ស្ត្រី​ទុយ​នី​ស៊ី​ជាប់គុក​ពី​បទ​ប្រមាថ​សាសនា​ដោយសារ​សរសេរថា ” កូវី​ដ​១៩-​កូរ៉ា​ន “

214
ចែករម្លែក

​ស្ត្រី​ទុយ​នី​ស៊ី​វ័យក្មេង​ម្នាក់​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦ ខែ​ពី​បទ​ប្រមាថ​សាសនា​ដោយសារ​បាន​សរសេ​រ​បង្ហោះ​លើ​ហ្វេ​សប៊ុក ដែល​ទាក់ទង​នឹង​គម្ពីរ​កូរ៉ា​ន​និង​ជំងឺ​កូ​វីដ​១៩ ។​

​តុលាការ​ទុយ​នី​ស៊ី​បាន​រកឃើញ ស្ត្រី​ឈ្មោះ អេម​ណា ចា​គ្រី អាយុ​២៧​ឆ្នាំនេះ មាន​ពិរុទ្ធ​ពី​បទ​ប្រមាថ​សាសនា​និង​ការ​ញុះញង់​ឱ្យ​ស្អប់ ដោយ​បាន​ផ្សព្វផ្សាយ​គំនិត​រិះគន់​កាលពី​ថ្ងៃទី​៤​ខែ​ឧសភា​ដែលមាន​ចំ​​ណង​ជើង​ថា​Corona Surah ដែល​យក​លំនាំ​និង​និយាយ​សំដៅ​ទៅ​រក​គម្ពីរ​កូរ៉ា​ន​ទាក់ទង​នឹង​ជំងឺឆ្លង​នេះ​។​

​ឃ្លា​មួយ​នៃ​ការ​បង្ហោះ​នេះ​សរសេរ​ថា​”​មិន​មាន​ភាពខុសគ្នារ​វាង​ស្តេច​និង​ទាសករ​ទេ​។​ធ្វើ​តាម​វិទ្យាសាស្ត្រ​ហើយ​មិន​អើពើ​នឹង​ប្រពៃណី​” ។​

​នាង​អេម​ណា ចា​គ្រី ក៏​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​៧៥០​ដុល្លារ​ផង​ដែរ តែ​នាង​មាន​ពេល​១០​ថ្ងៃ​ដើម្បី​បណ្តឹង​ឧទ្ធរណ៍​។​

​ដោយ​បង្ហាញ​ខ្លួន​ជាមួយនឹង​ការ​ពាក់អាវ​យឺត​ក្រហម​ភ្ជាប់​រូប​ជន​បដិវត្តន៍​ឆេ ហ្គេ​វ៉ា​រ៉ា នាង​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​នាង​នឹងដាក់​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការកាត់ទោស​ដែល​មិន​សម​ហេតុផល​នេះ​។​

​នាង​បាន​និយាយថា “​នៅក្នុង​ប្រទេស​ដែល​មាន​សេរីភាព​ដែល​រដ្ឋធម្មនុញ្ញ​ធានា​សេរីភាព​នៃ​ការបញ្ចេញមតិ​…​និង​សិទ្ធិ​របស់​ស្ត្រី ពួកគេ​ថ្កោលទោស​ខ្ញុំ​ដែល​ជា​ស្ត្រី​ម្នាក់​មាន​សិទ្ធិសេរីភាព​តាម​ជំនឿ​របស់​ខ្ញុំ​”​។​

​គិត​រហូត​មកដល់ពេលនេះ ប្រទេស​ទុយ​នី​ស៊ី មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ចំនួន​៥០​នាក់ និង មាន​អ្នក​ឆ្លង​វីរុស​នេះ​ជាង​១.៣០០​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាង​អេម​ណា ចា​គ្រី មាន​ពេល​១០​ថ្ងៃ​ដើម្បី​បណ្តឹង​ឧទ្ធរណ៍​