កាសែត​ញូវយ៉ក​ថែមស៍​របស់​អាម៉េរិក ដក​បុគ្គលិក​មួយចំនួន​ចេញពី​ហុងកុង​ដោយសារ​ច្បាប់​សន្តិសុខ​ថ្មី​

198
ចែករម្លែក

​កាសែត​ញូវយ៉ក​ថែមស៍​(New York Times)​របស់​អាម៉េរិក នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែ​កក្កដា​បាន​និយាយថា​ខ្លួន​កំពុង​ដក​បុគ្គលិក​មួយចំនួន​របស់​ខ្លួន​ចេញពី​ក្រុង​ហុងកុង​ទៅ​ប្រទេស​កូរ៉េខាងត្បូង ដោយសារ​​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ក្រុង​ប៉េកាំ​ង​បាន​ដាក់​លើ​ទីក្រុង​នេះ​កាលពី​ខែ​មុន និង​ដោយសារ​មាន​បញ្ហា​ទិដ្ឋាការ​។​

​នេះ​គឺជា​ការផ្លាស់ប្តូរ​ជា​លើកដំបូង​ដោយ​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ចាប់តាំងពី​ប្រទេស​ចិន​បាន​អនុម័ត​ច្បាប់​សន្តិសុខ​របស់​ខ្លួន​កាលពី​ចុងខែ​មុន ដែលនាំឱ្យ​បង្កើន​ការគ្រប់គ្រង​របស់​ខ្លួន​លើ​ទីក្រុង​​ពាក់កណ្តាល​ស្វយ័ត​នេះ​។​

​នៅក្នុង​សារ​អ៊ីមែល​ទៅកាន់​ក្រុម​បុគ្គលិក​របស់​ខ្លួន​នោះ នាយក​ប្រតិបត្តិ​កាសែត​ញូវយ៉ក​ថែមស៍​នេះ​បាន​និយាយថា​ច្បាប់​សន្តិសុខ​ថ្មី​នេះ​បាន​បង្កើត​ភាពមិនប្រាកដប្រជា​ជាច្រើន​អំពី​អ្វី​ដែល​ច្បាប់​​ថ្មី​នេះ​នឹង​មាន​ន័យ​យ៉ាងណា​ដល់​ប្រតិបត្តិការ​និង វិជ្ជាជីវៈ​សារព័ត៌មាន​របស់​យើង​។​យើង​គិតថា​វា​ជា​ការប្រយ័ត្នប្រយែង​ជាមុន​ក្នុង​ការបង្កើត​ផែនការ​ហើយ​ចាប់ផ្តើម​ផ្លាស់ប្តូរ​កែប្រែ​ទៅ​លើ​បុគ្គលិក​ផ្នែក​​និពន្ធ​របស់​យើង​នៅ​ជុំវិញ​តំបន់​”​។​

​កាសែត​នេះ​មាន​ទីស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​នៅ​ទីក្រុង​ហុងកុង​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដោយ​ធ្វើ​សេចក្តីរាយការណ៍​នៅ​តំបន់​អាស៊ី​នេះ​។​

​កាសែត​ញូវយ៉ក​ថែមស៍​នេះ បាន​និយាយថា​ខ្លួន​នឹង​ដក​ក្រុម​បុគ្គលិក​ផ្នែក​ព័ត៌មាន​របស់​ខ្លួន​ហែល​១​ភាគ​៣​នៃ​បុគ្គលិក​ទាំងអស់​របស់​ខ្លួន​នៅ​ក្រុង​ហុងកុង​នេះ ទៅ​កាន់​ក្រុង​សេ​អ៊ូ​ល​នៅ​ឆ្នាំក្រោយ​។​

​របាយការណ៍​របស់​កា​សែត​នេះ​បាន​និយាយថា​ថ្មីៗ​នេះ​ខ្លួន​បាន​ប្រឈមមុខ​នឹង​បញ្ហា​នៃ​ការទទួល​បាន​ការអនុញ្ញាត​ការងារ​សម្រាប់​បុគ្គលិក​របស់​ខ្លួន​នៅ​ទីក្រុង​ហុងកុង​ដែល​ជា​អ្វី​ដែល​គេ​បាន​និយាយថា​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ប្រទេស​ចិន​ប៉ុន្តែ​វា​ជា​បញ្ហា​ដ៏​កម្រ​ឃើញ​នៅ​ទឹកដី​អតីត​អាណានិគម​នេះ​៕

កាសែត​ញូវយ៉ក​ថែម​ស៍មាន​ទីស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​នៅ​ទីក្រុង​ហុងកុង​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ