​កីឡាវាយកូនគោល នឹង​បើក​អោយមាន ការប្រកួត​ឡើងវិញ​

110
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​កីឡា វាយកូនគោល ឬ​ការប្រកួត​ដណ្តើម ពានរង្វាន់​កីឡា វាយកូនគោល ដែល​កន្លងមក បាន​ផ្អាក​ដំណើរការ​នោះ ពេលនេះ ត្រូវបាន​រាជរដ្ឋាភិ បាល អនុញ្ញាតឱ្យ​រៀបចំ ការប្រកួត​វិញ​ហើយ ប៉ុន្តែ​ត្រូវ​រក្សា​គោលការណ៍ ការពារ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ។​

(រូបថតៈ ឯកសារ)

​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួងទេសចរណ៍ ដែល​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា នោះ បានឱ្យដឹងថា ម្ចាស់ និង​អ្នកគ្រប់គ្រង ទីលាន​វាយកូនគោល អាច​រៀបចំ​ជា​ព្រឹត្តិការណ៍ ឬ​ការប្រកួត​ដណ្តើម ពាន​រង្វាន់ កីឡាវាយកូនគោល ឡើងវិញ ជា​ជំហានៗ ប៉ុន្តែ​មិន​អនុញ្ញាត ឱ្យមាន​ចំនួន​កីឡាករ និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត ច្រើន​លើសពី ១០០ នាក់ ក្នុងពេល​តែមួយ និង​មិន​អនុញ្ញាត ឱ្យមាន​ទស្សនិកជន ចូល​ទស្សនា​នោះឡើយ ។​

​ជាមួយគ្នានេះ រាល់​ការរៀបចំ​ព្រឹត្តិការណ៍ និង​ការប្រកួត ត្រូវគោរព​តាម និយាម​បច្ចេក​ទេស ដើម្បី​ធានា​សុវត្ថិភាព ដូចជា​បាញ់​ទឹក​អាល់កុល សម្លាប់​មេរោគ នៅ​ច្រកចូល និង​ត្រួតពិនិត្យ​កម្តៅ បុគ្គលិក​បម្រើការ កីឡាករ មុន​អនុញ្ញាត​ឱ្យចូល ក្នុង​បរិវេណ​ទីលាន វាយកូនគោល និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ស្របតាម​ការណែនាំ​រប​ស់ ក្រសួងសុខា​ភិបាល យ៉ាងតិច ១,៥០ ម៉ែត្រ និង​ធ្វើការ​សម្អាត​សម្ភារ ឧបករណ៍​វាយកូនគោល ទាំងអស់ ជាមួយ​ទឹក​អាល់កុល ជាប្រចាំ មុន​អំឡុងពេល និង​ក្រោយពេល ប្រើប្រាស់ ដើម្បី​សម្លាប់​មេរោគ និង​ហាម​ចាប់ដៃ ស្វាគមន៍ ដោយ​ជំនួស​ការ លើកដៃ​សំពះ​គ្នា ទៅវិញទៅមក​។​

(រូបថតៈ ឯកសារ)

ក្រសួងទេសចរណ៍ ក៏បាន​ណែនាំ​ឱ្យ​បុគ្គលិក​បម្រើការ​ទាំងអស់ ត្រូវ​ពាក់​ម៉ាស់ ឱ្យបាន​ត្រឹមត្រូវ គ្រប់ពេលវេលា និង​ធ្វើការ​ត្រួតពិនិត្យ ជូត​សម្អាត​សម្ភារ​ឧបករណ៍ វាយកូន គោល​ទាំងអស់ ជាមួយ​ទឹក​អាល់កុល មុនពេល​ដាក់ចូល ទៅក្នុង​រថយន្ត​វាយកូនគោល (Golf Cart)​។​

​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា រាល់​ទីលាន​វាយកូនគោល ត្រូវ​អនុវត្តតាម​វិធាន និង​ការណែនាំ​របស់ ក្រសួងសុខាភិបាល ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ក្នុងការ​ទប់ស្កាត់ ការចម្លង​ជំងឺ​កូ​វីដ​-១៩ រលក​ទី​២៕​v