តារាចម្រៀងតៃវ៉ាន់ ស្តែលឡា ចាង ទទួលបានប្រាក់ ៥៤ លានដុល្លារពីការលែងលះឱ្យដាច់ស្រឡះពីប្តី

210
ចែករម្លែក

បន្ទាប់ពីការប្រកាសអំពីការលែងលះរបស់នាងកាលពីថ្ងៃទី ២២ ខែមិថុនា តារាចម្រៀងតៃវ៉ាន់នាង ស្តែលឡា ចាង នឹងទទួលបានប្រាក់ចំនួន ១,៦ ពាន់លានដុល្លារតៃវ៉ាន់ (៥៤,៣៧ លានដុល្លារអាម៉េរិក) ជាថ្នូរនឹងការលែងលះឱ្យដាច់ស្រឡះពីអតីតស្វាមីរបស់នាងគឺម្ចាស់ធនាគារ លោក ស៊ុង សេចិន។

ចំនួននេះគឺរាប់បញ្ចូលទាំងសាច់ប្រាក់សុទ្ធ ភាគហ៊ុន និងវីឡាផងដែរ។

នាងស្តែលឡានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាងនិងប្តីលែងលះគ្នាដោយសារមិនចុះសម្រុងនឹងគ្នា។ បណ្តាញសារព័ត៌មានតៃវ៉ាន់ថ្មីៗនេះបានរាយការណ៍ថាហេតុផលរបស់នាងសម្រាប់ការលែងលះនេះគឺដោយសារតែនាងលែងស្គាល់អ្វីជាខ្លួននាងកាលពីមុន និង ក្លាយជាអ្នកដទៃនៅក្នុងគ្រួសារ។

របាយការណ៍ដទៃទៀតលើកឡើងថាលោកស៊ុងចាត់ទុកកូនប្រុសទាំងពីរនិងអាជីពជាអាទិភាពសំខាន់របស់គាត់ ហើយនាងស្តែលឡាត្រូវតែទទួលបានការអនុញ្ញាតពីគាត់ជាមុនសិនមុននឹងធ្វើអ្វីមួយ។ ទន្ទឹមកូនប្រុសរបស់ពួកគេភាគច្រើនរស់នៅឯក្រៅប្រទេសនិងលោកស៊ុងខ្វល់តែពីការងាររបស់គាត់ នាងស្តែលឡាបានសម្រេចចិត្តដាក់ពាក្យសុំលែងលះ។

អ្នកទាំងពីរបានរៀបការក្នុងឆ្នាំ ២០០៥ ៕ ដោយ៖ កញ្ញាដាលីស