្លង់​ព្រីង​ឱ្យមាន​សកម្មភាព​ពេញៗ​មួយឆ្នាំ​

136
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ដោយ​ធ្លាប់មាន​សកម្មភាព​ត្រឹមតែ​ប្រាំ​មួយខែ​ក្នុង​មួយឆ្នាំៗ សម្រាប់​ការ​គយគន់​ពពួកសត្វ​ក្រៀល​អ្នក​សហគមន៍​កំពុង​ព្យាយាម​កែប្រែ​ទេសចរណ៍​បែប​ធម្មជាតិ​តំបន់​អន្លង់​ព្រីង ឱ្យមាន​ភាពរស់រវើក​ពេញៗ​រយៈពេល​១២​ខែ តាមរយៈ​ការបង្កើតឡើង​នូវ​កញ្ចប់​សេវាកម្ម​សំខាន់ៗ​បី​ផ្នែក​ជា​ចម្បង​។​

​សូម​រំលឹកថា បឹង​អន្លង់​ព្រីង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ​ព្រែក​ក្រឹស និង​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ តំបន់​នេះ​តែងមាន​វត្តមាន​សត្វ​ក្រៀល​ចន្លោះ​ពី​ខែធ្នូ ដល់​ខែឧសភា​រៀងរាល់ឆ្នាំ​ទើប​ធ្វើឱ្យ​ទេសចរ ពិសេស​ភ្ញៀវ​បរទេស​នាំគ្នា​មក​កម្សាន្ត​អំឡុងពេល​៦​ខែ​នោះ​។​

​លោក​សូត្រ ឡាំង ប្រធាន​ផ្នែក​ទេសចរណ៍​នៃ​សហគមន៍​បឹង​អន្លង់​ព្រីង​បាន​រៀបរាប់ថា​កន្លងមក សកម្មភាព​ទេសចរណ៍​មាន​រយៈពេល​តែ​ប្រាំ​មួយខែ​នៃ​វត្តមាន​សត្វ​ក្រៀល​ពី​ខែធ្នូ ដល់​ខែឧសភា​ប៉ុណ្ណោះ​។ ប៉ុន្តែ អំឡុងពេល​ចុងក្រោយ​នេះ តាមរយៈ​ការជួយ​គាំទ្រ​ពី​អង្គការ បឺដ​ឡៃ​ហ្វ​(Bird Life) និង​អាជ្ញាធរ​ពាក់ព័ន្ធ សហគមន៍​បានដាក់​ចេញ​នូវ​កញ្ចប់​ទេសចរណ៍​បី រួមមាន ដំណើរ​ទស្សនកិច្ច​បែប​ធម្មជាតិ វប្បធម៌ និង​ម្ហូបអាហារ​។

​លោក​ប្រធាន​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ស​ហគ​មន៍​មាន​កង់​ចំនួន​២០ និង​គោយន្ត​មួយគ្រឿង​សម្រាប់​ភ្ញៀវ​ជិះ​កម្សាន្ត ក៏ដូចជា​ទស្សនាការ​ត្បាញកន្ទេល មួក សកម្មភាព​ធ្វើ​នំ​ប​ញ្ជុ​ក បិតស្រា​ដែលជា​កេរដំណែល​មរតក​វប្បធម៌​ខ្មែរ​។ ជាមួយ​នោះ ភ្ញៀវ​ក៏​អាច​កម្មង់​បាន​នូវ​ម្ហូបចំណី​ដើម្បីឱ្យ​អ្នកភូមិ​ធ្វើ​បម្រុង​ទុក​មុនពេល​ដំណើរ​មកដល់​ផងដែរ​។ សកម្មភាព​នេះ​បាន​ដំណើរការ​បណ្តើរៗ​កាលពីដើមឆ្នាំ​២០២០ តែដោយសារ​វ​ត្តិ​ជំងឺ​កូ​វីដ​១៩ ទើប​មាន​ភាពស្ងប់ស្ងាត់​ទៅវិញ​។ ពាក់ព័ន្ធ​នឹង​វត្តមាន​នៃ​សត្វ​ក្រៀល​វិញ លោក​សូត្រ ឡាំង​បាន​ប្រាប់​ឱ្យដឹងថា​នា​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ សត្វ​ក្រៀល​ដែល​បានមក​ស្នាក់ និង​រក​ចំណី​ក្នុង​ដែន​បឹង​អន្លង់​ព្រីង​មាន​១០៣​ក្បាល​។ បរិមាណ​នេះ​បាន​ថយ​ចុះបើ​ប្រៀបធៀប​នឹង​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​ដែលមាន​ចំនួន​១២៧​ក្បាល​នោះ​។ នេះ​អាចមកពី​កង្វះ​ចំណីអាហារ ហើយ​កន្លងមក​ក៏មាន​ការរំខាន​ពី​កសិករ​ម្ចាស់​ស្រែ​ដេញ​បង្អើល​ព្រោះតែ​ការចុះ​ស៊ី​ស្រូវ​អ្នកភូមិ​ក្បែរ​នោះ​។ ដោយសារ​ករណីនេះ អង្គការ​បឺដ​ឡៃ​ហ្វ​(Bird Life) បានផ្តល់​ថិ​កា​ជាង​ពីរម៉ឺន​ដុល្លារ​សម្រាប់​រយៈពេល​១០​ឆ្នាំ​ក្នុង​ការជួល​ដី និង​ធ្វើស្រែ​ស្រូវ​ដើម្បី​ទុកឱ្យ​ពពួកសត្វ​ក្រៀល​បាន​ស៊ី​ជា​ចំណី​។​

​សូមបញ្ជាក់ថា​ដើម្បី​បាន​ដល់​រមណីយដ្ឋាន​អន្លង់​ព្រីង អ្នកដំណើរ​ស្ថិត​លើ​ដង​ផ្លូវជាតិ​លេខ​៣៣ ក្នុងទិសដៅ​កំពត​-​កំពង់ត្រាច​ត្រូវ​បន្ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៣១ រួច​បង្ហួស​តាមផ្លូវ​ទៅ​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​ប្រហែល​៥០០​ម៉ែត្រ បត់​ចុះទៅ​ផ្នែក​ខាងស្តាំ​។ ធ្វើដំណើរ​លើផ្លូវ​លំ​ប្រមាណ​ប្រាំ​គីឡូម៉ែត្រ ភ្ញៀវ​ទាំងឡាយ​នឹង​ប្រទះឃើញ​ផ្ទៃ​បឹង​ល្ហល្ហេវ​ស្ថិតក្រោម​មើលថែ​ពី​សំណាក់​ហគ​មន៍​ការពារ​អន្លង់​ព្រីង និង​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តកំពត​៕ ល​